ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចូលរួមពិធីបើកកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលត្រូវបានធ្វើឡើងនាទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣។
ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ជាមួយមេដឹកនាំពីប្រទេសអាស៊ានផ្សេងទៀតផងដែរ។
លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលចាកចេញពីកម្ពុជា កាលពីថ្ងៃទី ១៥ ខែធ្នូ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ ២០២៣។ នេះបើយោងតាមបណ្តាញតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត។
ក្នុងអំឡុងពេលស្នាក់នៅ នៅប្រទេសជប៉ុន លោក ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅទីនោះកាលពីថ្ងៃទី ១៦ ខែធ្នូ។ លោកបានថ្លែងទៅកាន់ពលរដ្ឋថា រាជរដ្ឋាភិបាលបើកឱកាសសម្រាប់ការរកការងារធ្វើជូនពលករខ្មែរនៅក្រៅប្រទេសដែលនៅឆ្នាំ ២០២៤ ខាងមុខ គ្រោងនឹងបង្កើនចំនួនពលករធ្វើការនៅជប៉ុនដល់ ៨ ពាន់នាក់ទៀត។
លោកបានមានប្រសាសន៍ថា៖ «អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ មិនខុសពីប្រទេសផ្សេងៗទៀតទេ គឺការបង្កើតជម្រើស ហើយនៅប្រទេសជប៉ុនមកដល់ម៉ោងនេះ យើងមានប្រជាពលរដ្ឋខ្មែរជិត ៣ ម៉ឺននាក់ ដែលភាគច្រើនជាកម្មសិក្សាការីយើង និងសិស្សនិស្សិត និងបងប្អូនខ្មែរយើងផងដែរ»។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «យើងកំពុងតែចរចា ឆ្នាំក្រោយអាចពង្រីកបន្ថែមទៀតមកជប៉ុន ដែលអាចបានខ្ទង់ ៨ ពាន់នាក់បន្ថែមទៀត។ សួរថា រដ្ឋាភិបាលខំពង្រីកនេះ ដើម្បីឱ្យខ្មែរធ្វើខ្ញុំគេ? គឺអត់ទេ តែដើម្បីបង្កើតឱកាស។ យើងមិនមែនបញ្ជូនទៅឱ្យលួចប្លន់គេទេ យើងបញ្ជូនទៅធ្វើការងារតាមសមត្ថភាពនិងសេចក្តីថ្លៃថ្នូររបស់បងប្អូន ដើម្បីបានចំណូល បានប្រាក់បៀវត្សរ៍ចិញ្ចឹមគ្រួសារព្រមទាំងបង្កើនជំនាញផ្សេងៗ និងបង្កើនសមត្ថភាពកាន់តែរីកចម្រើននៅថ្ងៃអនាគត»។
នាឱកាសនោះដែរ លោកក៏បានលើកឡើងផងដែរថា ម្ចាស់ក្រុមហ៊ុនដែលមានកម្មសិក្សាការីធ្វើការជាមួយ បានសរសើរដល់ប្រជាជនខ្មែរស្លូតត្រង់ ស្មោះត្រង់ និងឧស្សាហ៍ព្យាយាម ដែលទាំងនេះគឺជាមោទនភាពរបស់កម្ពុជា និងមោទនភាពរបស់កូនខ្មែរ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «មូលហេតុដែលនឹងបញ្ជូនកម្មសិក្សាការី ៨ ពាន់នាក់ថែមទៀតនៅឆ្នាំក្រោយនេះ គឺមិនមែនជាកត្តាចៃដន្យទេ។ បើសិនជាបងប្អូនពលករ ឬកម្មសិក្សាការីយើងមកទីនេះដើម្បីបង្ករឿង គេនឹងមិនឱ្យបន្ថែម៨ពាន់នាក់ទៀតទេ តែដោយសារតែអំពើល្អ និងការខិតខំរបស់បងប្អូន ទើបផ្តល់ឱកាសឱ្យបងប្អូនយើងផ្សេងៗទៀតបានមកនេះ គឺជាគុណបុណ្យធំធេងណាស់»។
