ភ្នំពេញៈ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តក្រចេះ នាថ្ងៃទី ១៦ ខែធ្នូ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ថ្លែងថា ក្រសួងព័ត៌មាននឹងធ្វើបណ្ណសម្គាល់អ្នកសារព័ត៌មាន ដោយភ្ជាប់ QR code ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់អ្នកសារព័ត៌មាន។
យោងតាមគេហទំព័រក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានណែនាំឱ្យមន្ទីរព័ត៌មាន ដែលជាសេនាធិការឱ្យក្រសួងដែលធ្វើការលើការងារគ្រប់គ្រងវិស័យព័ត៌មាន គឺគ្រប់គ្រងផ្នែកច្បាប់ ការចុះបញ្ជីអ្នកសារព័ត៌មានសូមក្តាប់ឱ្យបានព័ត៌មានដែលកើតមានឡើងក្នុងខេត្តរបស់ខ្លួន។
លោកថ្លែងថា៖ «ជាជំហានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់បងប្អូនជាអ្នកសារព័ត៌មាន»។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាថ្លែងថា តាមគោលការណ៍ អ្នកព័ត៌មានជាអ្នកសេរី «ខ្ញុំយល់ថា សារព័ត៌មានជាវិជ្ជាជីវៈសេរី ទាំងការគ្រប់គ្រង និងការអភិវឌ្ឍ។ សារព័ត៌មាននេះ ត្រូវមានគោលការណ៍ច្បាស់។ ម្ខាងជាក្រសួងធ្វើការនៅក្នុងតួនាទី ជាសេនាធិការបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទស្សនទានលើការផ្សព្វផ្សាយ ឱ្យមានគុណភាព ហើយការធ្វើ QR code នេះមិនដឹងថាជាវិធានការអ្វីទេយើងរង់ចាំមើលថាតើវាចេញជាផលអ្វីទៅវិញ»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានឱ្យដឹងថា ការធ្វើបណ្ណភ្ជាប់ QR code នេះក្រសួងនឹងចាប់ផ្តើមអនុវត្តឱ្យប្រើប្រាស់នៅឆ្នាំ ២០២៤ ខាងមុខតទៅ ខណៈនៅចន្លោះថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ ក្រសួងនឹងរៀបចំបំពេញបែបបទបញ្ចូលទៅក្នុងប្រព័ន្ធ។
លោកសង្កត់ធ្ងន់ថា៖ «បណ្ណសម្គាល់អ្នកសារព័ត៌មាន ដែលមាន QR Code នេះ នឹងបង្កភាពងាយស្រួលដល់អាជ្ញាធរមូលដ្ឋានក្នុងការត្រួតពិនិត្យ ឬអ្នកសារព័ត៌មានសម្រាប់ប្រើប្រាស់កុំឱ្យមានក្លែងបន្លំ និងបញ្ជាក់បានពីអត្តសញ្ញាណ ព្រមទាំងងាយស្រួលក្នុងការការពារអ្នកសារព័ត៌មានយើងផងដែរ»៕