ភ្នំពេញៈ សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅថ្នាក់មូលដ្ឋានប្រមាណជាង ១០០ នាក់ មកពីបណ្តាឃុំសង្កាត់នៅក្នុងរាជធានីភ្នំពេញ និងខេត្ត បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខទីស្នាក់គណបក្សភ្លើងទៀន នៅភូមិបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
គោលបំណងនៃការធ្វើបាតុកម្មនេះ ដើម្បីទាមទាឱ្យលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សចុះចេញពីតំណែង និងបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង និងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្សនៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្ត។
លោក ជា សេងលី អតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សភ្លើងទៀន នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យដែលបានចូលរួមធ្វើបាតុកម្មនេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានចូលរួមជាមួយគណបក្សប្រឆាំង ចាប់តាំងពីគណបក្សសម រង្ស៊ីក្រោយមកគណបក្សសង្គ្រោះជាតិ រហូតមកដល់គណបក្សភ្លើងទៀននេះ ហើយបានចូលរួមការបោះឆ្នោតឆ្នាំ២០២២។
លោកបានប្រាប់ទៀតថា ការដែលរូបលោក រួមជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ផ្សេងទៀតនេះ មកតវ៉ា នៅមុខទីស្នាក់ការគណបក្សភ្លើងទៀននេះ ដោយសារតែមានប្រធានស្តីទីប្រតិបត្តិគណបក្សរាជធានីភ្នំពេញ លោក ឃឹម ចាន់វណ្ណៈ មិនគោរពគោលការណ៍គណបក្ស និងលក្ខខណ្ឌគណបក្ស និងមិនដែលកោះប្រជុំផងបានសម្រេចដកលោកចេញពីតំណែងឆៅៗតែម្តង។
លោក ជា សេងលីបានបញ្ជាក់ថា ជាមួយគ្នានេះ លោក ទាវ វណ្ណុល ប្រធានគណបក្ស បានលុបឈ្មោះលោក ចេញពីបញ្ជីគណបក្សយ៉ាងអយុត្តិធម៌បំផុតព្រោះលោកបានចំណាយទាំងលុយ និងពេលវេលាជាមួយគណបក្សដោយមិនបានសួរនាំទេ តែលុបឈ្មោះចេញតែម្តង។
លោកបានថ្លែងថា៖«ទាំងខ្ញុំនៅខណ្ឌមានជ័យ និងមានអ្នកនៅតាមបណ្តាខណ្ឌផ្សេងនៅក្នុងរាជធានីភ្នំពេញ ក៏បានដកចេញយ៉ាងអយុត្តិធម៌បំផុត។ខ្ញុំលើកគ្នាមកតវ៉ានេះ ដើម្បីរកយុត្តិធម៌ ព្រោះគណបក្សយើងមានឯកសារតម្កល់ នៅក្រសួងមហាផ្ទៃទាំងអស់ ហេតុអីគាត់មកដកខ្ញុំឆៅៗ ដោយអត់មានហេតុផលទាំងអស់»។
លោក ជា សេងលី បានបន្តថា៖«ពួកខ្ញុំខំតស៊ូ ជិះកង់តាមចិញ្ចើមថ្នល់ ហូបបាយតាមចិញ្ចើមថ្នល់ ដើម្បីរកសំឡេងឆ្នោតជូនគណបក្ស ហើយគិតថា គណបក្សនេះ មានបាវចនា សីលធម៌ សច្ចធម៌ និងយុត្តិធម៌ តើឥឡូវសីលធម៌ យុត្តិធម៌ និង សច្ចធម៌នៅកន្លែងណា?»។
ជុំវិញបញ្ហានេះ លោក ទាវ វណ្ណុល និង លោក លី សុធារ៉ាយុត្តិ មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែ លោក គីមសួរ ភិរិទ្ធ អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀន និងបច្ចុប្បន្នជាបេក្ខជនសមាជិកព្រឹទ្ធសភា របស់គណបក្សឆន្ទៈខ្មែរ ដែលជាសម្ព័ន្ធភាពរបស់គណបក្សភ្លើងទៀន បានប្រាប់ថាឱ្យតែជិតបោះឆ្នោត សកម្មភាពបាតុកម្មនិងសកម្មភាពមិនប្រក្រតីកើតមានច្រើនចំពោះគណបក្សភ្លើងទៀន។
ទោះជាយ៉ាងណាលោក គីមសួរ ភិរិទ្ធ ទទួលស្គាល់ថា អ្នកដែលចូលរួមបាតុកម្មនៅមុខទីស្តីការគណបក្សនេះ កាលពីមុនជាសមាជិកគណបក្សភ្លើងទៀន ប៉ុន្តែបច្ចុប្បន្ននេះ មិនមែនជាសមាជិកគណបក្សនេះទៀតទេ ក្រោយពេលដែលពួកគេទៅចូលរួមធ្វើជាសមាជិក និងថ្នាក់ដឹកនាំរបស់គណបក្សកម្លាំងជាតិ និងអ្នកខ្លះទៀត បានឈរឈ្មោះជា បេក្ខជនសមាជិកព្រឹទ្ធសភារបស់គណបក្សកម្លាំងជាតិថែមទៀត។
