​ភ្នំពេញៈ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ថ្លែង​ថា ជំនួប​ពាណិជ្ជ​កម្មរវាង​ធុរជន​កម្ពុជា និង​ធុរជន​បរទេសគឺជា​ការ​ផ្លាស់​ប្តូរ​និង​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម​រវាង​វិស័យ​ឯក​ជន​កម្ពុជា​និង​បរទេសដើម្បី​ជំរុញ​ការនាំ​ចេញ​ផលិត​ផល​សក្តានុ​ពល​កម្ពុជា ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ ក៏​ដូចជា​បើក​ឱកាស​ឱ្យ​វិនិយោ​គិន​បរទេស​មក​បណ្តាក់​ទុន​វិនិយោគ​នៅកម្ពុជា​កាន់​តែ​ច្រើន​។​

​លោក​អ៊ុំ​ កុសល អនុ​រដ្ឋ​លេខាធិ​ការ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ថ្លែង​ដូច​នេះ​ក្នុង​ពិធី​បើក​ជំនួប​ពាណិជ្ជ​កម្មស្តីពី​ការ​ជំរុញ​ការនាំ​ចេញ​ផលិត​ផល​សក្តានុ​ពល​កម្ពុជា​ទៅ​កាន់​ទីផ្សារ ​អន្តរ​ជាតិ អំឡុង​ពេល​ពិព័រណ៍​ផលិត​ផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំ​ចូល​កម្ពុជា ​លើក​ទី​១៦​កម្រិត​អន្តរ​ជាតិដែល​មាន​រយៈពេល​៤​ថ្ងៃ ចាប់​ពី​ថ្ងៃទី​១៥ ​ដល់​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០២៣ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​លោក​បាន​បញ្ជាក់​ថា ​ជំនួប​ពាណិជ្ជ​កម្ម​នា​ពេល​នេះគឺជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​វិនិយោគិ​ន ធុរជន​កម្ពុជា និង​បរទេស​អាច​ស្វែង​រក​ព័ត៌​មានពាក់​ព័ន្ធ​ទាំង​អស់​នៃ​ការ​ធ្វើ​អាជីវ​កម្ម ​និង​ឱកាស​វិនិ​យោគ​ ជា​ពិសេស​ដៃគូ​អាជីវ​កម្ម​នៅ​កម្ពុជា។​

លោក​អ៊ុំ ​កុសល​ បាន​បន្ថែម​ថា វា​ជាការ​ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​និង​មាន​សារៈ​សំខាន់​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង ធុរ​ជន​កម្ពុជា និង​ធុរជន​បរទេស​ជា​មិត្ត ដើម្បី​ជំរុញ​ការ​លើក​ស្ទួយ​សហ​គ្រាស សហគ្រិន​ភាព និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​គោល​ដៅ​យុទ្ធ​សាស្ត្រ​ផ្តោត​លើ​ការប​ន្ត​ធ្វើឱ្យ​ប្រសើរ​ឡើងដែល​រួមចំ​ណែកដល់​កំណើន​សេដ្ឋ​កិច្ចនិង​ការបង្កើត​ការ​ងារ​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​ព្រឹត្តិកា​រណ៍​ដ៏​សំខាន់​មួយសម្រាប់​វិនិយោ​គិន ធុរជន​កម្ពុជា និង​បរទេសអាច​ស្វែងរក​ព័ត៌​មាន​ពាក់ព័ន្ធ​ទាំង​អស់​នៃ​ការ​ធ្វើ​អាជីវ​កម្ម ​និង​ឱកាស​វិនិ​យោគ​ ជាពិសេស​ដៃគូ​អាជីវ​កម្ម ​ក្នុងនា​មក្រសួង​ពាណិជ្ជកម្ម​ ខ្ញុំ​សូម​យក​ឱកាស​នេះ​ស្វា​គមន៍​ធុរ​ជន​ និង​វិនិ​យោ​គិន​បរ​ទេស​ទាំង​អស់​ដែល​មាន​គម្រោង​ប្រកបអា​ជីក​ម្មនិង​វិនិ​យោគ​នៅ​កម្ពុជា​»​។

