ភ្នំពេញៈ យុវជនម្នាក់កំពុងឈរនិយាយអំពីរូបភាព ដែលខ្លួនបានថតពាក់ព័ន្ធនឹងប្រធានបទ «អំពើពុករលួយ និងផលប៉ះពាល់» ពន្យល់ទៅដល់អ្នកចូលរួមជាច្រើនដែលបានដើរមើលរូបថត និងរូបគំនូរដែលដាក់តាំងនៅក្នុងសាលធំនៃសណ្ឋាគារ ១ នៅជាប់មាត់ទន្លេក្នុងរាជធានីភ្នំពេញ។
មានយុវជនដទៃទៀតជាច្រើនក៏បានចូលរួមដាក់តាំងរូបភាពរបស់ខ្លួនផងដែរ។ សកម្មភាពនៃការចូលរួមរបស់យុវជនយ៉ាងនេះអាចដោយសារតែបញ្ហាអំពើពុករលួយនៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា។
កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ អង្គការតម្លាភាពកម្ពុជា បានរៀបចំការប្រកួតប្រជែងរូបថត និងគំនូរក្រោមប្រធានបទ «អំពើពុករលួយ និងផលប៉ះពាល់» ដើម្បីចូលរួមប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ។
ពេលព្រឹកថ្ងៃរៀបចំកម្មវិធីនេះ យុវជន យុវតីដែលបានថតរូប និងគូររូបពាក់់ព័ន្ធនឹងប្រធានបទបានរូតរះទៅដល់មុនកម្មវិធីចាប់ផ្តើម និងបានរៀបចំដាក់តាំងរូបភាពរៀងៗខ្លួន ដើម្បីបង្ហាញដល់អ្នកចូលរួមជាច្រើនដែលមកពីអង្គការសង្គមស៊ីវិល សហគមន៍ អ្នកសិក្សាស្រាវជ្រាវ និងស្ថាប័នរាជរដ្ឋាភិបាលក្នុងបំណងទាក់ទាញចំណាប់អារម្មណ៍ក្នុងការចូលរួមលុបបំបាត់អំពើពុករលួយ។
កញ្ញា វ៉ែង ជីវៃ និស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាននិយាយក្នុងកាយវិការ និងពាក្យសម្តីទន់ភ្លន់ទៅកាន់អ្នកចោមរោមមើលរូបគំនូររបស់នាង ដែលបង្ហាញពីដើមឈើមានខ្លឹមល្អ ១ ដើម ដួលដេកដល់ដីដោយសារដង្កូវពណ៌សៗស៊ីរូងដើមឈើនោះ។
ជីវ៉ៃ ប្រាប់ថា ដង្កូវដែលស៊ីដើមឈើមាំ ១ ដើមរហូតដួលនេះ ប្រៀបដូចជា អំពើពុករលួយដែលកំពុងកើតមានក្នុងសង្គម បើសិនជាគ្រប់គ្នាមិនចាប់អារម្មណ៍ មិនចូលរួមនិយាយ មិនបដិសេធ ឬបញ្ចេញសកម្មភាពលុបបំបាត់ទេនោះ វានឹងកាន់តែរីករាលដាលខ្លាំងឡើងៗ ទីបំផុតសង្គមទាំងមូលនឹងត្រូវរលាយ។
ជីវៃនិយាយថា៖ «ការចូលរួមប្រឡងរបស់ខ្ញុំ គឺចង់បង្ហាញអំពីការយកចិត្តទុកដាក់ចូលរួមលុបបំបាត់អំពើពុករលួយ ហើយក្នុងនាមខ្ញុំជាយុវជន ១ រូប ក្រៅពីការខំរៀន ខ្ញុំត្រូវតែធ្វើអ្វីល្អៗដែលអាចជួយសង្គមបានដូចជាការលើកស្ទួយសង្គមជាតិមិនត្រូវប្រើចំណេះដឹងដែលបានរៀនទៅកេងប្រវ័ញ្ចគាបសង្កត់អ្នកដទៃ ស៊ីសំណូក សូកប៉ាន់អីទេ ត្រូវធ្វើយ៉ាងណាឱ្យមានភាពជាគំរូល្អ»។
មិនឆ្ងាយពីគ្នាប៉ុន្មាន កញ្ញា ហី ចាន់នី និស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ ១ នៅរាជធានីភ្នំពេញ ក៏បានបង្ហាញរូបគំនូរផ្ទាល់ដៃរបស់នាងផងដែរ។
