អ្នកនាំពាក្យ ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់​ពីជំហរឥតងាករេ និងការប្តេជ្ញា​របស់ខ្លួន​ក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រង​ការបោះឆ្នោត​នៅក្នុងឆ្នាំ ២០២៤ ​ខាងមុខ ឱ្យទទួលបាន​ជោគជ័យ  ពិសេស​ស្របទៅតាមច្បាប់​កំណត់ជាធរមាន ដើម្បីបន្តលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍ​ប្រទេសជាតិតាមរយៈ​ការបោះឆ្នោតនៅ​កម្ពុជា។

 សេក្តីប្រកាសព័ត៌មាន​របស់អ្នកនាំពាក្យ​របស់គ.ជ.ប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣​បានបញ្ជាក់ថា បន្ទាប់ពីបាន​ប្រកាសចូលកាន់តំណែង កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សមាសភាព​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ថ្មី ត្រូវបន្តបេសកកម្ម​របស់ខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ​នៃកម្ពុជា ក្នុងការរៀបចំចាត់ចែង និងគ្រប់គ្រង​ការបោះ​ឆ្នោត​អសកលចំនួន​ពីរនៅក្នុង​ឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ និងការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមការកំណត់​នៃច្បាប់។ 

ប្រភពដដែល​នេះ បញ្ជាក់បន្ថែម​ថា៖«ដោយការប្ដេជ្ញាចិត្តរបស់សមាសភាព​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត​អាណត្តិ​ថ្មីនេះ រួមនឹងថ្នាក់ដឹកនាំ​នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងមន្រ្តីជំនាញ​គ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការ​លើការងារបច្ចេកទេស ប្រកបដោយ​បទពិសោធន៍ យើងមាន​ជំនឿយ៉ាងមុតមាំថា យើងនឹងរៀបចំ​ការបោះឆ្នោត​អសកល​ទាំងពីរនេះ ប្រកបដោយ​ជោគជ័យ ដូចការសន្យា​របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាឱកាសប្រកាស​ចូលកាន់​តំណែង»។ 

គជប ឱ្យដឹងថា៖«ពិតមែនហើយ បើទោះបីជាចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោត​ជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅបំពេញ​ភារកិច្ច តួយ៉ាងការធ្វើ​បច្ចុប្បន្នភាពបញ្ជី​បោះឆ្នោត​ប្រចាំឆ្នាំ ពង្រឹងស្ថាប័ន ការ​ងារ​អភិបាលកិច្ច និងការបង្កើនសមត្ថភាព​ដល់មន្រ្តី​ជំនាញគ្រប់​លំដាប់ថ្នាក់ ឱ្យបានសមស្រប​តាមតម្រូវការការងារ និងការរីក​ចម្រើននៃបច្ចេកវិទ្យាឌីជីថល​នៃឧស្សាហកម្ម ៤.០ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍​បច្ចុប្បន្ន ក៏ដូចជា​ទៅអនាគត សំដៅឆ្ពោះ​ទៅការរៀបចំ​ការបោះឆ្នោត​ជាសកល ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨»។

លោក សោម សូរីដា សមាជិក គ.ជ.ប អាណត្តិថ្មី នៅថ្ងៃទី១៦ ខែធ្នូនេះ ថ្លែង​បញ្ជាក់បន្ថែមថា៖«ការរប្រកាសជំហរ និងការប្តេជ្ញាចិត្ត​របស់គ.ជ.ប នេះ សំដៅដល់ការ​រៀបចំ ចាត់ចែង និងនិងគ្រប់ការ​បោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ហើយ កិច្ចការ​ទាំងអស់ យើងតម្រូវឱ្យ​មានការចូលរួម​ពីភាគី​ពាក់ព័ន្ធ និងលើកទឹកចិត្ត​ឱ្យមានការចូលរួម​ជាមួយគ.ជ.ប»។ 

លោក សំ គន្ធាមី នាយកអង្គការឃ្លាំមើល​ការបោះឆ្នោត​និកហ្វិក នៅថ្ងៃទី១៦ ខែធ្នូនេះ បានស្វាគមន៍​ចំពោះការប្តេជ្ញា និងបញ្ជាក់​ជំហររបស់គជបថ្មីនេះ ព្រោះជាអ្វី​ដែលប្រជាពលរដ្ឋ គណបក្ស​នយោបាយ និងអង្គការ​សង្គម​ស៊ីវិល ចង់បាន និងចង់ឃើញបំផុត។ លោកថា៖«ប៉ុន្តែ បើសិនជាគជបថ្មីនេះ ធ្វើមិនបានដូច​ការប្តេជ្ញាចិត្ត និង​ជំហរ​របស់ខ្លួនទេ គេនឹងអស់ជំនឿលើស្ថាប័ន​កំពូលមួយ​នេះ»។

ក្រោយពីការបោះឆ្នោត​ជ្រើសតាំង​សភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំ​ដោយអាជ្ញាធរបណ្តោះ​អាសន្ននៃអង្គការ​សហប្រជាជាតិ​ប្រចាំ​នៅកម្ពុជា ដែលហៅកាត់ថា “អ៊ុនតាក់” កម្ពុជាបានប្តេជ្ញាចិត្តរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត​ដោយខ្លួនឯងផ្ទាល់ សំដៅ​ធានាឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត ស្របតាម​គោលការណ៍​នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមាន​ចែងក្នុងរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា។ 

យោងតាមស្មារតីនេះ គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត ដែលជាស្ថាប័ន​ឯករាជ្យមួយ​ត្រូវបានបង្កើត​ឡើងនៅថ្ងៃ​ទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត​នានានៅ​កម្ពុជា។ គិតមកដល់​ពេលនេះ គជប បានរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត​ទាំងសកល ទាំងអសកល បានចំនួន ១៧ លើក រួចមកហើយ ដោយមានការចូលរួមរបស់​ប្រជាពលរដ្ឋដែលមាន​សិទ្ធិបោះឆ្នោត​យ៉ាងច្រើនលើសលប់ បើប្រៀបធៀប​ទៅនឹងប្រទេស​ប្រជាធិបតេយ្យ​ក្នុងតំបន់ និង​ពិភពលោក។

លទ្ធផលនេះ សបញ្ជាក់ឱ្យឃើញ​នូវឆន្ទៈ និងជម្រើស​របស់ប្រជាពលរដ្ឋ​កម្ពុជា ដែលជាម្ចាស់​ជោគវាសនា​នៃប្រទេសជាតិ​របស់ខ្លួន។ នេះបើតាម​សេចក្តីប្រកាស​ដដែល​ខាងលើ៕