កំពង់ឆ្នាំងៈ អង្គការស៊ីប៉ាគ្រោងបើកដំណើរការបណ្ណាល័យចល័តប្រភេទទូក ១ បន្ថែមទៀត នៅភូមិឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅខែមករា ឆ្នាំ ២០២៤ ខាងមុខ ដើម្បីពង្រឹកការអានដល់កុមារនិងអ្នករស់នៅតាមដងទន្លេសាបឱ្យកាន់តែទូលាយ បន្ទាប់ពីបានបើកបណ្ណាល័យប្រភេទនេះ ១ កន្លែងរួចមកហើយនៅស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង ។
លោក ខាំ ថាន ប្រធានកម្មវិធីបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាបានឱ្យដឹងថា អង្គការស៊ីប៉ារួមនឹងអ្នកគាំទ្រថវិកា គ្រោងនឹងបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្ណាល័យទូកចល័ត១បន្ថែមទៀត នៅឃុំផាត់សណ្តាយ នាខែមករា ឆ្នាំក្រោយ ដោយនៅទីនោះនឹងផ្ដល់ឱកាសដល់ប្រជាជនដែលកំពុងធ្វើការនិងរស់នៅតាមដងទន្លេសាបបានស្វែងយល់ពីប្រធានបទផ្សេងៗតាមរយៈការអានសៀវភៅពីបណ្ណាល័យចល័ត។
លោកខាំ ថាន បានថ្លែងថា ៖ «នៅក្នុងគម្រោងបណ្ណាល័យចល័តរបស់ស៊ីប៉ាគឺយើងមានគោលបំណងចង់បង្កើតទម្លាប់ការអាននៅក្នុងចំណោមកុមារនិងមនុស្សទូទៅដែលភាគច្រើនគាត់កំពុងតែរស់នៅតាមជនបទ តាមភូមិ សហគមន៍ផ្សេងៗឱ្យគាត់មានឱកាសនៅក្នុងការទទួលបានសៀវភៅនៅក្នុងការអាន ការសិក្សា តាមរយៈមធ្យោបាយចល័តរបស់យើងផ្សេងៗ»។
លោកបានបន្តថា៖ «ក្រៅពីសារៈសំខាន់នៃការអាន កុមារគាត់ទទួលបានការអប់រំផ្សេងៗទៀតទៅលើប្រធានបទផ្សេងៗ ដូចជា គាត់មានឱកាសនៅក្នុងការយល់ដឹងទៅលើផ្នែកសុវត្ថិភាពចរាចរណ៍ ការអប់រំផ្នែកបរិស្ថាន អនាម័យ សុខភាព អាហារូបត្ថម្ភ ហើយក៏យើងមានបញ្ចូលកម្មវិធីដូចជា Yoga អីផ្សេងៗ ដើម្បីជួយគាត់បន្ថែមទៅលើចំណេះដឹងទូទៅ»។
គួររំឭកដែរថា កាលពីខែកក្កដា ឆ្នាំ២០២០ អង្គការស៊ីប៉ាក៏ធ្លាប់បានបង្កើតបណ្ណាល័យចល័តប្រភេទទូក១ផងដែរ នៅក្នុងឃុំផ្លូវទឹក ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង ដើម្បីលើកកម្ពស់ការអានដល់អ្នកដែលរស់នៅតាមទន្លេសាប។
បើតាមលោក ខាំ ថាន នៅតាមបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ានីមួយៗមានសៀវភៅចម្រុះចន្លោះពី៥០០ក្បាលរហូតទៅដល់ ៣ ០០០ក្បាលដែលសៀវភៅទាំងនោះមានទៅតាមកម្រិតអាយុ តាមវ័យទាំងកុមារ ទាំងមនុស្សពេញវ័យដែលអាចជ្រើសរើសអានផ្ទាល់នៅពេលបណ្ណាល័យចល័តទៅដល់ទីតាំង។មួយទៀតគាត់អាចខ្ចីសៀវភៅជារៀងរាល់សបា្តហ៍ដើម្បីយកទៅអាននៅតាមផ្ទះនិងអាចផ្លាស់ប្តូរសៀវភៅថ្មីរៀងរាល់សប្តាហ៍បាន។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣នេះ បណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាមានចំនួន១៤ ដោយក្នុងនោះមានរថយន្តចល័តចំនួន ៩ គ្រឿង រ៉ឺម៉កPassappច្នៃជាបណ្ណាល័យចល័តចំនួន៣គ្រឿង បណ្ណាល័យទូកចំនួន១គ្រឿង និងបណ្ណាល័យម៉ូតូចំនួន ១គ្រឿង ដែលធ្វើដំណើរទៅកាន់ភូមិនិងសហគមន៍គោលដៅចំនួន១០៦ទីតាំង នៅក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៧នៅក្នុងប្រទេស
កម្ពុជា រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កណ្តាល កំពង់ឆ្នាំង សៀមរាប និងខេត្តរតនគិរី ដែលធ្វើការផ្ទាល់ជាមួយជនជាតិដើមភាគតិចទំពួន និងចារ៉ាយ រួមជាមួយនឹងខេត្តកំពង់ធំ ដែលត្រៀមនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៤ ទៅដល់អ្នកទទួលផលជាង១៧ ០០០នាក់ ៕កុសល សិរីកន្យា