
មន្ត្រីជំនាញអូស្ត្រាលីកំពុងបង្រៀនពីការប្រើប្រាស់ដ្រូនសម្រាប់បាញ់ថ្នាំកសិកម្ម។ រូបថត ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា
ភ្នំពេញៈ នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានឱ្យដឹងថា សាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី និងវិទ្យាស្ថាន CARDI កំពុងជំរុញការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាកម្ម ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្ម។
លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានឱ្យដឹងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ថា សាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី បានបញ្ជូនអ្នកជំនាញបច្ចេកទេសរបស់ខ្លួនមកជួយបណ្តុះបណ្តាលពីការប្រើប្រាស្រ់ដូនសម្រាប់ការបាញ់ថ្នាំកសិកម្មដែលត្រូវបានរៀបចំនៅកម្ពុជាកាលពីដើមខែធ្នូ ឆ្នាំ ២០២៣។
លោកបានប្រាប់ថា ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មនៅមិនទាន់មានការសុំច្បាប់បានត្រឹមត្រូវ ដូចនេះវិទ្យាស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងឱ្យការប្រើប្រាស់ថ្នាំប្រកបដោយប្រសិទ្ធភាព, សុវត្ថិភាព និងផលចំណេញសេដ្ឋកិច្ច និងពេលវេលា ដោយវគ្គបណ្តុះបណ្តាលនេះបានផ្តល់ចំណេះដឹងដល់អ្នកផ្តល់សេវាកម្មបាញ់ថ្នាំដ្រូន និងមន្ត្រីកសិកម្មខេត្ត ស្រុក និងកសិករ។
លោក ឡោ ប៊ុណ្ណា បានបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកផ្តល់សេវាកម្មដ្រូន មន្ត្រីកសិកម្ម និងកសិករបានរៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យ្រាដូន និងបង្កើនចំណេះដឹងក្នុងការគ្រប់គ្រងស្មៅចង្រៃដើម្បីធ្វើការកម្ចាត់ស្មៅប្រកបដោយប្រសិទ្ធភាពក្នុងផលិតកម្មស្រូវនៅកម្ពុជា។
លោកនាយកវិទ្យាស្ថានបានបញ្ជាក់ថា៖ «ការប្រើប្រាសដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មមានការកើនឡើងចាប់ពីឆ្នាំ ២០២១ មកទល់បច្ចុប្បន្ន។ វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយរបស់គម្រោងបច្ចេកទេសគ្រប់គ្រងស្មៅចង្រៃសម្រាប់ប្រព័ន្ធផលិតកម្មស្រូវពង្រោះដោយប្រើប្រាស់គ្រឿងយន្តកសិកម្មនៅប្រទេសកម្ពុជា និងឡាវ ដែលជាគម្រោងសហការរវាងវិទ្យាស្ថានកាឌីនិងសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី ដែលមានរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥»។
លោក ជា សារ៉េត ប្រធានការិយាល័យស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃវិទ្យាស្ថាន CARDI ដែលបានដឹកនាំការងារបណ្តុះបណ្តាលផ្ទាល់បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៤ និងទី ៥ ខែធ្នូ កន្លងទៅមានអ្នកផ្តល់សេវាកម្មដ្រូន មន្ត្រីកសិកម្ម និងកសិករ ចូលរួមប្រមាណជាង ៦០ នាក់ សម្រាប់ខេត្តព្រៃវែង និងតាកែវ។
លោកបានឱ្យដឹងថា បច្ចុប្បន្នអ្នកផ្តល់សេវាកម្មដ្រូនមានកំណើនគួរឱ្យកត់សម្គាល់ ដោយក្នុង ១ ស្រុកមានពី ៥ ទៅ ៦ សេវាកម្ម ខណៈអ្នកបម្រើសេវាកម្មមួយមាន ដ្រូនចន្លោះពី ២ ទៅ ៣ គ្រឿង និងមានខ្លះមិនបានសុំច្បាប់ប្រើឱ្យបានត្រឹមត្រូវទេ។
លោកបានបញ្ជាក់ថា៖ «នៅក្នុងវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់អ្នកផ្តល់សេវាកម្មដ្រូន មន្ត្រីកសិកម្ម និងកសិករក្នុងការជំរុញឱ្យគាត់គិតគូរពីសុវត្ថិភាពនៃការប្រើប្រាស់ដ្រូនសម្រាប់បាញ់ថ្នាំកសិកម្ម ជាពិសេសធ្វើយ៉ាងណាប្រើប្រាស់បច្ចេកវិទ្យ្រាដូនឱ្យមានប្រសិទ្ធភាពដោយត្រូវបង្ហ្រោះដូនបាញ់ថ្នាំនៅពេលណា ហោះខ្ពស់កម្រិតណា ដើម្បីឱ្យចំណេញខាងសេដ្ឋកិច្ច»។
លោកបានបន្ថែមថា បច្ចុប្បន្នខាងវិទ្យាស្ថាន CARDI មិនទាន់មានអ្នកជំនាញបច្ចេកទេសអាចចេះប្រើបច្ចេកវិទ្យ្រាដូននៅឡើយទេ ទើបវិទ្យាស្ថានតាមរយៈគម្រោងបច្ចេកទេសគ្រប់គ្រងស្មៅចង្រៃសម្រាប់ប្រព័ន្ធផលិតកម្មស្រូវពង្រោះដោយប្រើប្រាស់គ្រឿងយន្តកសិកម្មនេះបានបើកវគ្គបណ្តុះបណ្តាលឡើងដើម្បីជាប្រយោជន៍ដល់អ្នកផ្តល់សេវាកម្មដ្រូនសម្រាប់បាញ់ថ្នាំនិងបណ្តុះបណ្តាលប្រជាកសិករ៕