ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេល ៣ ខែ មានរោងចក្រជាង ២០០រោងចក្រ ដែលមានកម្មករ កម្មការិនីជាង ១៨ ម៉ឺននាក់ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាមួយក្រសួង។
ក្រសួងបរិស្ថាន បានឱ្យដឹងថា គិតចាប់ពីដាក់ចេញយុទ្ធនាការនេះ កាលពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ កម្មករកម្មការិនីសរុបចំនួន ១៨២ ០២៨នាក់ ដែលមានរោងចក្រ សហគ្រាសចំនួន ២៦១រោងចក្រ នៅទូទាំងប្រទេស បានប្តេជ្ញាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
ក្នុងនោះក្រសួងបរិស្ថាន ក៏បានចុះធ្វើការផ្សព្វផ្សាយបានចំនួន ៣១៦លើក នៅក្នុងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
ក្រៅពីនេះ ក្រសួងក៏បានចុះធ្វើការផ្សព្វផ្សាយនៅក្នុងខេត្តស្ទឹងត្រែង ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តកំពង់ធំ និងខេត្តស្វាយរៀង រួមទាំងរាជធានីភ្នំពេញផងដែរ។
ក្រសួងបរិស្ថានបន្តថា ៖ «ខណៈដែលមានការចូលរួមពីកម្មករ កម្មការិនីរោងចក្រ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ក៏មានការចូលរួមពីលោកគ្រូអ្នកគ្រូសរុបចំនួន ១២២ ៥២៩នាក់ និងសិស្សានុសិស្សសរុបចំនួនជាង ៣លាននាក់ ដែលមានសាលារៀនសរុបចំនួន ៧ ៥១២សាលា ហើយនិងអ្នកចូលរួមផ្សេងៗទៀតសរុបចំនួន ៤១៤ ២៥១នាក់ ក្នុងនោះមានវត្តអារាម ៣៤កន្លែង និងសហគមន៍ទីប្រជុំជនចំនួន ៧៧កន្លែង នៅទូទាំងប្រទេសកម្ពុជា»។
កាលពីចុងខែតុលាកន្លងទៅនេះលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចេញលិខិតអំពាវនាវ និងស្នើទៅដល់វិស័យឯកជនទាំងអស់ ចូលរួមដឹកនាំកម្មករ និងបុគ្គលិករបស់ខ្លួន អនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះនៅតាមស្ថាប័នរបស់ខ្លួន ក្រោយពេលក្រសួង បានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ នៅតាមសាលារៀនក្នុងខេត្តមួយចំនួន។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានថ្លែងនៅថ្ងៃទី១៨ ខែធ្នូថា បញ្ហាការប្រើប្រាស់ប្លាស្ទិកនៅប្រទេសកម្ពុជា គឺមានភាពទូលំទូលាយខ្លាំង និងងាយស្រួលប្រើប្រាស់ ខណៈដែលមកដល់ពេលនេះលោកថា មិនទាន់ឃើញមានយន្តការណាមួយពីក្រសួងបរិស្ថាន ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាល ធ្វើការបង្កើនតម្លៃប្លាស្ទិកនៅលើទីផ្សារ និងបញ្ឈប់ការចែកចាយប្លាស្ទិកដោយឥតគិតថ្លៃជាដើម។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងបរិស្ថាន ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាល រៀបចំយន្តការមួយចំនួនក្នុងការដំឡើងពន្ធ ឬក៏វិធានការទីផ្សារក្នុងការប្រឆាំងជាមួយនឹងការនាំចូលប្លាស្ទិកហ្នឹង»។
លោកហេង គឹមហុង បានបន្ថែមថា ប្រសិនជាកាលណាប្លាស្ទិកនៅតែបន្តមានតម្លៃធូរថ្លៃ និងងាយស្រួលក្នុងការនាំចូល នោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលក្រសួងដាក់ចេញ និងកំពុងធ្វើជាមួយវិស័យឯកជន រោងចក្រ សហគ្រាស និងសាលារៀន វាអាចនឹងពិបាក ដើម្បីទប់ស្កាត់។
សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលយុទ្ធសាស្រ្តស្នូលនេះ ផ្តោតលើមុំសំខាន់៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឆ្លើយតបនឹងបញ្ហាសកលនៃការប្រែប្រួលអាកាសធាតុ៕