ភ្នំពេញៈ បំពង់​ពន្លត់​អគ្គិភ័យ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​បឋម​នៅក្នុង​ផ្ទះ​ឬ​តាម​ទីសាធារណៈ​ខណៈ​រយៈពេល​ ៦ ​ខែ ឆ្នាំនេះ​មាន​អ្នកស្លាប់​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន ​៤១ ​នាក់ របួស ​៨៤ នាក់​ និង​ឆេះ​ផ្ទះ​អស់​ ៤១៣​ ខ្នង នៅ​រាជធានី​-​ខេត្ត​មួយចំនួន​ទូទាំងប្រទេស​។ នេះ​បើតាម​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​។​

​ការអះអាង​របស់​មន្ត្រី​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​​ជាតិ​នេះ​ក៏​ស្របទៅនឹង​ការលើកឡើង​របស់​អ្នកស្រី ​ឡុង គឹម​ម៉ា​​រីតា បច្ចុប្បន្ន​រស់នៅ​សង្កាត់​ព្រៃ​​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ដែល​បាន​ប្រាប់ថា បច្ចុប្បន្ន​អ្នកស្រី​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​ប្រភេទ​ម្សៅ​ស្ងួត​ចំនួន​ ១ ​បំពង់ ទុក​ក្នុងផ្ទះ​តាំងពី​អំឡុង​ឆ្នាំ ​២០១៩ ​មក​ម្ល៉េះ​។​ ការដែល​អ្នកស្រី​ទិញ​វា​ទុក​ក្នុងផ្ទះ​បែបនេះ​ក៏​ព្រោះតែ​គិតថា​បំពង់​ពន្លត់​អគ្គិភ័យ​នេះ​ មាន​អត្ថប្រយោជន៍​ខ្លាំងណាស់ ​នៅពេល​មាន​ហេតុការណ៍​អា​សន្ន​ណាមួយ​កើតឡើង​ពាក់ព័ន្ធ​នឹង​ភ្លើង​ឆេះ​ផ្ទះ​។​

​អ្នកស្រី ម៉ា​រីតា បាន​ប្រាប់ថា​៖ «​ជាក់ស្តែង​ផ្ទះ​ខ្ញុំ​បាន​ជួប​រឿង​បែប​ហ្នឹង​ដោយសារ​តែមាន​ពេល​មួយ​នោះ ក្នុងផ្ទះ​ខ្ញុំ​មាន​ទុស្សេ​ខ្សែភ្លើង​និង​ឆេះ​ពិតាន ហើយ​ធ្លាក់​កម្ទេច​ភ្លើង​ស្រក់​មកក្រោម​។​ពេល​ហ្នឹង​ខ្ញុំ​ស្រមៃ​ថាបើ​នៅក្នុង​ផ្ទះ​ខ្ញុំ​គ្មាន​អា​បំពង់​ពន្លត់​អគ្គិភ័យ​ហ្នឹង​ទេ​ខ្ញុំ​ពិបាក​មែនទែន​ហើយ​។ ពេល​ឆេះ​នោះ​ខ្ញុំ​ស្រមៃ​ថា​នឹង​យក​អី​មក​ពន្លត់​បាន ស្រប​ពេលដែល​ខ្ញុំ​បិទ​កុងតាក់​ភ្លើង​រួចហើយ ក៏​វា​នៅតែ​ឆេះ​ហើយ​វា​នៅ​ទី​ខ្ពស់​ទៀត​»​។​

​អ្នកស្រី​បន្តថា​៖ «​ពិតាន​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​មាន​កម្ពស់​ប្រហែល ​៣​ ម៉ែត្រ ហើយ​សូម្បីតែ​ខ្ញុំ​យក​ទឹក​ទៅ​ជះ​ក៏​ពិបាក​ក្នុងការ​ជះ​ដល់​កន្លែង​ភ្លើង​ឆេះ​នោះដែរ​។​ដូច្នេះ​នៅពេល​ខ្ញុំ​នឹក​ឃើញថា​មាន​បំពង់​ពន្លត់​អគ្គិភ័យ​បម្រុង​ទុក​បែបនេះ​ស្វាមី​របស់ខ្ញុំ​ក៏បាន​ស្ទុះ​ទាញយក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់ ស្រាប់តែ​ភ្លើង​រលត់​អស់​តែម្តង​»​។​

