សៀមរាបៈកីឡាករបរទេសចំនួន ៦ នាក់មកពី ៤ ប្រទេសសុទ្ធតែត្រូវបានអ្នកលេងគុនខ្មែរ វ៉ៃឱ្យសន្លប់នៅក្នុងមហាព្រឹត្តិការណ៍«រំឭកគុណអង្គរ២០២៣» ដែលបានរៀបចំជាលើកដំបូងដោយស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅមុខព្រះលានជល់ដំរី ខេត្តសៀមរាប ខណៈព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យពិភពលោកបានឃើញកាន់តែច្បាស់ពីសិល្បៈក្បាច់គុនជាអត្តសញ្ញាណជាតិដែលមានចារលើផ្ទាំងប្រាង្គប្រាសាទរាប់ពាន់ឆ្នាំមកហើយ។
លោក ម៉ុល នី ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក បានឱ្យដឹងថា ការប្រកួត Krud Kun Khmer ដើម្បីអបអរសាទរក្នុងមហាព្រឹត្តិការណ៍ «រំឭកគុណអង្គរ ២០២៣»នេះ ជាការប្រកួតដ៏ធំមិនធ្លាប់មានដែលយើងបានសហការជាមួយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់មួយចំនួនទៀតដើម្បីរៀបចំឱ្យមានការប្រកួត នៅមុខព្រះលានជល់ដំរី ជាលើកដំបូង
លោកបានបន្ថែមថា៖ «កម្មវិធីប្រដាល់ Krud Kun Khmer ដែលបានធ្វើនៅមុខព្រះលានជល់ដំរីនេះ វាបានឆ្លុះបញ្ចាំងក៏ដូចជាគាស់កកាយពីវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអង្គរដើម្បីឱ្យពិភពលោកបានឃើញ និងបានយល់កាន់ច្បាស់ ហើយក្នុងនោះក្បាច់គុនប្រដាល់ខ្មែរ គឺជាមរតកដ៏មានតម្លៃ ដែលបានបន្សល់ទុកពីដូនតារបស់យើង ដោយមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ»។
បន្ថែមទៅលើអត្ថន័យដ៏ធំធេងនេះ លោក ម៉ុល នី បានឱ្យដឹងទៀតថា ការប្រកួត Krud Kun Khmer នៅលើទឹកដីអង្គរនេះ ក៏ជាគោលដៅមួយ ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាឱ្យកាន់តែច្រើនផងដែរ ជាពិសេសនៅតំបន់រមណីយដ្ឋានអង្គរ។
លោកបានបញ្ជាក់ថា៖ «ការប្រកួតនេះ មានអ្នកចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់ ហើយនេះជាចំនួនដ៏ច្រើនមិនធ្លាប់មាន ដែលបានបំបែកឯតទគ្គកម្មជាប្រវត្តិសាស្ត្រ នៅស្រុកខ្មែរ។ នៅក្នុងនោះ មានភ្ញៀវបរទេស បានចូលរួមទស្សនាយ៉ាងច្រើន អ៊ីចឹងព្រឹត្តិការណ៍នេះបានក្លាយជាការផ្សព្វផ្សាយមួយយ៉ាងធំ ចំណែកប្រជាពលរដ្ឋនៅទីនោះ ជាពិសេសអ្នកលក់ដូរ មានការរំភើបខ្លាំង ព្រោះតាមរយៈការប្រកួត Krud Kun Khmer នៅអង្គរ ជាលើកដំបូងនេះ បានជួយសម្រួលខ្លាំងដល់មុខរបររបស់ពួកគេ គឺគាត់លក់ដាច់មែនទែន ហេតុនេះពួកគាត់បានស្នើសុំឱ្យមានការប្រកួតបែបនេះ ជាបន្តទៀត នៅអង្គរ»។
តាមរយៈការប្រកួត២យប់ជាប់គ្នា កាលពីថ្ងៃសៅរ៍ និងអាទិត្យ កន្លងមកនេះ កីឡាករលំដាប់ជើងខ្លាំងរបស់កម្ពុជា ឃីម បូរ៉ា, ធន់ រិទ្ធី, ប៊ុន សុធា, តាញ់ មករា,លី រិទ្ធី និងជើងថ្មី បញ្ញា ហូយហាក់ សុទ្ធតែបានប្រើបច្ចេកទេសផ្ទាល់ខ្លួន ផ្តួលកីឡាករបរទេសឱ្យសន្លប់ រីឯម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចិត្ត្រា បានឈ្នះពិន្ទុកីឡាករតួកគី គឺមានតែ សូត្រ ប៊ុនធី ម្នាក់ទេដែលបានត្រឹមស្មើពិន្ទុកីឡាករបរទេសនៅក្នុងការប្រកួតអន្តរជាតិទាំង៨គូ ក្នុងមហាព្រឹត្តិការណ៍រំឭកគុណអង្គរ២០២៣នេះ។
