លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់រដ្ឋបាលរាជធានី-ខេត្តទូទាំងប្រទេស ចាត់តាំងរៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យបានទូលំទូលាយ ជូនដល់ មន្ត្រីពាក់ព័ន្ធនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងសាធារណជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់រហ័ស និងឱ្យបានមុនច្បាប់ចូលជាធរមាន។
លោក ស សុខា បានស្នើបែបនេះអំឡុងពេលលោកអញ្ជើញអធិបតីពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលរៀបចំដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ និងដោយមានកិច្ចសហការពីអង្គការ Vital Strategies ព្រមទាំងអង្គការ Global Health Advocacy Incubator (GHAI) ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិ Bloomberg Philanthropies កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ។
នាឱកាសនោះ លោក ស សុខា បានបញ្ជាក់ថា ៖«អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ត្រូវផ្ដោតការយកចិត្តទុកដាក់ក្នុងការដឹកនាំ សម្របសម្រួលជាមួយអង្គភាពជំនាញពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈឱ្យបានល្អក្នុងការអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានកំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់»។
លោកបន្តថា ចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវផ្ដោតការយកចិត្តទុកដាក់បន្តសម្របសម្រួល សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំកិច្ចការអាទិភាពនានា ដូចជាការ ពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ឱ្យស្របទៅនឹងខ្លឹមសារ ដែលបានកំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋាន គតិយុត្តក្រោមច្បាប់ ព្រមទាំងត្រូវរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ឱ្យបានរួចរាល់មុនខែកក្កដា ឆ្នាំ២០២៤។
លោក ស សុខា ក៏ស្នើឱ្យពិនិត្យកែសម្រួលប្រព័ន្ធ និងនីតិវិធីផ្តល់សេវាចុះបញ្ជីអត្រានកូលដ្ឋាន ចុះបញ្ជីស្នាក់នៅ និងសេវា អត្តសញ្ញាណកម្មផ្សេងទៀត ដើម្បីធានាឱ្យការផ្តល់សេវាទាំងនេះកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងសិក្សាលទ្ធភាពក្នុងការរៀបចំការផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់ ពោលគឺថ្នាក់ឃុំ សង្កាត់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ខាងលើ បានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន២ គឺ១ ផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីខ្លឹមសារនៃច្បាប់នេះ និងទី២ ពិនិត្យ និងពិភាក្សាអំពីឱកាស បញ្ហាប្រឈម និងតម្រូវការនានា សម្រាប់ជាមូលដ្ឋានរៀបចំលិខិត បទដ្ឋានគតិយុត្តក្រោមច្បាប់ សំដៅធានាដល់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ គឺជាសកម្មភាពអាទិភាពមួយដែលមានភាពចាំបាច់ និងត្រូវអនុវត្តជាបន្ទាន់ ដើម្បីធានាបានថាច្បាប់នេះត្រូវបានអនុវត្តបានទាន់ពេលវេលាកំណត់ និងមានប្រសិទ្ធភាព។ ប្រភពដដែលបន្តថា សិក្ខាសាលានេះ បានធ្វើឱ្យសិក្ខាកាមយល់កាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃច្បាប់ ខ្លឹមសារសំខាន់ៗ និងទិសដៅជាអាទិភាព ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ ស្របតាមតួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធនីមួយៗ។ ទាំងនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦» របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបជូនថា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវចូលជាធរមាននៅរយៈពេល ១២ ខែ ក្រោយថ្ងៃប្រកាស ពោលគឺនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
ការដាក់ឱ្យអនុវត្តច្បាប់នេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្ម ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលអាចឆ្លើយតបកាន់តែល្អទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