ភ្នំពេញៈ ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាក្នុងការបន្តរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបានសន្តិភាព ស្ថិរភាព និងសន្តិសុខ។
ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
យោងតាមលទ្ធផលនៃជំនួបអាហារការងារដែលបានផ្សព្វផ្សាយតាមរយៈតេឡេក្រាមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានឱ្យដឹងថា ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រួមទាំងការជំរុញអនុវត្ត «កញ្ចប់ទេសចរណ៍ប្រទេស ៣ គោលដៅតែ ១ (Three Countries One Destination Package)» ផងដែរ។
លោកបន្តថា ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំង ៣ បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត។
វិស័យទាំងនោះ រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់,ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «កញ្ចប់ទេសចរណ៍ប្រទេស ៣ គោលដៅតែ ១» និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនប្រសើរឡើង។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ថ្នាក់ដឹកនាំទាំង ៣ បានឯកភាពគ្នាក្នុងការបន្តការរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានាសំដៅធានាបានសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលសុទ្ធសឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំង ៣ កម្ពុជាឡាវ និងវៀតណាម»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ជំនួបនៃថ្នាក់ដឹកនាំទាំង ៣ នេះ គឺជារឿងមួយល្អក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំង ៣ ដែលនៅជិតខាងគ្នា។ ការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំង ៣ ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខនៅតាមបណ្តោយព្រំដែនរួមគឺជារឿងមួយដែលមានសារៈសំខាន់ណាស់។
លោកថា៖ «បញ្ហាសន្តិសុខ បញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ ឬគ្រឿងញឿន ឬការជួញដូរមនុស្សនេះគឺទាមទារឱ្យមានកិច្ចសហការជិតស្និទ្ធរវាងប្រទេសដែលមានព្រំដែនជាប់គ្នាដែលមានកម្ពុជា វៀតណាម និងឡាវ ដែលនេះខ្ញុំគិតថា ជារឿងមួយល្អ»។
មួយវិញទៀតការអភិវឌ្ឍក៏ដូចគ្នាដែរនៅពេលដែលកម្ពុជាអាចរក្សាបានសុខសន្តិភាព ស្ថិរភាព លុបបំបាត់ឧក្រិដ្ឋកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សមានប្រសិទ្ធភាព នោះវាជាលក្ខខណ្ឌអំណោយផលដល់កិច្ចសហការសម្រាប់ការអភិវឌ្ឍតាមបណ្តោយព្រំដែន លើកកម្ពស់ទំនាក់ទំនងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ហើយក៏ជំរុញដល់ការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង៣ដែលនៅក្បែរខាងគ្នាផងដែរ។
លោក គិន ភា បញ្ជាក់ទៀតថា៖ «ប្រទេសដែលនៅក្បែរខាងគ្នានេះ ការរស់នៅជាមួយគ្នាក្នុងភាពជាអ្នកជិតខាងល្អមានកិច្ចសហការដោយគោរពលើគោលការណ៍ ជាពិសេសកិច្ចការផ្ទៃក្នុងរបស់ផងគ្នា ការគោរពអធិបតេយ្យ បូរណភាពទឹកដីរបស់ផងគ្នាទៅវិញទៅមកខ្ញុំគិតថា ជារឿងមួយដែលសំខាន់បំផុតគឺគោលការណ៍បច្ចសិលាសន្តិសហវិជ្ជមាន (five principles of peaceful coexistence) ក្នុងភាពជាអ្នកជិតខាងល្អនៃប្រទេសទាំង ៣»៕