ភ្នំពេញៈ ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី បានលើកឡើងថា បញ្ហាជំងឺមិនឆ្លងជាបញ្ហារួម ដែលមិនត្រូវមើលរំលង ហើយមានភាពប្រទាក់ក្រឡានិងពហុវិស័យ ខណៈលោកស្រីក៏បានស្នើឱ្យភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្ត្របង្ការជំងឺមិនឆ្លងដល់ពលរដ្ឋឱ្យបានកាន់ផុលផុសច្រើន។
លោកស្រីបន្តថា ត្រូវចាត់ទុកជំងឺមិនឆ្លងជាបញ្ហារួមនិងគ្រប់ពហុវិស័យជាពិសេសក្នុងចំណោមស្ត្រី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ការពិនិត្យសុខភាព និងតម្លៃសមរម្យផងដែរ។
លោកស្រី ឃួន សុដារី លើកឡើងដូចនេះក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «វិធីសាស្ដ្របង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» ដែលប្រារព្ធធ្វើនាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣។
តាមរយៈហ្វេសប៊ុក លោកស្រី ឃួន សុដារី បានលើកឡើងថា ៖ «បញ្ហាជំងឺមិនឆ្លងជាបញ្ហារួម ដែលមិនត្រូវមើលរំលងហើយមានភាពប្រទាក់ក្រឡានិងពហុវិស័យ។ គ្មានប្រទេសណាមួយអាចរីកចម្រើនទៅកើតនោះទេ ពេលដែលពលរដ្ឋរបស់ខ្លួនគ្មានសុខភាពល្អ។ ជំងឺមិនឆ្លងជាបន្ទុកដ៏ធ្ងន់ធ្ងររបស់សង្គមជាតិហើយជាជំងឺដែលអាចបង្ការបាន»។
លោកស្រីក៏ស្នើឱ្យមានការគិតគូរពីលទ្ធភាព ក្នុងការធ្វើយុទ្ធនាការ «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង (Healthy Life, Healthy Cambodia)» ដោយមានការបញ្ចូលសារៈសំខាន់នៃការបរិភោគអាហារ មានជីវជាតិគ្រប់គ្រាន់ មិនសូវមានជាតិប្រៃ មានខ្លាញ់ទាបនិងការធ្វើកាយសម្បទាជាប្រចាំផងដែរ។
ការអប់រំសុខភាពមិនគួរផ្តោតត្រឹមតែការផ្តល់ព័ត៌មានដល់សហគមន៍ នូវអ្វីដែលពួកគេអាចធ្វើបាន ឬធ្វើមិនបាននោះឡើយ តែត្រូវគិតគូរលើការរស់នៅ និងការហូបចុកជាដើមផងដែរ។
លោកស្រីមានប្រសាសន៍ថា៖ «យើងត្រូវមានវិធានបែបសន្តិនិយម ដែលមានការគិតគូរដល់ការផ្លាស់ប្តូរឥរិយាបថ របៀបរបបរស់នៅ របៀបរបបហូបចុកនិងបរិស្ថានរស់នៅ ដោយប្រើប្រាស់ទិន្នន័យនិងបច្ចេកវិទ្យា រួមទាំងធ្វើយុទ្ធនាការឱ្យមានការគាំទ្រពីភ្នាក់ងារ សុខាភិបាលនិងសហគមន៍ ដូចជាអ្នកស្ម័គ្រចិត្តជាដើម ដល់អ្នកដែលរស់នៅតំបន់ដាច់ស្រយាល ពិបាកទទួលបានសេវាសុខាភិបាលនានា»។
នាឱកាសនោះដែរ លោកស្រីក៏បានស្នើអាជ្ញាធរសុខាភិបាលជាតិធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ក្នុងការចែករំលែកព័ត៌មាន ទិន្នន័យ កម្មវិធីបណ្តុះបណ្តាល និងការអនុវត្តល្អៗ ដើម្បីបង្កើតភាពជាដៃគូពហុវិស័យ ក្នុងការស្រាវជ្រាវ និងបង្ការជំងឺមិនឆ្លងឱ្យមានប្រសិទ្ធភាពខ្ពស់។សូមជម្រាបថា ជំងឺមិនឆ្លងមានដូចជា៖ ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងជំងឺមហារីក។
យោងតាមទិន្នន័យអង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់ សុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺមិនឆ្លងនេះ ដែលរៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៧ លាននាក់នៅលើសកលលោកបានស្លាប់ មុនពេលឈានចូលដល់វ័យ ៧០ ឆ្នាំ ដោយសារជំងឺមិនឆ្លងនេះ។
ចំនួននៃកត្តាហានិភ័យនៃជំងឺមិនឆ្លង បាននិងកំពុងកើនឡើងគ្រប់ទីកន្លែងទាំងនៅទីក្រុង និងតំបន់ជនបទ ដោយពួកគេបានប្រើប្រាស់ថ្នាំជក់ សេពគ្រឿងស្រវឹងគ្រឿងញៀន ទទួលទានបន្លែផ្លែឈើមិនគ្រប់គ្រាន់ ឬបន្លែ និងផ្លែឈើមានសារធាតុគីមីខ្ពស់ និងមិនសូវហាត់កីឡាជាដើម។
បើតាមលោកស្រី ឃួន សុដារី រាជរដ្ឋាភិបាលបានបន្តបង្កើនកញ្ចប់ថវិកាជាតិរហូតដល់ ៥៥០ លានដុល្លារសម្រាប់ឆ្នាំ ២០២៤ សម្រាប់ទ្រទ្រង់វិស័យសុខាភិបាល។
លោកស្រីថា៖ «រដ្ឋសភាកម្ពុជាបានអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការរួមចំណែកការពារ និងលើកកម្ពស់សុខភាពប្រជាជន។ រដ្ឋសភាបានអនុម័តច្បាប់ ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ឆ្លើយតបនឹងការបង្ការគ្រប់គ្រងជំងឺមិនឆ្លង និងដោះស្រាយវិសមភាពយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ ដូចជា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យជាដើម»។
សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់នេះ សហការរៀបចំដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារី នៃរដ្ឋសភានិងមានការគាំទ្រថវិកាដោយ វិទ្យាស្ថានសភាអាស៊ី។
សិក្ខាសាលានេះ គឺជាវេទិកាមួយក្នុងការរួមចំណែកដល់ការអនុវត្ត និងពង្រឹងក្របខ័ណ្ឌច្បាប់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លង នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។
យោងតាមការអង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ ២០១៩-២០២០ រកឃើញ ១៦,៥% នៃសមាជិកគ្រួសារចំនួន ៤៤ ៥៤៨ នាក់ មានជំងឺក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយមុនពេលការធ្វើអង្កេត ហើយក្នុងនោះ ៣១% (២ ២៧១នាក់) មានជំងឺមិនឆ្លង។
ជំងឺមិនឆ្លងទាំង៥ប្រភេទដែលមានផលប៉ះពាល់ដល់មនុស្សច្រើនបំផុត រួមមាន៖ ជំងឺសម្ពាធឈាមឡើងខ្ពស់ (៤០%) ជំងឺក្រពះ ពោះវៀន/រលាកក្រពះ (១៣%) ជំងឺបេះដូង (១០%) ជំងឺទឹកនោមផ្អែម (៩%) ជំងឺឈឺសន្លាក់ (៦%) និងជំងឺមិនឆ្លងផ្សេងៗទៀត (២១%)៕