ភ្នំពេញៈ មជ្ឈ​មណ្ឌល​សំចត និង​ស្តារ​នីតិ​សម្បទា​ជន​រង​គ្រោះ ប៉ោយប៉ែត ​​​សម្ពោធដាក់​​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១៨ ខែ​ធ្នូ​ ឆ្នាំ ២០២៣​​ ដែល​មណ្ឌល​នេះ បង្កើត​ឡើង​ក្នុងគោ​លបំ​ណង​ផ្តល់​សេវាជួ​យ​ដល់​ជន​រង​គ្រោះ​ដោ​យ​អំពើ​ជួញដូ​រ​មនុស្ស ក្រោម​​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ប្រទេស​ថៃ​។
​​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ បាន​ឱ្យ​ដឹង​ថា មជ្ឈ​មណ្ឌល​សំចត និង​ស្តារ​នីតិ​សម្បទា​ជន​រង​គ្រោះ ប៉ោយ​ប៉ែត គ្រោង​នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​​ប្រាស់​ជា​ផ្លូវ​ការ ក្រោម​អធិបតី​ភាពលោក ស សុខា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ តំណាង​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ប​ន្ទាប់​ពីម​ណ្ឌល​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦​។
សេចក្តី​ប្រកាសបាន​ឱ្យដឹង​ថា៖ «មណ្ឌល​នេះ បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្តល់​សេវា ការ​ស្នាក់​នៅ​បណ្តោះ​អាសន្ន កា​រហូ​បចុក ថែទាំ​សុខភាព អប់រំ​ប​ណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ បំណិន​ជីវិត​ដល់​ជនរ​ង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ប្រកបដោ​យ​សុខ​សុវត្ថិ​ភាព និង​គ្មាន​ការ​រើស​អើង​ជាតិ​សាសន៍ និង​ពិការ​ភាព​»​។
ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវា​ង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រ​ទេ​​ស​ថៃ ក្រសួង​សង្គម​កិច្ច បាន​ទទួល​ជំនួយឥ​ត​សំណង​ពី​រដ្ឋាភិបាល​ថៃ​នូវ​អគារ​មជ្ឈ​មណ្ឌល​សំចត និង​ស្តារនីតិសម្បទា​ជនរ​ង​គ្រោះ ប៉ោយ​ប៉ែត សម្រាប់​ជួយ​ដល់​ជន​រងគ្រោះ​​ដោយ​អំពើ​​ជួញ​ដូរ​មនុស្ស ដែល​បា​ន​សាងស​ង់​អស់​ទឹក​ប្រាក់សរុប ២ ១៩៩ ៩២០​ ដុល្លារ​អាមេរិក លើ​ផ្ទៃ​ដី​ទំហំ​សរុប​៩ ៧៦៨ម៉ែត្រ​ការ៉េ មា​ន​​ទីតាំង​នៅ​ភូមិ​ប្រជា​ធម្ម​ខាង​កើត សង្កាត់​អូឫស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​។
សូមបញ្ជាក់ដែរថា មជ្ឈ​មណ្ឌល​សំចត និង​ស្តារ​នីតិស​ម្បទា​ជន​រង​គ្រោះ​ប៉ោយ​ប៉ែត ចាប់​​ផ្តើម​សាងស​ង់​ឡើ​ង​នៅ​ថ្ងៃ​ទី​១៥ ខែ​សី​ហា ឆ្នាំ​២០២២ ហើយ​បញ្ចប់​ជា​​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ ដែល​ជា​ជំនួ​យ​របស់​រាជ​រដ្ឋាភិបាល​ថៃ​។​