កញ្ញាទទួលស្គាល់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការលុបបំបាត់បញ្ហាអំពើពុករលួយនៅក្នុងសង្គមជាតិផងដែរ ប៉ុន្តែអំពើពុករលួយដែលនៅតែកើតមានអាចបណ្តាលមកពីអ្នកធំ អ្នកមានលុយ មានអំណាចមួយចំនួន ហេតុនេះការដកឫសគល់អ្នកទាំងនោះឱ្យអស់អាចជាវិធីមានប្រសិទ្ធភាពមួយ។
កញ្ញានិយាយថា៖ «បើសិនជាអ្នកធំប្រព្រឹត្តអំពើពុករលួយ យើងគួរតែកម្ចាត់ឫសកែវនោះឱ្យបាន ព្រោះបើសិនជាអ្នកធំនៅតែធ្វើ អ្នកតូចក៏មិនឈប់ដែរ»។
កញ្ញាឆាយ ពេជ ជេស៊ីកា សិស្សថ្នាក់ទី១២ នៅសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រែកលាភ បានបង្ហាញពីរូបគំនូរដៃម្ខាងរបស់មនុស្សកាន់ជញ្ជីងថ្លឹងដែលម្ខាងផ្ទុកដោយបេះដូង និងម្ខាងទៀតគឺលុយ។ កញ្ញាប្រាប់ពីអត្ថន័យគំនូរនេះថា មិនសំដៅដល់តុលាការទេ ប៉ុន្តែសំដៅលើសង្គមទាំងមូល ដែលផ្តល់តម្លៃលើទឹកលុយខ្លាំងជាងទឹកចិត្ត និងសេចក្តីទៀងត្រង់របស់មនុស្ស។
កញ្ញាបញ្ជាក់ថា៖ «ដើម្បីលុបបំបាត់ចំណុចនេះខ្ញុំគិតថា វាពាក់ព័ន្ធជាមួយការគិតរបស់ប្រជាជនយើង ដែលរស់នៅក្នុងសង្គមហ្នឹងតែម្តង បើសិនជាយើងឈប់ឱ្យតម្លៃទៅលើទឹកលុយ ហើយបែរមកប្រើប្រាស់គំនិត ការគិត ផ្តល់តម្លៃសមគួរដល់អ្នកមានសមត្ថភាពទោះក្នុងកិច្ចការអ្វីកន្លែងណា ទីណាក៏ដោយ នោះនឹងនាំមកនូវយុត្តិធម៌សង្គមមិនខាន»។
លោក ភួង ខេមរា ជាយុវជនម្នាក់ទៀត ដែលបានដាក់បង្ហាញស្នាដៃថតរូបរបស់ខ្លួនអំពីសកម្មភាពស៊ីសំណូកសូកប៉ាន់ ធ្វើនៅទីងងឹតដោយរូបថតបានរំលេចចេញតែដៃមនុស្សកាន់កញ្ចប់លុយហុចទៅដៃមនុស្សម្នាក់ទៀតជាអ្នកទទួល។
ខេមរា បញ្ជាក់អត្ថន័យរូបថតនោះថា មនុស្សមួយចំនួននៅក្នុងសង្គមបានគិតថា មានលុយ គឺមានអំណាច ដែលជាខ្សែសណ្តោងពួកគេដើម្បីបានតួនាទី និងប្រយោជន៍។ ប៉ុន្តែអំពើមួយនេះ បានបំបាក់ទឹកចិត្តអ្នក ដែលមានសមត្ថភាពពិតប្រាកដ និងធ្វើឱ្យមានភាពអយុត្តិធម៌ ក្នុងសង្គម។
ដើម្បីកុំឱ្យមានសកម្មភាពបែបនេះ នៅតាមស្ថាប័នសាធារណៈទាំងអស់ត្រូវតែធ្វើការជ្រើសរើសមន្ត្រីដើម្បីទទួលបានអ្នកមានសមត្ថភាពពិតប្រាកដ តាមរយៈការធ្វើតេស្តសមត្ថភាពជាក់ស្តែង និងមើលពីប្រវត្តិរូបបុគ្គលឱ្យបានច្បាស់លាស់ ចៀសវាងផ្តល់មុខតំណែង តួនាទី ដោយការប្រើប្រាស់សំណូក។
លើសពីនេះទៀត សង្គមជាតិលែងមានអំពើពុករលួយទៅបាន លុះត្រាតែគ្រប់គ្នា ស្អប់អំពើពុករលួយមានការប្តេជ្ញាចិត្តខ្ពស់ឈប់ពាក់ព័ន្ធរឿងស៊ីសំណូកសូកប៉ាន់ទោះក្នុងរូបភាពណាក៏ដោយ។