​ដោយ​ភាពជឿជាក់ អ្នកស្រី ម៉ា​រីតា បានផ្តល់​ជា​យោបល់​ថា នៅ​គ្រប់​ផ្ទះ​គួរតែ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​ទុក​តាម​ផ្ទះ​រៀងៗ​ខ្លួន​ ១ ​ឬក៏​ ២ ទៅតាម​លទ្ធភាព តែ​​យ៉ាងហោចណាស់​ក៏មាន​ ១​ ដែរ​ក្នុង​ ១​ ផ្ទះ ពីព្រោះ​នៅពេល​មាន​អាសន្ន​ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​ឆេះ​ផ្ទះ​គឺ​យើង​មាន​បំពង់​ពន្លត់​អគ្គិភ័យ​ស្រាប់​ដើម្បី​បាញ់​ពន្លត់​ការ​ពារ​កុំឱ្យ​ឆេះ​រាលដាល​បាន​។​

​ពាក់ព័ន្ធ​នឹង​បំពង់​ពន្លត់​អគ្គិភ័យ​នេះ​លោក វ៉ាន់ សំណាង អនុ​ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​ការប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​នៅតាម​រាជធានី​-​ខេត្ត​ក្រុង កំពុងមាន​កំណើន​ពី ​១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​។​កំណើន​នេះ​ក៏​មកពី​មានការ​យល់​ដឹង​កាន់តែ​ទូលំទូលាយ​ពី​ពល​រដ្ឋ​តាមរយៈ​ក្រុមការងារ​ផ្នែក​ជំនាញ​អគ្គិភ័យ​នៃ​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​បានដាក់​កម្លាំង​ចុះ​ផ្សព្វ​ផ្សព្វ​នៅ​ទូទាំងប្រទេស​។​

​លោក​បានឱ្យដឹងថា ពាក់ព័ន្ធ​បំពង់​ពន្លត់​អគ្គិភ័យ​ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុ​ជាមាន ​៣ ​ប្រ​​ភេទ​រួមមាន ប្រភេទ ​ABC ប្រភេទ ​BC(ABC​ និង ​BC​ ជា​ប្រភេទ​ប្រើ​ម្សៅ​ស្ងួត​)​ និង​ប្រភេទ ​CO2 ជា​ប្រភេទ​ឧស្ម័ន​។ ចំពោះ​ប្រភេទ​ម្សៅ​ស្ងួត បើ​គេ​មិនទាន់​ប្រើ​គឺអាច​ទុក​បាន ​៥ ​ឆ្នាំ តែបើ​ខែ​ក្តៅ​ត្រូវ​ឧស្សាហ៍​ក្រឡុក​បំពង់ តែបើ​ប្រើ​រួច ទោះបីជា​ម្តង​ក្តី​គឺ​ត្រូវ​ខូចគុណភាព​ហើយ​។​ រីឯ​ប្រភេទ​ CO2 ​វិញ បើទោះជា​គេ​ប្រើ​រួច​ក៏ដោយ ក៏​គេ​អាច​រក្សាទុក​ប្រើ​បន្តទៀត​បានដែរ​។ បើទោះជា​វា​ជា​ប្រភេទ​ឧស្ម័ន តែ​បំពង់​វា​ហ្នឹង​គឺ​អត់​ភាយ​ខ្យល់​ចេញមក​ខាងក្រៅ​បានទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​ពន្លត់ភ្លើង​ដូចជា​ប្រភេទ​ ABC ​ប្រភេទ ​BC ​ហ្នឹង​វា​ពន្លត់​បាន​ទៅលើ​វត្ថុ​រឹង វត្ថុ​រាវ​និង​ឧស្ម័ន​។ ដោយឡែក​ប្រភេទ ​CO2 ដោយសារ​វា​ជា​ប្រភេទ​ឧស្ម័ន ដូច្នេះ​ភាគច្រើន​គឺ​ពន្លត់ភ្លើង​បានតែ​ក្នុង​បន្ទប់​ដែលមាន​ដាក់​ឯកសារ ព្រោះ​កម្រិត​ត្រជាក់​នៃ​ឧស្ម័ន​មាន​រហូតដល់​ដក ​៧៩​ អង្សារ​»​។​

