ភ្នំពេញៈ សំណើសុំប្រើប្រាស់ហ្វ្រេកង់ស៍ 6GHz (6425-7125MHz) សម្រាប់សេវាទូរស័ព្ទចល័តនៅកម្ពុជាត្រូវបានអនុម័តដោយកិច្ចប្រជុំនៅឯសន្និសីទស្តីពីវិទ្យុគមនាគមន៍ពិភពលោកឆ្នាំ ២០២៣ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)ដែលមានន័យថាកម្ពុជាអាចប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសរុប 700MHz បន្ថែមទៀត សម្រាប់សេវាទូរស័ព្ទចល័តដែលនឹងរួមចំណែកជំរុញដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ពីថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២៣។
តាមសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា លោក ជាង សុភ័ក្រ អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុនៃក.ប.ទ.បានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទស្តីពីវិទ្យុគមនាគមន៍ពិភពលោកឆ្នាំ២០២៣ (World Radiocommunication Conference - WRC 2023) របស់សហភាពទូរគមនាគមន៍អន្តរជាតិ(ITU)ដែលត្រូវបានរៀបចំទ្បើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE)។
សូមបញ្ជាក់ថា សន្និសីទ WRC-23 ជាកិច្ចប្រជុំសំខាន់មួយរបស់សហភាពទូរគមនាគមន៍អន្តរជាតិដែលជាអង្គការមួយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកវិស័យទូរគមនាគមន៍ដែលតែងរៀបចំទ្បើងរៀងរាល់៤ឆ្នាំម្តងដោយការិយាល័យវិទ្យុគមនាគមន៍នៃITUហើយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសជាសមាជិកសរុប១៨០ និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនផ្សេងទៀតមកពីជុំវិញពិភពលោកផងដែរ។
សន្និសីទនេះមានរបៀបវារៈពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួនរួមមានការរៀបចំគោលនយោបាយរួមស្តីពីការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសម្រាប់សេវាវិទ្យុគមនាគមន៍រយ:ពេល៤ឆ្នាំបន្តទៀតនិងកែសម្រួលបទប្បញ្ញត្តិវិទ្យុគមនាគមន៍និងការរៀបចំបែងចែកហ្វ្រេកង់ស៍វិទ្យុតាមរយ:ការស្នើពីរដ្ឋសមាជិកនានាស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើនផ្សេងទៀត។
នៅក្នុងសន្និសីទ WRC-23 នេះ លោក ជាង សុភ័ក្រ និងគណៈប្រតិភូ ក.ប.ទ. បានចូលរួមពិភាក្សាការពារសំណើកែប្រែនិងកំណត់ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុនានាដែលបណ្តាប្រទេសសមាជិករបស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកព្រមទាំងបានដាក់សំណើជាពិសេសដោយឡែកពហុប្រទេសរួមជាមួយប្រទេសមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការកំណត់ការប្រើប្រាស់បន្ទារហ្វ្រេកង់ស៍វិទ្យុ6GHzសម្រាប់សេវាទូរស័ព្ទចល័តព្រមទាំងចូលរួមតាមដាននិងពិភាក្សារាល់សំណើដែលលើកឡើងពីបណ្តាប្រទេសផ្សេងៗទៀត។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖«ជាលទ្ធផល សំណើប្រើប្រាស់ហ្វ្រេកង់ស៍ 6GHz (6425-7125MHz)សម្រាប់សេវាទូរស័ព្ទចល័តនៅកម្ពុជាត្រូវបានអនុម័តដោយកិច្ចប្រជុំដែលមានន័យថាកម្ពុជាអាចប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសរុប 700MHz បន្ថែមទៀតសម្រាប់សេវាទូរសព្ទចល័តជំនាន់ទី៥ និងទី៦»។
ប្រភពដដែលបានបន្តថា ក្រៅពីនេះលទ្ធផលសំខាន់ៗផ្សេងទៀតដែលសន្និសីទអនុម័តរួមមាន១-ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសម្រាប់សេវាទូរស័ព្ទចល័តដែលផ្តល់ដោយផ្ទាល់ពីផ្កាយរណបនិងស្ថានីយដែលបង្ហោះនៅរយ:កម្ពស់ខ្ពស់(២០គីឡូម៉ែត្រពីផែនដី)ដើម្បីបំពេញបន្ថែមតំបន់ដែលពុំមានសេវាទូរស័ព្ទចល័ត។ ២- ហ្វ្រេកង់ស៍វិទ្យុបន្ថែមសម្រាប់ផ្កាយរណបទូរគមនាគមន៍ជាពិសេសសម្រាប់បច្ចេកវិទ្យាIoTតាមផ្កាយរណបនិងផ្កាយរណបសម្រាប់ផ្តល់រូបភាពពីអាកាសនិង៣-នីតិវិធីនានាដើម្បីការពារសេវាដែលមានស្រាប់ពីការឆ្លងរំខានពីសេវាដែលត្រូវប្រើប្រាស់ថ្មី។
ក្រសួងប្រៃសណីយ៍បញ្ជាក់ថា៖«លទ្ធផលទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងក្របខ័ណ្ឌសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត ធ្លាប់បានលើកឡើងថា៖«វិសាលគមន៍ហ្វ្រេ
កង់ស៍វិទ្យុជាធនធានកម្ររបស់ជាតិមួយដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់ធនធានកម្រមួយនេះមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ផ្តល់ចំណូលជាតិនិងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាអតិបរមា»។
លោកបានថ្លែងថា ធនធានកម្ររបស់ជាតិនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលគាំទ្រយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មឌីជីថលតាមរយៈការប្រើប្រាស់ធនធានដ៏មានសារៈសំខាន់នេះក្នុងការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរស័ព្ទនិងអ៊ីនធឺណិតល្បឿនលឿន គាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាយន្តការសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា៕