ភ្នំពេញៈ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរនិមិត្តសញ្ញា ឬ Logo ថ្មី សម្រាប់ការអបអរសាទរនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ ២០២៤ ហើយក៏នឹងត្រូវបន្តប្រើប្រាស់ទៅមុខទៀត សម្រាប់ការឃោសនាបោះឆ្នោត ទាំងសកលនិងអសកលផងដែរ។
និមិត្តសញ្ញា ឬ Logo ថ្មីនេះ មានដាក់រូបភាពថ្នាក់ដឹកនាំ ៣រូបនៃគណបក្សប្រជាជនកម្ពុជា ដែលក្នុងនោះមាន លោក ហ៊ុន សែន ប្រធានគណបក្ស, លោក ហេង សំរិន ប្រធានកិត្តិយស និងលោក ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា។
យោងតាមលិខិតជម្រាបជូនប្រធានគណៈកម្មាធិការគណបក្សរាជធានីខេត្តនិងក្រសួង ស្ថាប័ន ដែលចុះហត្ថលេខាដោយលោកម៉ម សារិន ប្រធានខុទ្ទកាល័យនៃគណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ៧ មករា ខាងមុខ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបានសម្រេចឱ្យប្រើប្រាស់ Logo ថ្មីដែលមានរូបថ្នាក់ដឹកនាំ៣រូប។
លោកបានបន្តថា ៖ «រូបសម្តេចទាំង៣នេះក៏ត្រូវបន្តប្រើប្រាស់ទៅមុខទៀតសម្រាប់ការឃោសនាបោះឆ្នោត ទាំងសកល និងអសកលផងដែរ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ថា ការសម្រេចឱ្យប្រើប្រាស់និមិត្តសញ្ញាឬLogo ថ្មីដែលមានរូបលោក ហេង សំរិន,លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នេះ គឺជាការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានបន្តទៀតថា វាជារឿងធម្មតាទេ ដែលមានប្រជាពលរដ្ឋមួយចំនួនតូចចេញមុខមកប្រតិកម្ម ដោយសារពួកគេមិនយល់ពីអត្ថន័យនៃការដាក់និមិត្តសញ្ញា ឬLogo ថ្មីនេះ។
លោក សុខ ឥសាន បានបញ្ជាក់ថា៖«យើងយល់ថា ប្រតិកម្មមា្នក់ឬ២នាក់ចំពោះ Logo ថ្មីនេះ ជាទស្សនៈផ្ទុយគ្នា ប៉ុន្តែសំឡេងភាគតិច វាមិនមានឥទ្ធិពលអ្វីទេ និងជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យសេរី វាតែងតែមានអ្នកជំទាស់ខ្លះហើយ»។
ជាមួយគ្នានេះដែរ លោកសុខ ឥសាន ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់កុំឱ្យមានការភ័យព្រួយចំពោះការផ្លាស់ប្តូរLogo ថ្មីនេះ ព្រោះគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋច្រើនលើសលប់ នៅក្នុងការបោះឆ្នោតនាពេលកន្លងមក តែងតែគិតឱ្យមានផលចំណេញ និងផលប្រយោជន៍ជាតិ។
ចំណែក លោក ថុង ម៉េងដាវីត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)នៅថ្ងៃទី១៨ ខែធ្នូ បានថ្លែងថា ការសម្រេចឱ្យប្រើប្រាស់ Logo ថ្មីនេះមិនមានទាស់ខុស និងមិនបង្កឱ្យមានចលាចលនៅក្នុងសង្គមនោះទេ។
លោកបានបន្តថា រីឯការដាក់រូបលោក ហ៊ុន ម៉ាណែត ហើយត្រូវបានមជ្ឈដ្ឋានមួយចំនួនតូចជាពិសេសក្រុមប្រឆាំងរិះគន់នោះ គឺដើម្បីបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាកម្ពុជាតែប៉ុណ្ណោះ។ ការដាក់លោក ហ៊ុន ម៉ាណែត ទន្ទឹមគ្នានឹងរូបលោកហ៊ុន សែន និងលោក ហេងសំរិន ដែលជាប្រធាននិងប្រធានកិត្ដិយសគណបក្សប្រជាជនកម្ពុជានេះ ដោយសារតែលោក ហ៊ុន ម៉ាណែត គឺជាអនុប្រធានគណបក្សដែលត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សកាលពីពេលថ្មីៗនេះ។
លោក ថុង ម៉េងដាវីត បានថ្លែងថា៖«មិនជាទាស់ខុសទេចំពោះការដាក់រូបសម្តេចធិបតី ហ៊ុន ម៉ាណែត ទន្ទឹម នឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ព្រោះថាសម្តេចធិបតី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ហើយការរិះគន់ពីក្រុមប្រឆាំង គឺក្នុងន័យដើម្បីបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ»។
សូមរំឭកថា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បានបោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោក ហ៊ុន សែន ប្រធានគណបក្ស និងលោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាមានរយៈពេល២ថ្ងៃគឺថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា៕