​បើតាម​លោក វ៉ាន់​ សំណាង បំពង់​ពន្លត់​អគ្គិភ័យ​ប្រភេទ ​ABC មាន​ប្រសិទ្ធភាព​ពន្លត់​លើ​ចរន្តអគ្គិសនី​។ តាម​ការស្រាវជ្រាវ​រប​ស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ឃើញថា ភ្លើង​ឆេះ​ផ្ទះ​គឺមាន​មូលហេតុ​មកពី​ឆ្លង​ចរន្តអគ្គិសនី​ច្រើនជាង​មូលហេតុ​ផ្សេងៗ​ទៀត​។​

​លោក​បន្តទៀតថា ពាក់ព័ន្ធ​នឹង​បច្ចេកទេស​នៃ​ការប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​គឺ​ក្រុម​ជំនាញ​របស់​នាយកដ្ឋាន​បាន​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ពី​របៀប​
​ប្រើ​និង​ទុកដាក់​បំពង់​ឱ្យមាន​សុវត្ថិភាព​ត្រឹមត្រូវ​។ ការចុះ​ផ្សព្វ​​ផ្សាយ​នេះ​គឺ​ធ្វើតាម​ការស្នើសុំ​របស់​មូ​ល​ដ្ឋា​ន​នីមួយៗ ជាពិសេស​នៅតាម​បណ្តា​ខេត្ត​ដែល​ងាយ​រងគ្រោះ​ដោយ​អគ្គិភ័យ ដូចជា នៅតាម​តំបន់​ដែលមាន​អគារ​ខ្ពស់ៗ ឬ​មាន​រោងចក្រ​សហគ្រាស​ច្រើន​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បើ​មូលដ្ឋាន​ហ្នឹង​ស្នើសុំ​គឺ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តាមរយៈ​នាយកដ្ឋាន​នឹង​ឱ្យ​ក្រុម​ជំនាញ​លោក​ចុះទៅ​មូលដ្ឋាន​នោះ​។​ដូចជា​ហ្វឹកហាត់ ពន្យល់​ពី​របៀប​ប្រើប្រាស់ ពី​វិធី​ជម្លៀស​ខ្លួន​នៅពេល​មាន​បញ្ហា​កើតឡើង​ថា តើ​យើង​ត្រូវ​ជម្លៀស​ខ្លួន​យ៉ាងម៉េច​ពេល​មាន​អគ្គិភ័យ​ដំបូង​និង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ពន្លត់​ឱ្យចំ​គោលដៅ​អ៊ីចឹងទៅ​»​។​

​បើតាម​លោក វ៉ាន់ សំណាង ចំពោះ​តំបន់​ដែល​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ច្រើនជាងគេ​មានដូចជា នៅ​រាជធានី​ភ្នំពេញ សៀម​រាប ខេត្ត​ព្រះសីហនុ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​។ តំបន់​ទាំងនេះ​ជា​តំបន់​ដែលមាន​មនុស្ស​ប្រមូល​ផ្តុំគ្នា​រស់នៅ​ច្រើន​ហើយ​សម្បូរ​អគារ​ខ្ពស់ៗ​។ ដូចនេះ​ពេល​ក្រុមការងារ​ជំនាញ​ចុះទៅ​បាន​ណែនាំ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ឬ​ឱ្យ​បង្កើត​ច្រក​សម្រាប់​រំដោះខ្លួន​តាម​ជណ្តើរ​ចល័ត​ឬ​ជណ្តើរ​ខ្សែ​អ៊ីចឹងទៅ​។

