ភ្នំពេញៈ លោកស្រី សយ បុប្ផា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី ជាផ្នែកសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំង ២ ខណៈដែលប្រទេសទាំង ២ សម្រេចបានទំហំពាណិជ្ជកម្មជាមួយគ្នាជិត ៩៥០ លានដុល្លារ ក្នុងឆ្នាំ ២០២២ កន្លងទៅ។
លោកស្រីសយ បុប្ផា បានលើកឡើងបែបនេះ នៅក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ឥណ្ឌូនេស៊ីដែលបានរៀបចំឡើងកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅក្នុងអំឡុងពេលរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញនាំចូលកម្ពុជា លើកទី ១៦។
នៅក្នុងសុន្ទរកថារបស់លោកស្រីបានបន្ដថា វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ីជាផ្នែកសំខាន់ក្នុងការជំរុញលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឱកាសវិនិយោគថ្មីៗ រវាងប្រទេសទាំង ២ ស្របទៅនឹងវិស័យអាទិភាពកម្មវិធីទី ៥ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
លោកស្រី សយ បុប្ផា បានបញ្ជាក់ថា៖«វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី ជាផ្នែកមួយដ៏មានសារៈសំខាន់ ដើម្បីជួយជំរុញ និងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ីឱ្យកាន់តែប្រសើរឡើង ជាពិសេសស្វែងរកដៃគូ និងឱកាសវិនិយោគថ្មីៗបន្ថែមទៀត រវាងប្រទេសទាំង២ ស្របទៅនឹងវិស័យអាទិភាពកម្មវិធីទី ៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ»។
លោកស្រី បានបន្តថា នៅក្នុងឆ្នាំ ២០២៣ នេះ នៅពេលដែលឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតា កាលពីខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានចុះអនុស្សរណៈនៃការយោគយល់គ្នានាំចេញអង្ករកម្ពុជាប្រមាណ ២៥ ម៉ឺនតោនទៅប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេល ៤ ឆ្នាំ ហើយកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករទៅឥណ្ឌូនេស៊ីជាលើកដំបូងចំនួន ២ លើក គឺលើកទី ១ មានចំនួន ៣,៥ ពាន់តោន និងទី ២ មានចំនួន ១ ម៉ឺនតោន។
ជាមួយគ្នានោះ លោកស្រី Lauti Nia Astri អគ្គទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំរាជធានីភ្នំពេញក៏បានថ្លែងដែរថា វេទិកានេះជាឱកាសល្អសម្រាប់វិនិយោគិនឥណ្ឌូនេស៊ី និងកម្ពុជា ពិភាក្សាគ្នាស្វែងរកដៃគូវិនិយោគទៅវិញទៅមកដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២។
លោកស្រីបានបញ្ជាក់ថា៖ «សូមវិនិយោគិនប្រទេសទាំង ២ និងវិនិយោគិនអន្តរជាតិបន្តចូលរួមចាប់ដៃគូជាមួយគ្នាក្នុងការដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ យើងសូមលើកទឹកចិត្តចំពោះវិនិយោគិនគ្រប់រូបនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទ្វេភាគី តំបន់ និងពិភពលោកកាន់តែទូលំទូលាយ»។
លោកស្រីបានបន្តថា ក្នុងបរិការណ៍នៃសេដ្ឋកិច្ចទីផ្សារសេរី បានធ្វើឱ្យមានលំហូរទីផ្សារ ការវិនិយោគដើម្បីកំណើនសេដ្ឋកិច្ចក្នុងប្រទេស តំបន់ និងពិភពលោក។ វេទិកាធុរកិច្ចនេះ នឹងជួយជំរុញ និងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងឥណ្ឌូនេស៊ីឱ្យកាន់តែប្រសើរឡើង។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្រេចបានក្នុងទំហំទឹកប្រាក់ ៩៦៤ លានដុល្លារកើនឡើងជាង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
ផលិតផលសំខាន់ៗដែលកម្ពុជានាំចូលមកពីឥណ្ឌូនេស៊ី រួមមាន ថ្នាំជក់ ធ្យូងថ្ម គ្រាប់ធញ្ញជាតិ ត្រាក់ទ័រ ឱសថ គ្រឿងម៉ាស៊ីន ក្រណាត់មានព្រុយ ប្រេងចម្រាញ់។
ដោយឡែកចំពោះផលិតផលដែលកម្ពុជានាំចេញទៅទីផ្សារឥណ្ឌូនេស៊ីវិញ មានដូចជា ផលិតផលសម្លៀកបំពាក់ កាត់ដេរ ស្បែកជើង ក្រណាត់ចាក់ឬត្បាញ វ៉ាលីស ក្រដាសផ្កាកែវ គ្រឿងអេឡិចត្រូនិក ផលិតផលប្លាស្ទិក និងផលិតផលបន្ទាប់បន្សំបម្រើឱ្យការផលិតកម្មផ្សេងៗទៀត៕