ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវនៅថ្ងៃទី ១៨ ធ្នូ កំពុងកសាងសំណុំរឿងបញ្ជូនស្ត្រីម្នាក់ទៅតុលាការ បន្ទាប់ពីបានចាប់ក្មួយស្រីបង្កើតអាយុ ៦ ឆ្នាំ ចងស្លាបសេក និងប្រើហិង្សា កាលពីយប់ថ្ងៃទី ១៦ ធ្នូ នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រីឯស្ត្រីត្រូវជាយាយបង្កើតម្នាក់ទៀតដែលជាប់ពាក់ព័ន្ធកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ធ្នូថាស្ត្រីសង្ស័យឈ្មោះ ឃុន វ៉ាន់ដា អាយុ ៣៨ ឆ្នាំ ដែលបានប្រើហិង្សាលើក្មួយស្រីបង្កើតរបស់ខ្លួនកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅតុលាការ។
លោកប្រាប់ថា៖ «ករណីនេះសមត្ថកិច្ចជំនាញកំពុងរៀបចំនីតិវិធីដើម្បីបញ្ជូនស្ត្រីម្នាក់នេះទៅតុលាការអនុវត្តតាមច្បាប់ហើយ»។
លោក នង សាបុង នាយនគរបាលប៉ុស្តិ៍ទួលសង្កែទី១ បានស្រង់សម្តីស្ត្រីសង្ស័យឱ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅភូមិទួលគោកសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ មុនកើតហេតុវេលាម៉ោង ៨ យប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ស្ត្រីឈ្មោះឃុន វ៉ាន់ដានិងម្តាយរបស់គាត់បានណែនាំឱ្យក្មេងស្រីរងគ្រោះដែលត្រូវជាក្មួយនិងត្រូវជាចៅឈ្មោះយ៉.ច.ល.ររៀនក្រោយពីហូបបាយរួច។
លោកបានបន្តថាដោយសារតែក្មេងស្រីមិនព្រមធ្វើតាមអ្នកទាំង ២ បានយកខ្សែចងស្លាបសេកក្មេងស្រីហើយយកមកដាក់នៅក្រៅរបងទ្វារមុខផ្ទះរួចនាំគ្នាចូលទៅខាងក្នុងផ្ទះវិញ។ នៅពេលនោះក៏មានការថតបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកហើយក៏ដឹងដល់សមត្ថកិច្ចរបស់លោក និងចុះទៅឃាត់ខ្លួនស្ត្រីម្ចាស់ផ្ទះទាំង ២ នាក់តែម្តង។ បើតាមសម្តីរបស់ស្ត្រីសង្ស័យប្រាប់លោកថា ក្មេងស្រីម្នាក់នេះបានរស់នៅជាមួយពួកគាត់តាំងពីតូចមកម្ល៉េះព្រោះម្តាយក្មេងស្រីលែងលះគ្នាហើយបានទៅជួលផ្ទះនៅម្នាក់ឯងនៅខណ្ឌកំបូល។
បើតាមលោក សាបុងភ្លាមៗក្រោយឃាត់ខ្លួនស្ត្រីជាម្តាយបង្កើតរបស់ជនសង្ស័យឃុនវ៉ាន់ដាបានសន្លប់ហើយត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅមន្ទីរពេទ្យតែខាងសាច់ញាតិស្ត្រីសង្ស័យមិនបានប្រាប់ពីឈ្មោះមន្ទីរពេទ្យទេ។
ចំណែកឯម្តាយបង្កើតរបស់ក្មេងរងគ្រោះដែលត្រូវជាប្អូនបង្កើតរបស់ស្ត្រីសង្ស័យវិញក៏មិនបានប្តឹងចោទបងស្រីនិងម្តាយរបស់គាត់ដែរ។ចំណែកឯស្ត្រីចំណាស់ជាម្តាយស្ត្រីសង្ស័យក៏ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដែរតែសមត្ថកិច្ចរង់ចាំឱ្យគាត់ចេញពីមន្ទីរពេទ្យសិនដើម្បីទៅបង្ហាញមុខនៅតុលាការ។
លោកថ្លែងថា៖ «ករណីនេះបើទោះជាម្តាយក្មេងមិនប្តឹងក៏សមត្ថកិច្ចកសាងសំណុំរឿងរបស់ស្ត្រីទាំង ២ នាក់ម្តាយកូននោះទៅតុលាការដែរពីព្រោះពាក់ព័ន្ធនឹងផ្លូវច្បាប់»។
ពាក់ព័ន្ធការប្រើអំពើហិង្សាលើកុមារនេះ លោក ប៊ិន បូរ៉ា ប្រធានអង្គការកម្ពុជាដើម្បីកុមារដែលមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញប្រាប់នៅថ្ងៃទី ១៨ ធ្នូថា កុមារប្រៀបដូចជាក្រដាសសមិនទាន់យល់ន័យអ្វីទាំងអស់ហេតុដូចនេះប្រសិនបើករណីណាមួយកើតឡើងចំពោះកុមារគឺមនុស្សធំគួរតែអប់រំបែបវិជ្ជមានវិញកុំប្រើហិង្សា ឬធ្វើទារុណកម្មគាត់អី។
លោកបានបន្តថា៖ «រូបភាពនៃការប្រើហិង្សាចងស្លាបសេកអីនេះវាអាក្រក់មើលមែនទែនដែលសឹងដូចជាមនុស្សធំអត់យល់អំពីសិទ្ធិរបស់កុមារច្បាស់លាស់។ ក្នុងនាមខ្ញុំធ្វើការជាមួយកុមារក៏ប្រឆាំងដាច់ខាតក្នុងការរំលោភបំពានទៅលើកុមារដែរ ហើយយើងរឹតតែមិនចង់ឃើញសកម្មភាពបែបហ្នឹងតទៅទៀតដែរ»។
លោកបានបញ្ជាក់ថា ទោះយ៉ាងណា តាមរយៈអង្គការរបស់លោកបានប្រើយន្តការ ១ សម្រាប់ការផ្សព្វផ្សាយអំពី «ការចិញ្ចឹមកូនបែបវិជ្ជមាន» របស់ក្រសួងកិច្ចការនារីសម្រាប់ផ្សព្វផ្សាយដល់តួអង្គពាក់ព័ន្ធ។ ការប្រដៅរបស់ឪពុកម្តាយប្រើអំពើហិង្សាវាយដំឬមួលស្លឹកត្រចៀកស្រែកសម្លុត គឺប៉ះពាល់ដល់អារម្មណ៍ក្មេងជាខ្លាំងធ្វើឱ្យក្មេងមានស្មារតីភាំងៗឬភ្ញាក់ៗជាដើម។
សម្រាប់អង្គការរបស់លោកបានផ្សព្វផ្សាយពីការចិញ្ចឹមកូនបែបវិជ្ជមាននៅតាមតំបន់គោលដៅដូចជានៅស្រុកសំឡូតខេត្តបាត់ដំបងនៅតំបន់សហគមន៍ភ្នំក្រវាញខេត្តពោធិ៍សាត់និងនៅស្រុកជុំគិរី និងស្រុកដងទង់ខេត្តកំពត។
លោកបានបញ្ជាក់ថា៖ «ក្នុង ១ ឆ្នាំៗអង្គការរបស់ខ្ញុំបានចុះធ្វើការផ្សព្វផ្សាយអប់រំអំពីការចិញ្ចឹមកូនបែបវិជ្ជមានបានទាំងកុមារ និងមនុស្សចាស់ចំនួនប្រហែលពី ៧ ទៅ ៨ ពាន់នាក់»៕