លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការចូលរួមរបស់កម្ពុជា តបតាមការអញ្ជើញរបស់លោក គីស៊ីដា ហ្វ៊ូមីអូ នាយករដ្ឋមន្ត្រីជប៉ុន។ អញ្ជើញអមដំណើរនាយករដ្ឋមន្ត្រីកម្ពុជារួមមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាមួយចំនួនផ្សេងទៀត។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូល លោក ហ៊ុន ម៉ាណែត នឹងមានជំនួបកំពូលទ្វេភាគីជាមួយលោក គីស៊ីដា ហ្វ៊ូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្ដីបារម្ភនិងផលប្រយោជន៍រួមផងដែរ។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្ត្រ ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល។
លោក ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយស្ដីពីអន្តរការណ៍ថាមពល និងជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ លោក ហ៊ុន ម៉ាណែត នឹងមានជំនួបអាហារការងារពេលព្រឹក ជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ បន្ថែមពីនេះលោកក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុនផងដែរ។
ប្រភពដដែលខាងលើបញ្ជាក់ថា ដោយឡែកពាក់ព័ន្ធកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុននឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និង ជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្តីពីមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការ អនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួន៣។ មូលបទទាំង៣នោះរួមមាន (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមនៃអនាគត និង (៣) ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព៕