ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការកែច្នៃផលិតផលកសិកម្ម ទៅជាផលិតផលសម្រេច សម្រាប់បម្រើឱ្យការនាំចេញ ខណៈដែលក្រុមហ៊ុនជប៉ុន បានបង្ហាញពីបំណងក្នុងការពង្រីកការវិនិយោគលើឧស្សាហកម្មកែច្នៃ ផលិតផលកសិកម្មនៅកម្ពុជា។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដូចនេះ ធ្វើឡើងនៅក្នុងពេលដែលលោកបានអនុញ្ញាតឱ្យលោក អ៊ីកាវ៉ា ណាអូគី (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ពោលគឺនៅឱកាសដែលលោកអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
យោងតាមលទ្ធផលនៃជំនួបដែលបានផ្សាយតាមរយៈតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា នាជំនួបនោះ លោក អ៊ីកាវ៉ា ណាអូគី (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package បានលើកឡើងថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជន និងប្រទេសកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ehime Package និងអរគុណចំពោះការយល់ឃើញប្រកបដោយសុទិដ្ឋិនិយមពីសក្តានុពលរបស់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា លោកបានលើកឡើងពីគម្រោងនៃជំនួបទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ទិសដៅនៃការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវិស័យឯកជន។
លោក ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «គម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតក្រដាសចេញពីផលិតផលកសិកម្ម ពិតជាគួរឱ្យចាប់អារម្មណ៍ ស្របពេលដែលវិស័យកសិកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកំពុងជំរុញការផលិតទិន្នផលកសិកម្មជាផលិតផលសម្រេចបម្រើឱ្យការនាំចេញ»។
លោកបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញយន្តការ និងវិធានការមួយចំនួន រួមមានជាអាទិ៍ ការពង្រាយមន្ត្រីកសិកម្មនៅគ្រប់ឃុំ ទូទាំងប្រទេសដើម្បីជួយដល់ប្រជាកសិករ និងការបង្កើតសហគមន៍កសិកម្មទំនើបជាដើម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម ដែលបានអមដំណើរ លោក ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៧ ខែធ្នូថា នាប៉ុន្មានថ្ងៃនេះមានជំនួបពិភាក្សាការងារច្រើន រវាងនាយករដ្ឋមន្ត្រីកម្ពុជា បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុនក្នុងគោលបំណងកៀរគរអ្នកវិនិយោគពីជប៉ុន មកកាន់កម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោកលើកឡើងថា ក្នុងនាមជាវិស័យឯកជនសភាពាណិជ្ជកម្មកម្ពុជា តែងតែធ្វើជាសេនាធិការដល់រាជរដ្ឋាភិបាលក្នុងការប្រមែប្រមូល និងទាក់ទាញ អ្នកវិនិយោគ ជាពិសេសវិនិយោគិនជប៉ុនដែលតែងតែមានការវិនិយោគច្បាស់លាស់នៅកម្ពុជា។
លោក លឹម ហេង បានបញ្ជាក់ថា៖ «ប៉ុន្មានថ្ងៃនេះ សម្តេចធិបតីជួបក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុន Pharma Foods International (PFI) របស់ជប៉ុន, ក្រុមហ៊ុន Yazaki Corporation,ក្រុមហ៊ុន Sumitomo Corporation,ក្រុមហ៊ុន Ehime Package ជាដើម ដែលភាគច្រើនក្រុមហ៊ុនទាំងនេះហាក់មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ យើងបានឃើញកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចនេះ ដែលនេះជាការជំរុញទឹកចិត្តដល់វិស័យឯកជនយើង ក្នុងការជួយរាជរដ្ឋាភិបាលបំពេញបេសកកម្មនេះ»។
លោកបានឱ្យដឹងបន្ថែមថា ក្រៅពីជំនួបជាមួយក្រុមហ៊ុនជប៉ុននានា លោកនាយករដ្ឋមន្ត្រីក៏បានចូលរួមវេទិកាសហច្នៃប្រឌិតសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។
លោក លឹម ហេង បន្តថា វេទិកានេះមានការអញ្ជើញចូលរួមពីវិស័យឯកជន មកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន ដែលរៀបចំឡើងក្នុងគោលបំណងជំរុញការតភ្ជាប់ពាណិជ្ជកម្មឌីជីថល រវាងប្រទេសអាស៊ាន និងប្រទេសជប៉ុន និងពិភាក្សាលើដំណើរការក្នុង ការផ្លាស់ប្តូរឌីជីថល (digital transformation) ព្រមទាំងចែករំលែកអំពីស្ថានភាពបច្ចុប្បន្ននៃឌីជីថល បញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងការផ្លាស់ប្តូរឌីជីថល ប្រកបចីរភាពថែមទាំងផ្តោតជាសំខាន់ទៅលើកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងវិស័យឯកជននៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូអាស៊ានផងដែរ៕