ការណែនាំ​នេះ​ គឺ​សុទ្ធតែ​អនុវត្ត​តាមច្បាប់​អគ្គិភ័យ​​ដែល​បានកំណត់ ដូចជា តំបន់​ដែលមាន​អគារ​កម្ពស់​ ១០​ ជាន់​ឬ ​១២ ​ជាន់ ត្រូវ​ឱ្យមាន​ប្រភពទឹក ១ ដើម្បី​ងាយស្រួល​ពេល​មាន​ឧបទ្ទវហេតុ​កើតឡើង​។​

​ជាមួយគ្នានេះ ក្រុម​ជំនាញ​ក៏បាន​ណែនាំ​ឱ្យមាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​បង្កើតជា​ក្រុម​អគ្គិភ័យ​កាតព្វកិច្ច​ផងដែរ​។​លោក​ជា​បញ្ជាក់ថា បច្ចុប្បន្ន​មានតែ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ​ដែលមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែលមាន​សមត្ថភាព​បាញ់​ទឹក​ពន្លត់​បាន​កម្ពស់ ​៥៤​ ម៉ែត្រ​។ ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​នៅ​បណ្តា​ខេត្ត​មួយចំនួន​ដែលមាន​សំណង់​អគារ​ខ្ពស់ៗ​ផងដែរ​។ 

​ចំពោះ​នៅ​ខេត្ត​ណា​ដែល​មិនទាន់មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដូចខាងលើ​គឺ​ក្រុម​ជំនាញ​របស់​នាយក​ដ្ឋា​ន​នគរបាល​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​សង្គ្រោះ​តែង​ចុះទៅ​ណែនាំ​ឱ្យ​បង្កើតជា​ក្រុម​ពន្លត់​អគ្គិភ័យ​កាតព្វកិច្ច​ប្រចាំ​អគារ​ដោយមាន​ការជួយ​បណ្តុះបណ្តាល​ពី​ក្រុម​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​។

ទោះយ៉ាងណា​មាន​រោងចក្រ សហគ្រាស និង​តាម​លំនៅឋាន​ប្រជាពលរដ្ឋ​បានផ្តល់​ការទុកចិត្ត​មកលើ​បំពង់​ពន្លត់​អគ្គិភ័យ​របស់​នាយកដ្ឋាន​ហើយ​បាន​ស្នើសុំ​ជាវ​យកទៅ​ប្រើប្រាស់​ដែល​មកទល់​បច្ចុប្បន្ន​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ពី​ ១​ ឆ្នាំទៅ​ ១ ឆ្នាំ​។​

​ចំពោះ​ការលក់​បំពង់​ពន្លត់​អគ្គិភ័យ​នេះ លោក​ វ៉ាន់ សំណាង បានឱ្យដឹងថា ដោយសារ​រាជរដ្ឋាភិបាល​បើក​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដូចនេះ​ទើប​មាន​ក្រុមហ៊ុន​ឯកជន​មួយចំនួន​បាន​នាំចូល​ពី​បរទេស​មក​លក់​នៅក្នុង​ប្រទេស ប៉ុន្តែ​រាល់​បំពង់​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​នា​យក​ដ្ឋា​នន​គរ​បាលប​ង្កា​រ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ទេ​។​ ហេតុដូចនេះ​លោក​ក៏​មិនបាន​ដឹងថា​ត្រូវ​ទៅតាម​ស្តង់ដា​ និង​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ឬ​យ៉ាងណាដែរ​?