លោកខេមរាថ្លែងទៀតថា៖ «អំពើពុករលួយអាចបញ្ចប់បាន គឺផ្តើមចេញពីយើងទាំងអស់គ្នាមិនមែនទាល់តែរាជរដ្ឋាភិបាលដាក់គោលដៅលុបបំបាត់អំពើពុករលួយហើយ អំពើនោះនឹងបញ្ចប់ទេ។ បើសិនជារាជរដ្ឋាភិបាលដាក់គោលដៅហើយ ប៉ុន្តែប្រជាជននៅតែប្រព្រឹត្តអំពើហ្នឹងទៀត នោះអំពើពុករលួយនៅតែបន្តមាន»។
លោកស្រី ប៉ុក ម៉ារីណា ប្រធានក្រុមប្រឹក្សាភិបាលអង្គការតម្លាភាពកម្ពុជាថ្លែងថា រូបភាពដែលបានដាក់តាំងបង្ហាញធ្វើការប្រកួតប្រជែងដោយយុវជនទាំងនេះគួរឱ្យចាប់អារម្មណ៍ជាខ្លាំងដោយសាររូបទាំងនោះមើលទៅមានគុណភាពក្នុងការងារសិល្បៈ ក៏ដូចជាការផ្សារភ្ជាប់ រវាងក្មេងៗជំនាន់ថ្មីជាមួយនឹងសង្គមទាក់ទងនឹងអំពើពុករលួយ។
អំពើពុករលួយ គឺជាជំងឺមួយដែលនៅរ៉ាំរ៉ៃ ហើយពិតណាស់វាបានប៉ះពាល់យ៉ាងច្រើនទៅលើអាទិភាពរបស់មនុស្សជាតិ ព្រមទាំងប៉ះពាល់ទៅលើសេដ្ឋកិច្ច បរិស្ថាន និងនយោបាយផងដែរ។ ជាមួយគ្នានោះ អំពើពុករលួយក៏អាចធ្វើឱ្យការទទួលបានធនធានសាធារណៈមានកម្រិត ប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
លោកស្រីថ្លែងថា៖ «ជំហានសំខាន់ដែលយើងត្រូវតែចាប់ផ្តើមធ្វើ គឺស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយអំពើពុករលួយ ដែលយើងត្រូវផ្តោតទៅលើវប្បធម៌ឱ្យមានទំនុកចិត្តរវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្នុងការបង្កើតសង្គមមួយដែលយុត្តិធម៌ទៀងត្រង់ស្មើគ្នា ដែលគ្រប់គ្នាទទួលបានសារប្រយោជន៍ ស្មើគ្នាពីការអភិវឌ្ឍប្រទេស»។
សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងទិវាប្រឆាំងអំពើពុករលួយ ៩ ធ្នូ បានឱ្យដឹងថា នៅកម្ពុជា មិនមែនមានតែស្ថាប័នប្រឆាំងអំពើពុករលួយតែឯង ដែលបំពេញបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុករលួយនោះទេ។ រាជរដ្ឋាភិបាល គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជនបានរួមគ្នាមិនឈប់ឈរ អស់រយៈពេល ៦ អាណត្តិ មកហើយ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិមុន បានអនុវត្តជាបន្តបន្ទាប់នូវកំណែទម្រង់ស៊ីជម្រៅជាច្រើន ដែលបាននាំភាពរីកចម្រើន មានកំណើនសេដ្ឋកិច្ចខ្ពស់។
បាវចនាដ៏ប្រជាប្រិយដែលគេងាយចាំ ងាយយល់ ងាយអនុវត្ត ងាយនាំគ្នាកែទម្រង់នោះគឺពាក្យ «ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាល និងវះកាត់» ដែលជាពាក្យរបស់លោកហ៊ុន សែន។
លោកថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំក៏នៅតែបន្តហើយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ ពាក្យនេះ ហើយប្រាកដ ណាស់បើយើងឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាល និងវះកាត់បានជាប្រចាំ សង្គមយើង នឹងបន្តទទួលបានភាពស្អាតស្អំក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងក្នុងកម្មវិធីប្រគំតន្ត្រីអបអរសាទរទិវាជាតិអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយនាថ្ងៃទី ៩ ធ្នូ នៅមុខសាលមហោស្រពកោះពេជ្រ កាលពីថ្ងៃទី ៦ ខែធ្នូ ឱ្យដឹងថា សម្រាប់ឆ្នាំនេះអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំពិធីអប់រំផ្សព្វផ្សាយពីបញ្ហាអំពើពុករលួយ នៅតាមសាលារៀនមួយចំនួនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដោយមានទាំងការប្រគំតន្ត្រីខ្នាតតូច ការសម្តែងសៀក សំណួរចម្លើយយករង្វាន់ ការចងបដាមូលដ្ឋាន ទីផ្សារ ទីរមណីយដ្ឋាន ក្រុមហ៊ុន និងតាមដងផ្លូវផងដែរ។
លោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្លែងថា បច្ចុប្បន្នអំពើពុករលួយនៅតែជាកម្មវត្ថុមួយដែលគ្រប់ៗគ្នាត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងដោយស្មារតីទទួលខុសត្រូវខ្ពស់។
បើទោះបីសកម្មភាពខ្លះមើលទៅហាក់ដូចជាសាមញ្ញក្តី តែក៏កំពុងក្លាយទៅជាចំណុចត្រូវតែកែប្រែឱ្យទៅជាទម្លាប់ថ្មី ដែលទម្លាប់ថ្មីនេះត្រូវតែដុសខាត់ដោយលិខិតបទដ្ឋានច្បាប់ និងវិធានការទប់ស្កាត់ ផងដែរ។
ប្រភពដដែលបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានជំរុញការកែទម្រង់ឈានឆ្ពោះទៅរកអភិបាលកិច្ចល្អ ដែលបានកំណត់យ៉ាងច្បាស់ពីការពង្រឹងការប្រយុទ្ ធប្រឆាំងអំពើពុករលួយដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់តាមរយៈការលើកកម្ពស់ការអនុវត្តវិធានការស្នូលទាំង ៣។
លោកស្រីថ្លែងថា៖ «វិធានការស្នូលទាំង ៣ នះ គឺការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់លើកស្ទួយភាពស្អាតស្អំ ក្នុងរដ្ឋបាលសាធារណៈ និងវិស័យឯកជនលើកកម្ពស់អភិបាលកិច្ច និងការត្រួតពិនិត្យផ្ទៃក្នុង ការចូលរួមជាមួយសហគមន៍អន្តរជាតិលើការប្រយុទ្ ធប្រឆាំងអំពើពុករលួយ និងប្រឆាំងការសម្អាតប្រាក់»។
ក្នុងឱកាសនោះដែរលោកស្រី ម៉ែន សំអន ក៏បានអំពាវនាវដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងភាពស្អាតស្អំ និងការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងរៀបចំ និងពង្រឹងយន្តការគ្រប់គ្រងផ្តល់សេវាសាធារណៈប្រកបដោយលក្ខណៈទំនើបឆាប់រហ័ស និងតម្លាភាព ចៀសវាងពីអំពើពុករលួយ ការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន៕