ភ្នំពេញៈ ក្រសួងមុខងារសាធារណៈ រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ៣ ៣៨១ នាក់។
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកវិញ្ញាសាប្រឡងនេះ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជន ដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ផងដែរ។
លោក ហ៊ុន ម៉ានី បានឱ្យដឹងក្រោយការបើកវិញ្ញាសាប្រឡងនោះថា ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំលើកដំបូងនេះ ត្រូវការជ្រើសរើសមន្ត្រីកសិកម្មឃុំ ២៥០ នាក់ ដែលត្រូវបម្រើការនៅតាមទិសដៅឃុំនីមួយៗ ក្នុងចំណោម ១៧ ខេត្ត។ ក្រសួងមុខងារសាធារណៈ និងភាគីពាក់ព័ន្ធ បានរៀបចំគណៈកម្មការប្រឡងធំមួយ ដែលមានអនុគណៈកម្មការចំនួន ៨ ដែលមានការជួបជុំគ្នាតាំងពីម៉ោង ៦ ព្រឹកថ្ងៃទី ១៧ ខែធ្នូនេះ ដើម្បីរៀបចំវិញ្ញាសាភ្លាមៗ និងការប្រព្រឹត្តទៅនៃការប្រឡង។
លោកប្រធានគណៈកម្មការប្រឡងបញ្ជាក់ថា ការប្រឡងនេះ មានវិញ្ញាសា ៣ ប្រភេទ គឺ វិញ្ញាសាសរសេរជំនាញកសិកម្ម វិញ្ញាសាពហុចម្លើយ និងវិញ្ញាសាសរសេរភាសាអង់គ្លេស។ អ្នកតាក់តែងវិញ្ញាសាមានទាំងអ្នកជំនាញកសិកម្ម ចំណេះដឹងទូទៅ និងមុខងារសាធារណៈផងដែរ។
លោកថ្លែងថា៖ «យើងធ្វើយ៉ាងណាធានាឱ្យបានថា មិនមានការបែកវិញ្ញាសា ពិសេសពាក់ព័ន្ធនឹងវិញ្ញាសា គឺយើងធ្វើនៅថ្ងៃនេះតែម្តង ជ្រើសរើសដោយមានភាគីខុសៗគ្នា រួចហើយយើងបានសម្រេច យើង print ភ្លាម ហើយចាប់ផ្តើមដំណើរការការប្រឡងភ្លាម»។
លោកបញ្ជាក់បន្ថែមថា ការកែវិញ្ញាសា នឹងចាប់ផ្តើមថ្ងៃទី ១៨ ខែធ្នូនេះ នៅសាលាភូមិន្ទរដ្ឋបាល ដោយធ្វើការកាត់ក្បាលវិញ្ញាសា និងចុះលេខសម្ងាត់យ៉ាងត្រឹមត្រូវបំផុត ដែលការកែនេះយ៉ាងយូរប្រើរយៈពេល ៧ ថ្ងៃ។ អ្នកតាក់តែងវិញ្ញាសា និងអ្នកកែវិញ្ញាសា មិនមែនជាមនុស្សតែមួយឡើយ ហើយការកែសំណេរនេះទៀតសោត មានការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងបើកឱកាសឱ្យអ្នកសង្កេតការណ៍ផ្សេងៗទៀតផងដែរ។
លោក ឌិត ទីណា បានឱ្យដឹងថា ជាការរំពឹងទុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា នឹងជ្រើសរើសបានមន្ត្រីកសិកម្ម ដែលមានសមត្ថភាពពិតប្រាកដ សម្រាប់ទៅបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកថ្លែងថា៖ «គោលដៅធំបំផុត គឺធ្វើម៉េចឱ្យបានមន្ត្រីមានសមត្ថភាព អ៊ីចឹងក្នុងដំណើរការនៃការរៀបចំការប្រឡងទាំងអស់ គឺមានការគិតគូរគ្រប់គន្លាក់ទាំងអស់ដើម្បីធ្វើយ៉ាងណាមិនឱ្យមានភាពចៃដន្យណា ដែលអាចធ្វើឱ្យអ្នកមិនមានសមត្ថភាពអាចនឹងមានកត្តាចៃដន្យក្លាយជាមន្ត្រីនោះទេ»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធាណៈបានឱ្យដឹងថា ក្នុងការប្រឡងនេះហាមដាច់ខាតនូវសកម្មភាពមួយចំនួនរួមមាន ហាមយកឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ហាមមិនឱ្យប្រព្រឹត្តសកម្មភាពលួចចម្លងតាមគ្រប់ទម្រង់។ ជាមួយគ្នានេះបើអវត្តមានមិនបានប្រឡងវិញ្ញាសាណាមួយ នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រឡងវិញ្ញាសាបន្តបន្ទាប់ឡើយ។
បេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំ ឬគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយស បូរណភាពរូបរាងកាយមន្ត្រីមានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់មិនឱ្យប្រឡងជាបន្ទាន់ក្នុងសម័យប្រឡងដែលកំពុងប្រព្រឹត្តនេះ និងហាមឃាត់មិនឱ្យចូលប្រឡងប្រជែង ក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន៕