បន្ទាយមានជ័យៈ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែតនេះ គឺជាទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្ដល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។នេះជាការថ្លែងរបស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតី លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមនឹងមន្រ្តី និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក ជា សុមេធី បានថ្លែងថា ៖ «មជ្ឈមណ្ឌលនេះ គឺជាទឡ្ហីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់សេវាសមស្រប ទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេស និងឆ្លងកាត់ព្រំដែន ជាពិសេសការជួយជនរងគ្រោះ តាមរយៈការស្ដារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ»។
លោកបន្តថា ជាក់ស្ដែងមជ្ឈមណ្ឌលមានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន៥មុខជំនាញ រួមមាន៖ កាត់ដេរ សាឡន ធ្វើម្ហូប/បង្អែម អគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់។
តាមរយៈកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ, ក្រសួងសង្គមកិច្ចបានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលថៃ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រថៃ (TICA ) នូវអគារមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
លោក ជា សុមេធី បានលើកឡើងថា អគារមជ្ឈមណ្ឌលនេះ បានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ ដុល្លារ លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមលោក ជា សុមេធី ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចបានទទួលជនរងគ្រោះដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសនានា សរុប ២៧៦នាក់ (ស្រី២៦៦នាក់ និងកុមារី២នាក់) ក្នុងនោះមានមកពីប្រទេសចិន ២៦៣នាក់ និងម៉ាឡេស៊ី ចំនួន ១៣នាក់។
ជនរងគ្រោះដែលជាជនបរទេសនៅក្នុងស្រុក(ជួញដូរកម្លាំងពលកម្ម) សរុប ៩៣នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន ៣៥នាក់, ជនជាតិឥណ្ឌា ៣នាក់, ជនជាតិហ្វីលីពីន ២៧នាក់ និងជនជាតិឥណ្ឌូនេស៊ី ២៨នាក់។
លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្តថា ដោយឡែកសម្រាប់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ក្នុងរយៈពេល៩ខែឆ្នាំ២០២៣បានទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់មកពីប្រទេសថៃ សរុបចំនួន ១៦ ៣៤៩នាក់ (ស្រី៨ ០៤៥នាក់ ប្រុស ៦ ៨៤៩នាក់ កុមារា ៧៦២នាក់ កុមារី ៦៩៣នាក់)។
លោក ជា សុមេធី បានថ្លែងថា ៖ «ខ្ញុំសង្ឃឹមជឿជាក់ថា តាមរយៈសមិទ្ធផលចំពោះមុខនេះ នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស កាន់តែមានប្រសិទ្ធភាពថែមទៀត»។
ចំណែក លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានថ្លែងដែរថា មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទា ជនរងគ្រោះប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក្នុងការជួយដល់ជនរងគ្រោះ ជាពិសេសពលករ ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ ដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស»។
រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនកិច្ចសហការបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលថៃ និងបណ្ដាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។
លោកបានបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើទាំងនោះឱ្យបានកាន់តែខ្លាំងក្លា ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ។ យើងធានាថា ជនរងគ្រោះទាំងអស់ នឹងទទួលបានយុត្តិធម៌ និងសេវាគាំទ្រ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន»។
ក្នុងឱកាសនោះដែរ លោក ស សុខា បានអំពាវនាវ និងស្នើសុំឱ្យរាជរដ្ឋាភិបាលថៃ បន្តកិច្ចសហការល្អ និងផ្តល់ការគាំទ្របន្ថែមទៀត ទាំងធនធានបច្ចេកទេស និងថវិកា ដើម្បីគាំទ្រដល់កិច្ចដំណើរការ របស់មជ្ឈមណ្ឌលនេះក្នុងការផ្តល់សេវាជូនដល់ជនរងគ្រោះនិងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
លោកបន្ថែមថា ៖ «សូមឱ្យអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា បន្តកិច្ច សហការល្អជាមួយនឹងក្រសួង ស្ថាប័នរដ្ឋាភិបាល ដោយឡែកជាមួយក្រសួងសង្គមកិច្ច ដើម្បីអនុវត្តគម្រោងកម្មវិធីនានា សំដៅជួយដល់កិច្ចការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងផ្តល់នូវសេវាឆ្លើយតបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព»។
ទាក់ទងនឹងមណ្ឌលនេះដែរ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា បានថ្លែងកាលពីថ្ងៃទី១៧ ខែធ្នូថា អ្វីដែលជនរងគ្រោះត្រូវការបំផុតនោះ គឺសេវាសង្គម និងសេវាយុត្តិធម៌ ខណៈដែលកន្លងមកនេះ ជនរងគ្រោះហាក់បីដូចជាមិនទទួលបានសេវាទាំងនេះពេញលេញ។ ដូចនេះ មណ្ឌលនេះគឺជាចំណែកមួយ ជួយបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាសេចក្ដីត្រូវការរបស់ជនរងគ្រោះដោយទទួលរងនូវអំពើជួញដូរ ហើយត្រូវបានរំដោះមកស្រុកកំណើតវិញ ទទួលបានជំនាញជាមុខរបរអាចចិញ្ចឹមជីវិតបាន៕