​លោក​ថ្លែងថា​៖ «​យើង​បានផ្តល់​បទពិសោធន៍​ជំនាញ​ទៅដល់​រោងចក្រ​សហគ្រាស​ដែល​ទី​១ ​ត្រូវ​ថែ​បំពង់​កុំឱ្យ​ខូច​កុំឱ្យ​ត្រូវ​ថ្ងៃ​អ៊ីចឹងទៅ​។​ទី​២​ សំខាន់​ត្រូវឱ្យ​គាត់​ចេះ​ប្រើប្រាស់ ព្រោះ​អគ្គិភ័យ​ខ្លះ​វា​ឆេះ​ឱ្យ​យើង​មើលឃើញ តែ​អគ្គិភ័យ​ខ្លះ​ឆេះ​មិនឱ្យ​យើង​ដឹង​ទេ ហើយ​បើ​ពន្លត់​មិន​រលត់ តើ​យើង​ត្រូវ​ជម្លៀស​ខ្លួន​យ៉ាងម៉េច​គឺ​យើង​បង្រៀន​គាត់​ឱ្យ​ចេះ​ជម្លៀស​ខ្លួន​»​។​

​ពាក់ព័ន្ធ​ការប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​នេះដែរ លោក​ព្រហ្ម យ៉​ន ប្រធានការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​បានឱ្យដឹង​ដែរ​ថា​ការបង្កឡើង​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​គឺជា​ឧបទ្ទវហេតុ​មួយ​ដែល​ធ្វើឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ និង​អាយុជីវិត ហើយ​តាមរយៈ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តែងតែ​ផ្សព្វផ្សាយ​ជាប្រចាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​អំពី​គ្រោះថ្នាក់​អគ្គិភ័យ​នេះ​។ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​លំនៅឋាន​មានការ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​មាន​ចំនួន​កើន​ជាង​ឆ្នាំមុនៗ​។​

​លោក​បាន​ថ្លែងថា​៖ «​ឥឡូវ​ពេល​គាត់​មាន​បញ្ហា​បន្តិចបន្តួច​រឿង​អគ្គិភ័យ​ឆេះ គឺ​គាត់​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ពន្លត់​ដោយ​ខ្លួន​គាត់​ដែរ​ហ្នឹង​។​ភាគច្រើន​នៅតាម​ខ្នង​ផ្ទះ​មាន​បំពង់​ពន្លត់​អគ្គិភ័យ​ខ្លួនឯង​»​។​

​ពាក់ព័ន្ធ​អគ្គិភ័យ​ឆេះ​ផ្ទះ​នេះ ​ភ្នំពេញ​ ប៉ុស្តិ៍​ បាន​សុំ​ព័ត៌មាន​បន្ថែម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត វ​ន្ថា ប្រធាន​នាយក​ដ្ឋា​ន​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ដែរ តែ​លោក​មិន​ឆ្លើយតប​តាម​ទូរស័ព្ទ​។ ក៏ប៉ុន្តែ​លោក នេ​ត វ​ន្ថា ធ្លាប់បាន​ឱ្យដឹង​តាមរយៈ​ទូរទស្សន៍ ​BTV ​ថា គិត​ចាប់ពី​ខែមករា​រហូតដល់​ខែមិថុនា​ឆ្នាំ ​២០២៣ មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​ ៥១៦ ​លើក ហើយ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ​២០២២ កើនឡើង​ចំនួន ​១៤៤ ​លើក ខណៈ​ឆ្នាំ​ ២០២២ មាន​ចំនួន ​៣៧២ ​លើក​។

រីឯ​អ្នកស្លាប់​ដោយសារ​គ្រោះ​អគ្គិភ័យ​រយៈពេល​ ៦ ​ខែ មាន​ចំនួន ៤១​ នាក់ របួស ​៨៤ នាក់​ឆេះ​ផ្ទះ​ចំនួន​ ៤១៣ ​ខ្នង​និង​ឆេះ​តូប​លក់ដូរ​របស់​អាជីវ​ករ​ចំនួន​ ៥៧ ​លើក​។​

​លោក​បាន​បញ្ជាក់ថា​៖ «​រាជធានី​និង​ខេត្ត​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ច្រើនជាងគេ​មាន​រាជធានី​ភ្នំពេញ​ចំនួន​ ៧៦​ លើក ខេត្តកណ្តាល​ចំនួន​ ៥៥​ លើក កំពត​ ៣៩​ លើក សៀម​​រាប​ ៣៧​ លើក តាកែវ​ ៣៥ ​លើក និង​ខេត្ត​កែប ​១ ​លើក​»៕