ភ្នំពេញៈ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមថ្លែងថា កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នឆ្លើយតបនឹងយេនឌ័រមានលកក្ខណៈសកលគឺជាកត្តាចំបាច់ ទោះបីជាកន្លងមកមានការអនុវត្តហើយក្តី ប៉ុន្តែទាមទារឱ្យមានការជជែកពិភាក្សាបន្ថែមដើម្បីធ្វើឱ្យលទ្ធផលនៃការអនុវត្តនោះទៅដល់ក្រុមគោលដៅងាយរងគ្រោះប្រកបដោយប្រសិទ្ធភាព។
លោស្រីថ្លែងបែបនេះក្នុងវេទិកាប្រចាំឆ្នាំរវាងបេឡាជាតិសន្តិសុខសង្គមជាមួយថ្នាក់ដឹកនាំមូលដ្ឋាននិងតំណាងកម្មករនិយោជិតក្រោមប្រធានបទ«ដំណើរឆ្ពោះទៅរបបសន្តិសុខសសង្គមប្រកបដោយបរិយាបន្នឆ្លើយតបយេនឌ័រនិងជាសកលនៅកម្ពុជា»ដែលវេទិកានេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនៅព្រឹកថ្ងៃទី១៨ខែធ្នូ។
ប្រភពដដែលបានលើកឡើងថា ការប្រែប្រួលអាកាសធាតុគ្រោះធម្មជាតិផ្សេងៗនិងបញ្ហាវិបត្តិជម្លោះសង្គ្រាមក្នុងពិភពលោកសុទ្ធតែជាកត្តាគំរាមកំហែងដែលអាចជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋជាកសិករកម្មករនិយោជិតដែលជាជនងាយរងគ្រោះ។ហេតុនេះការទាមទារឱ្យមានការគិតគូរពិចារណានិងអនុវត្តគោលនយោបាយសម្រាប់អ្នកទាំងនោះដើម្បីទទួលបានការគាំពារដែលមានប្រសិទ្ធភាពជារឿងមិនអាចខ្វះបាន។
លោកស្រីបានបញ្ជាក់ថា៖ «ការទទួលបានការគាំពារសង្គមគឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិតនិងក្រុមគ្រួសាររបស់ពួកគេព្រោះវាជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេបង្កើនភាពធន់និងកាត់បន្ថយហានិភ័យនានាដែលបណ្តាលពីគ្រោះមហន្តរាយឬជំងឺរាតត្បាតជាសកលនិងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រជាដើម»។
លោកស្រី នាយិកាអង្គការអុកស្វាមបានបន្តថា វេទិកាប្រចាំឆ្នាំលើកដំបូងនេះរៀបចំឡើងទៅតាមសំណូមពររបស់ថ្នាក់ដឹកនាំមូលដ្ឋាននិងតំណាងកម្មករនិយោជិតតាមរយៈវេទិកាថ្នាក់តំបន់ចំនួន៣ធំៗដែលបានធ្វើជាបន្តបន្ទាប់កន្លងមកនៅតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗមានដូចជាសៀមរាបខេត្តព្រះសីហនុនិងខេត្តស្វាយរៀងចាប់ពីខែកក្កដាដល់ខែវិច្ឆិកាឆ្នាំ២០២៣។វេទិកាទាំងនេះមានអ្នកចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋានតំណាងកម្មករនិយោជិតសរុប៨០០នាក់។
លោកស្រីបន្ថែមថា តាមរយៈវេទិកាទាំង៣នោះមានសំណួរនិងសំណូមពរមួយចំនួនត្រូវបានកត់ត្រាដើម្បីយកមកជជែកពិភាក្សាក្នុងវេទិកាប្រចាំឆ្នាំនេះក្នុងនោះសំណួរនិងសំណូមពរភាគច្រើនគឺផ្ដោតលើការពង្រីកដែនគ្រប់ដណ្ដប់របស់របបសន្តិសុខសង្គមតាមរយៈការពង្រឹងការចុះបញ្ជីនិងបង់ភាគទានការពង្រឹងនិងការការពារមាតុភាពនិងកម្មការនីមានផ្ទៃពោះពីការរើសអើងនិងបំពាននៅកន្លែងការងារនិងការស្នើសុំឱ្យមានការពង្រឹងប្រព័ន្ធនិងគុណភាពសេវាសុខាភិបាលជូនដល់អ្នកប្រើប្រាស់ប័ណ្ណសមាជិកប.ស.ស។
ឆ្លើយតបចំពោះការលើកឡើងនោះលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ចំពោះបញ្ហាសំណួរនិងសំណូមពរទាំងនោះបេឡាជាតិសន្តិសុខសង្គមបាននិងកំពុងធ្វើហើយមានសំណួរមួយចំនួនក៏បេឡាជាតិសន្តិសុខសង្គមបានធ្វើរួចហើយផងដែរ។
លោកបានបញ្ជាក់ថា ចំពោះកិច្ចពិភាក្សាបន្ថែមក្នុងវេទិកានេះប្រសិនបើនៅមិនទាន់បានដោះស្រាយដោយប្រការណានោះលោកនឹងកត់ត្រានាំយកទៅជជែកពិភាក្សារកដំណោះស្រាយជាមួយក្រុមការងារកិច្ចការច្បាប់បេឡាជិតសន្តិសុខសង្គមក៏ដូចជាលើកសំណើជូនក្រសួងការងារដើម្បីស្នើទៅក្រុមប្រឹក្សាជាតិគាំពារសង្គមបន្តពិភាក្សារកដំណោះស្រាយ។
លោកថ្លែងថា៖ «យើងនឹងមានវេទិកាពិភាក្សាដោយក្នុងនោះយើងឃើញថាមានតំណាងមកពីក្រុមប្រក្សាជាតិគាំពារសង្គមហើយតំណាងក្រសួងសុខាភិបាលក៏មានក្នុងនេះដែរបេឡាជាតិសន្តិសុខសង្គមក៏មានខ្ញុំសង្ឃឹមថាតំណាងបេឡាជាតិសន្តិសុខសង្គមអាចមានសមត្ថភាពឆ្លើយតបទៅនឹងសំណួរក៏ដូចជាសំណូមពរ»៕