លោកនាយករដ្ឋមន្ត្រី ក៏បានឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលលោកនឹងនៅតែបន្តដឹកនាំតាមចក្ខុវិស័យដែលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានកសាងប្រទេស ៤០ ឆ្នាំ ជាមួយនឹងថ្នាក់ដឹកនាំជំនាន់មុន ដែលបានកសាងប្រទេសមកបានដូចនេះ។
លោកបានថ្លែងថា៖ «នៅពេលដែលយើងមានសុខសន្តិភាព និងការអភិវឌ្ឍ យើងត្រូវថែទាំឱ្យបាន ដែលនេះជាការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យផលដែលបានត្រូវទៅឱ្យដល់ប្រជាពលរដ្ឋបានគ្រប់ទីកន្លែង មិនមែនប្រមូលផ្តុំក្នុងដៃអ្នកណាម្នាក់ឬក្រុមណាមួយទេ តែត្រូវចែកទៅឱ្យដល់ដៃប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រដែលយើងត្រូវតែជួយឱ្យបានច្រើន»។
លោកបន្ថែមថា ពាក់ព័ន្ធទៅនឹងជ្រុងមួយនៃគោលនយោបាយសេដ្ឋកិច្ចកម្ពុជា គឺបង្កើតការងារ ទាំងបរិមាណ និងគុណភាពការងារគ្រប់វិស័យដែលត្រូវជំរុញ គ្រប់ទីកន្លែងដែលត្រូវជំរុញក្នុងប្រទេស បូកជាមួយនឹងជម្រើសនោះនៅក្រៅប្រទេស។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងដែរថា៖ «ឱ្យតែនិយាយពីបងប្អូនទៅធ្វើការនៅក្រៅប្រទេសគឺដឹងតែចោទថា រដ្ឋាភិបាលខ្មែរបញ្ជូនកូនចៅទៅធ្វើខ្ញុំគេ។ នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដែលគ្មានប្រជាពលរដ្ឋធ្វើការក្រៅប្រទេសទេ រួមទាំងជប៉ុនផងដែរ ជប៉ុនទៅធ្វើការជាច្រើន នៅសហរដ្ឋអាមេរិក កូរ៉េ មកធ្វើការនៅជប៉ុន ខ្មែរទៅធ្វើការនៅកូរ៉េ»។
លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងនៅថ្ងៃទី ១៧ ខែធ្នូថា កម្ពុជា មិនទាន់មានការងារគ្រប់គ្រាន់សម្រាប់ពលរដ្ឋខ្លួន ដូច្នេះការផ្ដល់ឱកាសឱ្យពលរដ្ឋខ្មែរ អាចទៅធ្វើការបន្ថែមនៅជប៉ុន ជាការរួមចំណែកជួយសេដ្ឋកិច្ចដល់ពលរដ្ឋខ្មែរដែលជាពលករឱ្យប្រសើរឡើង។
លោកបន្តថា ប៉ុន្តែអ្វីដែលត្រូវគិតនោះគឺពលករដែលទៅធ្វើការនៅប្រទេសជប៉ុន ពេលត្រឡប់មកកម្ពុជាវិញ ពួកគាត់មានភ្ជាប់ជាមួយជំនាញអ្វីខ្លះ ហើយជំនាញដែលភ្ជាប់មកនេះ អាចប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួនបានដែរឬទេ។
លោកបន្ថែមថា៖ «ជាមួយគ្នានេះ កម្ពុជា ក៏មិនទាន់មានគោលនយោបាយ ឬផែនការស្រង់យកជំនាញរបស់ពលករដែលត្រឡប់មកវិញដែរ ហេតុនេះធ្វើឱ្យកម្ពុជាខ្វះពលករជំនាញឬកម្មករជំនាញជាដើម»។
ទន្ទឹមនឹងនេះដែរ លោក មឿន តុលា ក៏បានលើកឡើងដែរថា រដ្ឋាភិបាលគួរបង្កើតការងារឬមុខរបរឱ្យពលរដ្ឋធ្វើនៅក្នុងប្រទេសឱ្យបានច្រើន ហើយទទួលបានប្រាក់ចំណូលសមរម្យទើបវាសមជាទីមោទនភាពជាងការបង្កើនការបញ្ជូនពលរដ្ឋរបស់ខ្លួនទៅធ្វើការស្រុកគេ៕