ភ្នំពេញៈ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នៅចុងឆ្នាំ ២០២៤ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំ និងជោគជ័យមួយបន្ថែមទៀតនៃការជួបជុំមហាគ្រួសារគណបក្សនយោបាយនៅអាស៊ីតំណាងឱ្យ៥២ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីគណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដឹកនាំដោយលោក ជុង អ៊ីយ៉ុង ប្រធាន ICAPP បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១២-១៥ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិភាក្សាពីការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តិឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះលោក លោក ជុង អ៊ីយ៉ុង និងគណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹងប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន, លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធាន ICAPP និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ជុង អ៊ីយ៉ុង បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោក ហ៊ុន សែន ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងគំនិតផ្តួចផ្តើមគាំទ្រនិងពូនជ្រំកិច្ចសហប្រតិបត្តិការ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅអាស៊ី ចាប់ពីថ្ងៃបង្កើត ICAPP នៅឆ្នាំ២០០០ ដែលអង្គការនេះបានក្លាយជាវេទិកានយោបាយកាន់តែមានឥទ្ធិពល និងមានសារៈសំខាន់ចាំបាច់ ក្នុងសភាពការណ៍ពិភពលោកនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក ជុង អ៊ីយ៉ុង ថ្លែងថា៖«គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដឹកនាំស្ថាប័ន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដើម្បីការតភ្ជាប់វប្បធម៌ចម្រុះនៅអាស៊ី និងពិភពលោកតាមរយៈកិច្ចសន្ទនា ការយោគយល់គ្នា និងការគោរពគ្នា ជាពិសេសការបង្កើតភាពជាដៃគូជាមួយនឹងអង្គការ UNESCO»។
សូមបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់ ICAPP ដែលបានទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ដែលលើកទី១ គឺមហាសន្និបាត ICAPP លើកទី៦ នៅឆ្នាំ២០១០ ក្រោមការ ដឹកនាំផ្ទាល់លោក ហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រគល់ភារកិច្ចជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាតICAPP»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា ការផ្តល់សេចក្តីទុកចិត្តពី ICAPP ដល់គណបក្សប្រជាជនកម្ពុជាដោយឡែក ហើយជារួមដល់ប្រទេសកម្ពុជា ឃើញថាបណ្តាគណបក្សនយោបាយទាំងអស់ បានសំឡឹងមើលតួនាទីសំខាន់របស់បក្សប្រជាជន ក៏ដូចជាកម្ពុជា ដែលបានរក្សានូវគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យផ្អែកលើវិធានច្បាប់ និងវិន័យរបស់ខ្លួន។
លោកបានប្រាប់ថា៖«ទាំងអស់នេះធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ ហើយផ្តល់គុណតម្លៃពីបណ្តាគណបក្ស ICAPP ជូនកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលម្តងទៀតជាលើកទី២។ នេះសបញ្ជាក់ពីអ្វីដែលគណបក្សប្រជាជនកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលបានធ្វើគឺទទួលស្គាល់ជាអន្តរជាតិនៅបណ្តាគណបក្សនយោបាយលើសកលលោក»។
ដោយឡែកនៅលើហ្វេសប៊ុកផ្លូវការរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបង្ហោះខ្លឹមសារនៃជំនួបជាមួយគណៈប្រតិភូ ICAPP កាលពីថ្ងៃទី១៥ ខែធ្នូនេះថា៖«គណៈប្រតិភូ ICAPP វាយតម្លៃខ្ពស់ចំពោះដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែលមានភាពចាស់ទុំ និងការផ្ទេរអំណាចទៅអ្នកបន្តវេនដោយសន្តិភាព»៕