លោក ឯម ច័ន្ទមករា អ្នក​នាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច អតីតយុ​ទ្ធជន និង​យុវនីតិ​សម្បទា ​​បាន​ប្រាប់​ឱ្យ​ដឹង​​ថា ​​​មជ្ឈ​មណ្ឌល​​​នេះ នឹង​​​ប្រើ​ប្រាស់​សម្រាប់​ទទួល​ពលករ​ចំណាក​ស្រុក​មក​ពី​ប្រទេស​ថៃ ក្នុង​ការ​កំណត់​អត្ត​សញ្ញា​ណកម្ម និ​ងផ្តល់​សេវា​សង្រ្គោះ​បឋម​។
លោកបាន​​បន្ថែម​ថា ក្រៅ​ពី​នេះ មណ្ឌល​នេះ ក៏​ប្រើ​​ប្រាស់​ក្នុង​គោល​បំណង​ផ្តល់​សេវា​ដូច​ជា ការ​ស្នាក់​នៅ​បណ្តោះ​អាសន្ន ការ​ហូប​ចុក ការ​ថែទាំ​សុខភាព និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ ដល់​ជន​ងាយរ​ង​គ្រោះ និង​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ប្រកប​ដោយ​សុខ​សុវត្ថិភាព និង​គ្មាន​ការ​រើស​អើង​ជាតិ​សាសន៍​ណា​ឡើយ។
ជាមួយគ្នានេះដែរ លោក នី សុខា ប្រធាន​​​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដ​ហុក បាន​ឱ្យ​ដឹងដែរ​ថា នៅ​ពេ​ល​ដែល​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ត្រូវ​បាន​រំដោះ​ត្រឡប់​​មក​វិញ អ្វី​ដែល​ជន​រង​គ្រោះ​ត្រូវ​ការ​បំ​ផុត​នោះ គឺ​សេវាស​ង្គម និង​សេវា​យុត្តិធម៌ ខណៈ​ដែល​កន្លង​មក​នេះ ជន​រង​​គ្រោះហាក់​បី​ដូច​ជា​ទទួល​បាន​សេ​វា​ទាំង​នេះ ខ្វះ​ខាត និង​នៅ​មិនទាន់​​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ពី​សំណាក់​ក្រសួង និង​​ស្ថាប័ន​ពាក់ព័​ន្ធ​ផ្សេង​ទៀត​ផង​ដែរ​។
លោកបានថ្លែងថា៖ «ការមានមណ្ឌលស្តារនីតិសម្បទាហ្នឹង វាជា​រឿង​មួយ​ជួយ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ទៅ​​នឹង​អ្វី​ដែល​ជា​សេចក្ដី​ត្រូវ​ការ​របស់​ជន​រង​គ្រោះ​ដោយ​ទទួល​រង​នូវ​អំពើ​ជួញ​ដូរ ​ហើយ​ត្រូវ​បាន​រំដោះ​មក​ស្រុ​ក​កំណើត​វិញ ក្នុង​ការ​ជួយ​គាត់​លើការស្នាក់នៅ អាហារហូបចុក ជាពិសេស​គឺ​ការ​បណ្ដុះបណ្ដាល​ជំនា​ញ​មួយ ដែលជា​មុខ​របរអាចចិញ្ចឹមជីវិតបាន​»។
លោក នី សុខា សង្ឃឹមដែរ​ថា ក្រោយពីដាក់សម្ពោធមណ្ឌលនេះជាផ្លូវការហើយ នឹងធ្វើ​ឱ្យ​ជន​រង​គ្រោះដោ​យអំពើជួញដូរមនុស្ស ​បាន​ទទួល​នូវ​សេវា​ទាំងអស់​នោះ​ឆ្លើយ​តប​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធ​ភាព​ផង​​ដែរ​។
សូម​បញ្ជាក់​ថា មជ្ឈ​មណ្ឌល​សំចត និង​ស្តារ​នីតិ​សម្បទា​ជន​រង​គ្រោះ​ប៉ោយ​ប៉ែត ត្រូវ​បាន​ប្រារព្ធ​ពិធី​ប្រគល់​-​ទទួល​ជា​និមិត្ត​រូប កាល​ពី​ថ្ងៃ​ទី​​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព​លោក​ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​កម្ពុជា និងលោក សេ​ដ្ឋា ថាវីស៊ីន នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ថៃ​៕