ជាមួយលទ្ធផលដ៏ល្អនេះ ឃីម បូរ៉ា, តាញ់ មករា និង បញ្ញា ហូយហាក់ សុទ្ធតែបានប្រើពេលខ្លីក្នុងការផ្តួលអ្នកប្រដាល់បរទេសឱ្យសន្លប់ក្នុងទឹកទី១ ដូចគ្នា ដោយក្នុងនោះ ឃីម បូរ៉ា បានម៉ាត់ឱ្យកីឡាករមីយ៉ាន់ម៉ា MongkulPetch រាប់នៅដើមទឹកទី១ រួចបានបន្ថែមដោយការទាត់ឆ្វេងចូលឆ្អឹងជំនីរ បណ្តាលឱ្យមីយ៉ាន់ម៉ាម្នាក់នេះ សន្លប់ក្រោកលេងរួចនៅចុងទឹកតែម្តង។
ចំណែក តាញ់ មករា បានម៉ាត់ឆ្វេងស្តាំ រហូតកីឡាករមីយ៉ាន់ម៉ា AsinthyPumea អស់លទ្ធភាពតដៃ និងត្រូវបានអាជ្ញាកណ្តាលបញ្ឈប់នៅចុងទឹកទី១ដែរ បន្ទាប់ពីបានម៉ាត់ឱ្យរាប់ម្តងនៅដើមទឹក។ រីឯកីឡាករជើងថ្មី មិនទាន់ស្គាល់ការចាញ់សោះ បញ្ញា ហូយហាក់ បានម៉ាត់ស្តាំបណ្តាលឱ្យកីឡាករមីយ៉ាន់ម៉ា SaxaPumea សន្លប់ធំ នៅត្រឹមពាក់កណ្តាលទឹកទី១ សម្រាប់ការប្រកួតវ៉ៃអំបោះឆៅ។
ជាមួយគ្នានេះជើងខ្លាំងមានរហស្សនាម «អធិរាជអំបោះឆៅ» ធន់ រិទ្ធី បានប្រើកណ្តាប់ដៃដ៏ធ្ងន់របស់គេដាល់ចំផ្ទៃមុខកីឡាករមីយ៉ាន់ម៉ា TuyMinlatឱ្យសន្លប់ នៅក្នុងទឹកទី២ ចំណែក លី រិទ្ធី ដែលទើបវិលត្រឡប់មកកាន់សង្វៀនជាថ្មីនោះបានបុកជង្គង់បណ្តាលឱ្យកីឡាករវៀតណាម Lan Cheachen ចុកឆ្អល់ និងត្រូវអាជ្ញាកណ្តាលរាប់ នៅដើមទឹកទី២ ហើយរូបគេបានទាត់ជើងក្រោមចំនួន៣ជើងទៀត ធ្វើឱ្យ Lan Cheachen ដួលក្រោកលែងរួច នៅពាក់កណ្តាលទឹកទី២នេះតែម្តង។
ស្រដៀងគ្នានេះ ជើងខ្លាំងវាយមិនដកថយ ប៊ុន សុធា បានព្យាយាមវាយសម្រុកជាមួយកីឡាករឡាវ KhalatkhitKhombanglungយ៉ាងស្វិតស្វាញបំផុត ទម្រាំអាចផ្តួលដៃគូវ័យក្មេងម្នាក់នេះឱ្យសន្លប់បាន តាមរយៈការទាត់ជើងក្រោម រហូតដួលក្រោកលែងរួច ហើយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់នៅទឹកទី៣។
ដោយឡែកម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចិត្ត្រា បានប្រកួតជាមួយកីឡាករតួកគីឈ្មោះ ខេណាន ផេនឌិក យ៉ាងស្វិតស្វាញ និងបានយកឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ចំណែក សូត្រ ប៊ុនធី ដែលទើបវិលត្រឡប់កាន់សង្វៀនជាថ្មី បន្ទាប់ពីជាពីរបួសនោះ បានត្រឹមស្មើកីឡាករតួកគី OnderOzen។
បន្ទាប់ពីបានចាញ់ពិន្ទុជើងខ្លាំង ឡៅ ចិត្ត្រា សម្រាប់ការធ្វើដំណើរមកប្រកួតនៅលើទឹកដីអង្គរជាលើកដំបូងនេះ កីឡាករ តួកគី ខេណាន ផេឌិក បាននិយាយថា៖ «គុនខ្មែរ ពិតជាអស្ចារ្យ ហើយខ្ញុំចង់សិក្សាស្វែងយល់ពីគុនខ្មែរ ព្រោះអាវុធប្រើកែងនិងជង្គង់នៃក្បាច់គុនប្រដាល់ខ្មែរ ខ្ញុំពិតជាចូលចិត្ត ចំណែកទឹកដីអង្គរគឺពិតជាអស្ចារ្យណាស់»៕