​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ជាគោលការណ៍​នឹងដាក់​អនុវត្ត​សាកល្បង​ប្រព័ន្ធ​អេឡិចត្រូនិក​សលា​កប​ត្រ (Cambodia e-Arrival) ដែលជា​ប្រព័ន្ធ​បំពេញបែបបទ​ព័ត៌មាន​ផ្សេងៗ​មុន​ចូលមក​កម្ពុជា​នៅ​ដើមឆ្នាំ ២០២៤ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកដំណើរ​ជា​ជនបរទេស និង​ពលរដ្ឋ​ខ្មែរ​។

យោង​សេចក្តីជូនដំណឹង​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ជាគោលការណ៍​ឱ្យ​អនុវត្ត​សាកល្បង​ប្រព័ន្ធ​អេឡិចត្រូនិក​សលាក​ប​ត្រ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា មុនពេល​មកដល់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកដំណើរ​ជា​ជនបរទេស និង​ពលរដ្ឋ​ខ្មែរ ក្នុងការ​បំពេញបែបបទ​អន្តោប្រវេសន៍ បែបបទ​គយ និង​បែបបទ​សុខភាព ក្នុង​ទម្រង់​តែ 
​មួយ​។

សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ខាងលើនេះ ក្រសួងមហាផ្ទៃ នឹងដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​សលាក​ប​ត្រ​នេះ ឬ​ហៅ​ជា​ភាសា​អង់គ្លេស Cambodia e-Arrival Card នៅតាម​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​កំណត់​តំណ​ភ្ជាប់​ចូល ទៅកាន់​គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA)»​។

សម្រាប់​កម្មវិធី (CeA) មាននៅ​ក្នុង App Store និង Play Store នៅលើ​ទូរស័ព្ទដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត ដោយ​ចាប់ផ្តើម​អនុវត្ត​សាកល្បង​ចាប់ពី ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៤​។

ក្នុងដំណាក់កាល​អនុវត្ត​សាកល្បង​នេះ អ្នកដំណើរ​អាចមាន​ជម្រើស​ក្នុង​ការបំពេញ​ព័ត៌មាន តាម​ទម្រង់ ជា​អេឡិចត្រូនិក ឬ បំពេញ​ព័ត៌មាន​ក្នុង​សលាក​ប​ត្រ​អន្តោប្រវេសន៍ ប្រកាស​ព័ត៌មាន​គយ និង​សុខាភិបាល តាម​ទម្រង់​ជា​ក្រដាស​ក៏បាន​។ ក្រសួង​បញ្ជាក់ថា ចំពោះ​ការអនុវត្ត​ជា​ផ្លូវការ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤ តទៅ ដោយ​តម្រូវឱ្យ​អ្នកដំណើរ​ទាំងអស់​ត្រូវ​តែ​បំពេញ​ព័ត៌មាន​នៅក្នុង​ទម្រង់​អេឡិចត្រូនិក ដូច​បានកំណត់​ខាងលើ​។

បើតាម​ក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នេះ ក្រោម​គំនិត​ផ្ដួចផ្ដើម និង​ការដឹកនាំ​របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ប្រព័ន្ធ Cambodia e-Arrival នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ជា​អង្គភាព​សមត្ថកិច្ច​ទទួល​បន្ទុក​គ្រប់គ្រង​ប្រតិបត្តិ​ការជំនាញ​នេះ​។

ក្រសួងមហាផ្ទៃ​បញ្ជាក់ថា​៖ «​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រួល​ជូន​អ្នកដំណើរ​គ្រប់រូប ដែល​ចូលមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ភាពងាយស្រួល​ក្នុងការ​បំពេញបែបបទ​ទុកជាមុន ក្នុង​ទម្រង់​អេឡិចត្រូនិក​រួមគ្នា​តែមួយ​ដង​»៕​