
មន្ទីរពេទ្យគន្ធបុប្ផាបានទទួលថវិកា ១៥២ លានរៀល ពីព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌។ រូបថត Dr. Beat Richner's Page
ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាជាង ១៥២ លានរៀល ពីព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌ ដែលបានរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយរាល់ថវិកាបរិច្ចាគពីសប្បុរសធម៌ បានរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។
លោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៨ ខែធ្នូថា មន្ទីរពេទ្យគន្ធបុប្ផា បានទទួលចំនួនទឹកប្រាក់បរិច្ចាគចំនួន ១៥២ លានរៀល ពីព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ថវិកាបរិច្ចាគនេះ នឹងចាត់ចែងជួយសង្គ្រោះទៅដល់កុមារនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញជាដើម។
លោកបញ្ជាក់ថា៖ «រាល់ថវិកាដែលទទួលបានពីសប្បុរសធម៌ ទាំងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ គឺយើងយកទៅបម្រើសេវាព្យាបាលជំងឺ និងពិនិត្យជំងឺទាំងក្នុង និងក្រៅ ក្នុង ១ ថ្ងៃ មានកុមារចូលមកពិនិត្យជំងឺពី ៣ ០០០ នាក់ ទៅ ៥ ០០០ នាក់ ហើយកុមារមកសម្រាកនៅក្នុងមន្ទីរពេទ្យពី ៤០០ នាក់ ទៅ ៥០០ នាក់ ជាមធ្យមរៀងរាល់ថ្ងៃ»។
បើតាមលោក យ៉ៃ ចន្ទនា ក្រៅពីនេះ ទាំងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក្នុង ១ ថ្ងៃមានកុមារចូលមកវះកាត់ពី ៥០ ករណី ទៅ ៦០ ករណីក្នុងនោះមានកុមារចូលមកវះកាត់បេះដូងនៅមន្ទីរពេទ្យទាំង ២ នេះ ក្នុង ១ ថ្ងៃ ៥ ករណី។ លើសពីនេះក៏មានស្ដ្រីចូលមកសម្រាលកូនក្នុង ១ ថ្ងៃ ៧០ នាក់ និងពិនិត្យផ្ទៃពោះជាមធ្យមក្នុង ១ ថ្ងៃមានពី ៣០០ នាក់ ទៅ ៥០០ នាក់។
លោកបន្តថា ដូច្នេះរាល់ការព្យាបាលទាំងអស់ រួមទាំងការវះកាត់កុមារ និងការព្យាបាលស្ដ្រីសម្រាលកូន គឺមិនមានការគិតថ្លៃទេ ជាពិសេសក្រុមគ្រូពេទ្យ ដែលជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញ និងខេត្តសៀមរាប គឺពួកគាត់អត់មានសិទ្ធិទៅបើកមើលជំងឺខាងក្រៅឡើយ។
លោកបន្ថែមថា៖ «រាល់ជំនួយរបស់សប្បុរសធម៌ទាំងជាតិ និងអន្តរជាតិ និងតាមរយៈការរៀបចំកម្មវិធីផ្សព្វផ្សាយផ្សេងៗ នឹងធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ នៅបន្តដំណើរការល្អដដែល និងបន្តអភិវឌ្ឍការព្យាបាល វះកាត់ និងការព្យាបាលជំងឺមហារីកជូនទៅដល់កុមារ បានរហ័ស និងឆ្លើយតបទាន់ពេលវេលាក្នុងការសង្គ្រោះអាយុជីវិតកុមារកម្ពុជា»។
បើតាមហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ដែលមានឈ្មោះថា«សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ខ្មែររាត្រីសមោសរសប្បុរសធម៌» ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅប្រាសាទបាភួន ក្នុងក្រុងសៀមរាប ក្រោមកិច្ចសហការរៀបចំដោយក្រសួងវប្បធម៌ សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងមូលនិធិ ឌីភីប៊ី កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ថា អនាគតរបស់ជាតិ គឺពឹងទៅលើកុមារ ហើយបើកាលណាកុមារកម្ពុជាមានសុខភាពល្អ ក្នុងការសិក្សារៀនសូត្រ វាអាចជាអ្នកបន្តវេនដឹកនាំប្រទេសដើម្បីរួមចំណែកធ្វើឱ្យសង្គមជាតិនៅពេលអនាគតកាន់តែមានភាពរីកចម្រើន។
លោកស្រីថ្លែងថា៖ «យើងសង្ឃឹមថា រាត្រីសមោសរនេះ នឹងអាចបន្តទៅតាមលទ្ធភាពជារៀងរាល់ឆ្នាំដែលយើងអាចធ្វើបាន មិនសំខាន់ថា ការចូលរួមតិចក្ដី ច្រើនក្ដី ប៉ុន្តែវាជាទឹកចិត្តបរិច្ចាគរបស់យើងដែលអាចជួយទៅដល់អ្នកលំបាកក្នុងមន្ទីរពេទ្យ ជាពិសេសកុមារ»។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២ ក្រសួងវប្បធម៌ក៏បានរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ដោយទទួលបានថវិកាបរិច្ចាគទៅឱ្យមន្ទីរពេទ្យគន្ធបុប្ផាជាង ៨ ម៉ឺនដុល្លារផងដែរ៕