ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមព្រះរាជសាររបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៨ ខែធ្នូ បានឱ្យដឹងថា ព្រះអង្គនឹងអវត្តមានពីមាតុប្រទេស នៅថ្ងៃទី១៩-២០-២១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រះអង្គមានព្រះរាជបន្ទូលថា៖ «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា ជាការពិតទំនាក់ទំនងចិនត្រូវបានកត់សម្គាល់ដោយការផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការញឹកញាប់ជាប្រក្រតី ដែលទាំងនេះជាសូចនាករបង្ហាញពីភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងរវាងប្រទេសទាំង២ផងដែរ។
លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រទៅកាន់ខេត្ត Fujian នេះគឺជាតម្លៃបន្ថែមមួយទៀតដែលបង្ហាញឱ្យឃើញនូវទំនាក់ទំនងកម្ពុជា-ចិនកាន់តែស៊ីជម្រៅ ដែលអាចនិយាយបានថាក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងជាមួយនឹងកម្ពុជាដែលជាប្រទេសមានការអភិវឌ្ឍ គឺមានតែប្រទេសចិន ទេដែលការផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការ ញឹកញាប់ជាប្រចាំ និងអចិន្ត្រៃយ៍រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង២។
លោក គិន ភា បានបញ្ជាក់ថា ៖ «បើយើងពិនិត្យជារួមទំនាក់ទំនងកម្ពុជា-ចិនមកដល់ពេលនេះគឺដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ដោយឈរលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសគឺទំនាក់ទំនងលើវិស័យវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីចិន ដែលភាគច្រើនក៏បានរីកដុះដាលនៅក្នុងសង្គមកម្ពុជាដែរ»។
ជាងនេះទៀត លោកក៏បានលើកឡើងដែរថា សម្រាប់ទិដ្ឋភាពនយោបាយ ប្រទេសទាំង២ បានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាទាំងក្របខណ្ឌទ្វេភាគី ពហុភាគី ហើយទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ ក៏មានទំហំធំឡើង ដោយមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ចិន ហើយប្រទេសទាំង២ ជាសមាជិកនៃក្របខ័ណ្ឌសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) រួមនឹងយន្តការពហុភាគីជាច្រើនទៀតដែលប្រទេសទាំង២ គាំទ្រគ្នា។
សូមរំឭកដែរថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានយាងធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាពកាលពីចុងខែសីហា ឆ្នាំ២០២៣កន្លងទៅ៕