ភ្នំពេញៈ ក្នុងជំនួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ និងអះអាងជាថ្មីដោយឱ្យប្រជាពលរដ្ឋជឿជាក់លើរូបលោកក្នុងការការពារផលប្រយោជន៍ជាតិរបស់កម្ពុជា។
លោកបានថ្លែងថា ៖ «ការការពារផលប្រយោជន៍ជាតិយើង សូមបងប្អូនជឿចុះ ដែលថ្មីៗនេះ ខ្ញុំឃើញមានការលើកច្រើនណាស់ ជាពិសេសមានការញុះញង់ពីខាងក្រៅឱ្យក្មេងៗនៅក្នុងប្រទេស ឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសចេញមក ធ្វើការងារជ្រុលនិយម ជាពិសេសការឈ្លោះរើសអើង រឿងផលប្រយោជន៍ជាតិ ផលប្រយោជន៍ទឹកដី។ ជឿចុះខ្ញុំក៏ជាខ្មែរ។ មានគេឱ្យឈ្មោះខ្ញុំថា ឡេដឹក ណែត។ឱ្យតែអ្នកដែលចូលធ្វើការជាមួយរដ្ឋាភិបាលគេលាបពណ៌ វ៉ៃត្រាលើថ្ងាសឱ្យ កុំលាបពណ៌»។
លោក ហ៊ុន ម៉ាណែត បានបន្តថា ៖ «យើងខំធ្វើការទៅ ផលប្រយោជន៍របស់យើង ព្រំដែនយើងនៅសល់១៦ភាគរយ ជាមួយវៀតណាម។ យើងបន្តដោះស្រាយ ហេតុអីបានត្រូវធ្វើការចរចារាប់ឆ្នាំ ១៦ភាគរយមិនងាយទេ បើសិនជាយើងមិនគិតប្រយោជន៍ជាតិ គេថាយើងបោះបង់ទឹកដីចោលអា ១៦ភាគរយហ្នឹង កាត់ចោល តាំងពីឆ្នាំ៨០ជាង មិនបាច់ចរចាអីទេ។ ក្រុមការងារយើងចរចាអត់បាយអត់ទឹក ដើម្បីផលប្រយោជន៍ជាតិយើង»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ដែរថា ការបោះបង្គោលព្រំដែន ឬការកំណត់ព្រំដែនកម្ពុជា-វៀតណាមដែលមាន១ ២៧០គីឡូម៉ែត្រ គឺប្រទេសទាំង២បានសម្រេចបានជាង៨០%ហើយ ដែលនៅសល់ប្រមាណជា១៦%ទៀត ដែលស្ថិតក្នុងកម្រិតប្រទាញប្រទង់ មិនទាន់ឯកភាពគ្នា។
លោកបានលើកឡើងថា ៖ «យើងចង់បញ្ជាក់ថា ប្រសិនបើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដូចមានការចោទប្រកាន់ពីអ្នកដែលមានទស្សនៈប្រឆាំងថាមិនមានការអើពើរឿងព្រំដែន ធ្វើឱ្យប្រទេសជិតខាងរំលោភបំពានព្រំដែននោះ ម្ល៉េះប្រហែលជាទទួលយកលក្ខខណ្ឌដោយមិនទុកឱ្យនៅជាប់គាំង១៦%នោះទេ»។
លោក យង់ ពៅ បានបន្ថែមថា ៖ «ក្រុមយើងខ្ញុំបានចុះស្រាវជ្រាវបានឃើញច្បាស់ថា វានៅមានការប្រទាញប្រទង់គ្នា ដោយកន្លែងខ្លះផែនទី និងដីជាក់ស្តែងវាមិនដូចគ្នា ដូចជានៅតំបន់ដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីនៅចំណុចបង្គោល៦៥ទៅមានចំណុចដែលមិនមានការឯកភាពគ្នារវាងផែនទីដែលបន្សល់ទុកដោយបារាំង និងសារាចររបស់ទេសាភិបាលបារាំងមានលក្ខណៈខុសគ្នា»។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានបន្ថែមទៀតថា ប្រទេសទាំង២ (កម្ពុជា-វៀតណាម) បានព្រមព្រៀងគ្នាធ្វើលិខិតទៅរដ្ឋាភិបាលបារាំងបញ្ជូនអ្នកបច្ចេកទេសបកស្រាយនៅចំណុចនេះឱ្យបានជាក់លាក់ថាតើគួរសម្រេចយកបែបណា ប៉ុន្តែមិនទាន់មានការបញ្ជូនអ្នកបច្ចេកមកដោះស្រាយនៅឡើយទេ និងនៅមានចំណុចផ្សេងៗទៀតដែលមិនទាន់មានការឯកភាពគ្នា។
លោក យង់ ពៅ ថា ៖ «រាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាដោយផ្អែកទៅលើផលប្រយោជន៍ជាតិកម្ពុជា ប្រសិនបើយើងចេះតែសម្រេចដោយមានការទទួលយក ហើយខាតបង់ដោយមិនផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រអាណានិគម នោះគឺជារឿងខាតបង់។ អ៊ីចឹងហើយទើបនៅមានការសេសសល់១៦%ហ្នឹង»៕