​លោក​បាន​បន្តថា រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក៏បាន​ដាក់​ចេញនូវ​ទស្សន​វិស័យ​វែង​ឆ្ងាយ​និង​ច្បាស់​លាស់ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ខាង​មុខ​ដោយ​បាន​បង្កើត​ច្បាប់​វិនិ​យោគ​ថ្មី​របស់​កម្ពុជា មាន​គោល​បំណង​សម្រួល​បរិយា​កាស​សម្រាប់អាជី​វកម្ម និង​ការ​វិនិ​យោគដែល​នេះ​គឺជា​សមិទ្ធ​ផល​ថ្មីៗរបស់​កម្ពុជា​សម្រាប់​កំណើន​សេដ្ឋ​កិច្ច​ជាតិ ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី និង​ពហុ​ភាគី ព្រមទាំង​ទាក់​ទាញការវិនិ​យោគ​ផ្ទា​ល់ពី​បរ​ទេស​។ 

​លោក ចាន់ សុ​ឃាំង ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបាន​ឱ្យដឹង​ដែរ​ថា ក្រៅពី​ការ​ចូល​រួម​ការតាំង​ពិ​ព័រណ៍​សម្រាប់​ផលិត​ផល​អង្ករ នៅ​កោះ​ពេជ្រ​ហើយ​លោក​ក៏បាន​ចូលរួម​នៅក្នុង​ជំនួប​ពាណិជ្ជ​កម្មដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ពាណិជ្ជ​កម្មដែល​នេះ​ជា​មោទន​ភាព​សម្រាប់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​មាន​ឱកាស​ក្នុងការ​ការ​ផ្លាស់​ប្តូរប​ទ​ពិសោធន៍ជា​មួយ​សមា​គម​ពាណិជ្ជ​កម្ម​បរ​ទេស​មួយ​ចំនួន ។​

​លោក​បាន​បញ្ជាក់​ថា​៖«​យើង​អរគុណចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ភាគី​ពាក់​ព័ន្ធ​ចំពោះ​ការប្តេជ្ញា​ចិត្ត និង​កិច្ច​សហប្រតិ​បត្តិ​ការល្អ ក្នុង​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើងនិង​សូម​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​រៀបចំ​កម្ម​វិធី​បែប​នេះជាប្រចាំដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិ​បត្តិ​ការ​ពា​ណិ​ជ្ជ​កម្ម​រវាង ​វិស័យ​ឯក​ជន​កម្ពុជា ​និង​បរទេស​»​។​

​សូម​ជម្រា​បថា ព្រឹត្តិ​ការណ៍​ពិព័រណ៍​​នេះ​មាន​រយៈ​ពេល​ ៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៨ ខែធ្នូ ​ដោយ​មានការ​គាំទ្រនិង​ចូល​រួម​យ៉ាង​ច្រើន​ពី​ប្រទេស​ជា​មិត្ត​ដូចជា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ភូមា ហ្វីលី​ពីន ថៃ វៀត​ណាម ឡាវ ម៉ាឡេ​ស៊ី ចិន សា​ធារណ​រដ្ឋ​កូរ៉េ ​ប៉ា​គី​ស្ថាន ​ឥណ្ឌា ​តួក​គី ជប៉ុន ​នូវែលសេឡង់ អូស្ត្រា​លី បារាំង​អាល្លឺម៉​ង់ ព្រម​ទាំង​វិស័យ​សាធា​រណៈ និង​ឯក​ជន​ក្នុងស្រុក​។​ក្នុង​នោះ​មាន​ក្រុម​ហ៊ុននិង​សហ​គ្រាស​ចូល​រួម​សរុប​ចំនួន ​១៣៦ ​ក្រុមហ៊ុន​ សហ​គ្រាសក្នុង​នោះមាន​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ចំនួន​ ៨៦ និង​មាន​ស្តង់​សរុប​ចំនួន​ ២៣២ ​ស្តង់ ​ឯ​ស្តង់​ក្នុង​ស្រុក​ចំនួន​ ១៦៤ ​ស្តង់​៕