លោក គឹមសួរ ភិរិទ្ធ បានថ្លែងថា ៖ «ការដែលពួកគាត់ឡើងមកតវ៉ានេះ ក្រោយពេលពួកគេត្រូវបានបញ្ចប់ពីតួនាទី សមាជិកក្រុមប្រឹក្សាឃុំសងា្កត់ជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ហើយពួកគេមិនគោរពតាមគោលការណ៍ និងលក្ខខណ្ឌរបស់គណបក្ស និងថែមទាំងទៅបម្រើឱ្យគណបក្សកម្លាំងជាតិ»។
លោកបានបន្តថា ៖ «អ៊ីចឹង ក្រោយពេលដែលយើងហៅមកណែនាំ ពួកគាត់មិនស្តាប់តាម យើងក៏បញ្ចប់តួនាទី ហើយនេះ ជារឿងធម្មតាទេ សូម្បីតែនៅក្នុងគ្រួសារក៏មានវិន័យដែរ។ដូចគ្នានេះដែរគណបក្ស ឬក្រុមហ៊ុនក៏គេមានវិន័យដែរ នៅពេលដែលយើងធ្វើការឱ្យក្រុមហ៊ុនមួយ ហើយលួចទៅធ្វើការឱ្យក្រុមហ៊ុនមួយទៀត ហើយស៊ីប្រាក់ខែក្រុមហ៊ុននេះទៀតគេបញ្ឈប់ហើយ»។
ទោះជាយ៉ាងណា លោក គីមសួរ ភិរិទ្ធ មិនជំទាស់ចំពោះការធ្វើបាតុកម្មតវ៉ានេះទេ ព្រោះពួកគេមានសិទ្ធិបញ្ចេញមតិ ប៉ុន្តែ ពួកគេធ្វើមិនស្របតាមលក្ខន្តិកៈរបស់គណបក្ស ខណៈអគ្គលេខាធិការ និងប្រធានគណបក្ស មានសិទ្ធិក្នុងការសម្រេចក្នុងការបញ្ចប់មុខតំណែង ឬតួនាទីរបស់សមាជិកនោះ។
លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានប្រាប់ឱ្យដឹងដែរថា ចលនានយោបាយតែងតែកើតមានរាល់ការបោះឆ្នោតនៅកម្ពុជា រួមទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ បោះឆ្នោតជ្រើសក្រុមប្រឹក្សា បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាក្តី។
លោកបានថ្លែងថា៖«មូលហេតុនៃការតវ៉ានៅថ្ងៃនេះវាផ្តើមចេញពីចលនានយោបាយនៅមុនការបោះឆ្នោតដូចសព្វដង ដែលមានមតិមួយចំនួនយល់ថាជាការរៀបចំរបស់គណបក្សដៃគូប្រកួតប្រជែងបើទោះបីការតវ៉ានៅថ្ងៃនេះបាននិយាយពីការមិនពេញចិត្តចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មិនពេញចិត្តលើការរឹតត្បិតដល់សិទ្ធិរបស់សមាជិក និងមានការចោទថាមានការប្រកាន់បក្ខពួក ភាពមិនប្រក្រតីលើការតែងតាំង ការដកសមាជិក»។
យោងតាមញត្តិថ្កោលទោសរបស់សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅថ្នាក់មូលដ្ឋានចុះថ្ងៃទី១៥ ខែធ្នូ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ លោក ទាវ វណ្ណុល ប្រធានគណបក្ស និង លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនរួមទាំងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត ដែលបានឃុបឃិតគ្នាប្រើអំណាចគណបក្សទៅគំរាមកំហែង និងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្សនៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្ត យ៉ាងអយុត្តិធម៌។
ញត្តិថ្កោលទោសនេះបានសរសេរថា៖«យើងខ្ញុំទាំងអស់គ្នា ស្នើឱ្យលោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង និងការប៉ុនប៉ងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀននៅថ្នាក់មូលដ្ឋាន និងស្នើឱ្យគោរពសិទ្ធិសមាជិក សមាជិកាគណបក្ស ក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយផ្ទាល់ខ្លួន ដោយសេរី គ្មានការរើសអើង គ្មានការបង្ខិតបង្ខំ គ្មានការបង្ខាំង និងគ្មានការដកតួនាទីតាមទំនើងចិត្តជាដាច់ខាត»។
ប្រភពដដែលបន្តថា ដើម្បីរក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រមទាំងរក្សានូវស្មារតី ដើមរបស់គណបក្ស ភ្លើងទៀន សមាជិក និងថ្នាក់ដឹកនាំនៅមូលដ្ឋាន បានស្នើឱ្យថ្នាក់ដឹកនាំគណបក្សទាំង២ គឺលោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ចុះចេញពីតំណែងក្នុងគណបក្ស ដោយឥតលក្ខខណ្ឌ ចាប់ពីថ្ងៃនេះតទៅ៕