ភ្នំពេញៈ អង្គការសុខភាពពិភពលោក (WHO) បានចេញវិធានការបន្ទាន់ទៅដល់បណ្ដាប្រទេសទាំងអស់ ត្រូវរឹតបន្ដឹងការនាំចូល ការចែកចាយ និងការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកគ្រប់ប្រភេទនៅលើទីផ្សារ និងប្រព័ន្ធបណ្ដាញសង្គម ជាពិសេសហាមឃាត់ការប្រើប្រាស់បារីនេះឱ្យបានដូចគ្នាទៅនឹងថ្នាំជក់។
អង្គការ WHO បានលើកឡើងថា វិធានការបន្ទាន់ដែលបណ្តាប្រទេសទាំងអស់ ហាមឃាត់ការលក់បារីអេឡិចត្រូនិក គឺត្រូវពង្រឹងការអនុវត្តការនាំចូល និងបន្តការត្រួតពិនិត្យ និងឃ្លាំមើលឱ្យបានរឹងមាំ ដើម្បីធានាដល់ការគាំទ្រកិច្ចអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ។
ក្រៅពីនេះ បណ្ដាប្រទេសនានា ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះការធ្វើពាណិជ្ជកម្មលក់ នាំចូល ចែកចាយ និងផលិតបារីអេឡិចត្រូនិកគ្រប់រសជាតិ ជាពិសេស គឺការបង្កើនការបង់ពន្ធ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣។
សេចក្ដីប្រកាសរបស់ WHO បានឱ្យដឹងទៀតថា ជាមួយនឹងការអនុវត្តវិធានការបន្ទាន់ទាំងនេះ រួមទាំងវិធានការត្រួតពិនិត្យថ្នាំជក់ផងដែរ វាអាចធ្វើឱ្យបញ្ឈប់ការនាំចូល ការចែកចាយ ការផ្សព្វផ្សាយ និងការផលិតបារីអេឡិចត្រូនិកបានយ៉ាងមានប្រសិទ្ធភាព។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា បារីអេឡិចត្រូនិកមានជាតិនីកូទីនដែលមានឥទ្ធិពលខ្លាំង ហើយវាបង្កគ្រោះថ្នាក់ដល់សុខភាពដូចជា ខួរក្បាល បេះដូង សួត និងបង្កជាជំងឺមហារីកជាដើម។
លោកបានបញ្ជាក់ឱ្យដឹងថា៖ «កុមារ កំពុងត្រូវបានក្លាយជាជនគោលដៅសម្រាប់ប្រើប្រាស់បារីអេឡិចត្រូនិក ហើយអាចជាប់ទាក់ទងនឹងជាតិនីកូទីន។ ដូច្នេះខ្ញុំជំរុញឱ្យប្រទេសនានា អនុវត្តវិធានការទាំងនោះឱ្យបានតឹងរ៉ឹង ក្នុងការទប់ស្កាត់ការកើនឡើងអ្នកប្រើប្រាស់បារីអេឡិចត្រូនិក ដើម្បីការពារពលរដ្ឋរបស់ខ្លួន ជាពិសេសកុមារ និងយុវជន»។
ចំណែក លោក Ruediger Krech ប្រធាននាយកដ្ឋានលើកកម្ពស់សុខភាពរបស់អង្គការសុខភាពពិភពលោក ក៏បានលើកឡើងដែរថា ការកើនឡើងគួរឱ្យព្រួយបារម្ភ នៃការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមកុមារ គឺមានអត្រាលើសពីការប្រើប្រាស់មនុស្សពេញវ័យនៅក្នុងបណ្ដាប្រទេសជាច្រើន។
លោកថ្លែងថា៖«បារីអេឡិចត្រូនិកកំណត់គោលដៅលើកុមារតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកមានឥទ្ធិពលក្នុងសង្គម យ៉ាងហោចណាស់មានជាង ១ ម៉ឺនរសជាតិ ខណៈដែលផលិតផលទាំងនេះខ្លះប្រើតួអក្សរ តុក្កតា និងមានការរចនាយ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញមនុស្សជំនាន់ក្រោយ»។
លោក មុំ គង់ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងឱ្យដឹងដែរថា សេចក្ដីណែនាំរបស់អង្គការសុខភាពពិភពលោក វាជាកត្តាជំរុញមួយផងដែរ ដើម្បីឱ្យប្រទេសនីមួយៗដែលជាសមាជិក ត្រូវខិតខំបន្ថែមទៀតក្នុងការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក។
លោកបានបន្តថា កន្លងមក កម្ពុជា បានចូលរួមសកម្មភាពទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិ្កគ្រប់ប្រភេទនេះ ដោយធ្វើការហាមឃាត់ការចែកចាយ ការនាំចូល និងការប្រើប្រាស់ជាដើម ប៉ុន្តែបច្ចុប្បន្ននេះ នៅតែមានជនល្មើសឆ្លៀតឱកាស ប្រើប្រាស់បណ្ដាញសង្គម ធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកគ្រប់ប្រភេទ ក្នុងរូបភាពទាក់ទាញកុមារ និងយុវជន។
លោក គង់ បានបញ្ជាក់បន្ថែមថា៖ «ការអនុវត្តសកម្មភាពហាមឃាត់របស់យើងហ្នឹងនៅមានកម្រិត ដូច្នេះហើយប្រសិនជាបន្តឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិក ជាពិសេសចំពោះកុមារ និងយុវជន វាប៉ះពាល់យ៉ាងខ្លាំងក្លាទៅដល់ធនធានមនុស្សរបស់កម្ពុជាយើងតែម្ដង ពីព្រោះសារធាតុនីកូទីនដែលនៅក្នុងបារីអេឡិចត្រូនិក បានទៅបំផ្លាញការលូតលាស់ខួរក្បាល និងសរសៃប្រសាទរបស់កុមារជាដើម»។
បើតាមលោក មុំ គង់ អ្វីដែលកម្ពុជាគួរធ្វើ ក្រៅពីការអនុវត្តសកម្មភាពហាមឃាត់ គឺត្រូវដាក់ទោសទណ្ឌទៅដល់ជនល្មើសដែលធ្វើការនាំចូល ចែកចាយ និងផ្សព្វផ្សាយបារីអេឡិចត្រូនិកនេះឱ្យបានតឹងរ៉ឹងបំផុត ដើម្បីកុំឱ្យមានការផ្សព្វផ្សាយ ទាក់ទាញជាបន្តទៀត ពីព្រោះបារីអេឡិចត្រូនិកនេះ ប៉ះពាល់ធ្ងន់ធ្ងរណាស់ទៅដល់ធនធានមនុស្សរបស់កម្ពុជានាពេលអនាគត។
យោងតាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាល កាលពីឆ្នាំ ២០២២ បានបង្ហាញថា អត្រាអ្នកជក់បារីនៅក្នុងប្រទេសកម្ពុជា គឺបានថយចុះពី ៣២% កាលពីឆ្នាំ២០១៤ មក ២៨% ក្នុងឆ្នាំ ២០២២ ក្នុងចំណោមមនុស្សពេញវ័យ។ ឆ្នាំ ២០១៤-២០២២ អត្រាអ្នកជក់បារីថយចុះចំនួន ៤%៕