ភ្នំពេញៈ កម្ពុជា-ជប៉ុន បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំង ២ រួមមាន វិស័យនយោបាយ ការពារជាតិ សេដ្ឋកិច្ច ខណៈភាគីទាំង ២ នឹងមានកិច្ចប្រជុំអន្តរក្រសួងមួយនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅដើមឆ្នាំ ២០២៤។
ការបញ្ជាក់ជំហរជាថ្មីនេះ ធ្វើឡើងតាមរយៈជំនួបទ្វេភាគីរវាងលោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅទីស្ដីការក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី ១៨ ខែធ្នូ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំង ២ បានរំឭកពីជំនួបប្រកបផ្លែផ្កាតាមទូរស័ព្ទកាលពីថ្ងៃទី ៣០ ខែតុលាកន្លងទៅ និងទទួលស្គាល់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា និងជប៉ុន ដោយសារជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួនផងនិងជាឆ្នាំដែលប្រទេសទាំង ២ បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «រដ្ឋមន្ត្រីការបរទេសទាំង ២ បានប្ដេជ្ញាចិត្តបន្តពង្រឹងនិងពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំង ២ រួមមាន វិស័យនយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ការបោសសម្អាតមីន ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍឌីជីថល និងសន្តិសុខអ៊ីនធឺណិតជាដើម»។
នាឱកាសនោះដែរ ភាគីទាំង ២ ក៏បានអបអរសាទរចំពោះ ជោគជ័យនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី១ រវាងក្រសួងការបរទេសទាំង ២ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំនេះឱ្យបានទៀងទាត់។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់សាជាថ្មីដោយថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងផ្ដល់ជំនួយ និងការគាំទ្រដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងជប៉ុន និងកម្ពុជា រដ្ឋមន្ត្រីទាំង ២ ទន្ទឹងរង់ចាំលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំអន្តរក្រសួងកម្ពុជា-ជប៉ុន ដែលគ្រោងរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅទីក្រុងភ្នំពេញនៅដើមឆ្នាំ ២០២៤ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងគោលនយោបាយជំនួយដល់កម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ ២០២៤-២០២៨។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ទំនាក់ទំនងកម្ពុជា-ជប៉ុនក្ នុងសម័យទំនើបនេះ ពោលគឺចាប់តាំងពីកម្ពុជាក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជប៉ុនតែងតែជួយកម្ពុជាចាប់តាំងពីដំណើរការស្វែងរកសន្តិភាព រហូតដល់កម្ពុជាមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ ដែលជប៉ុននៅជាប់ជាមួយកម្ពុជា។
លោកបានបន្តថា ជាករណីពិសេសសម្រាប់ជប៉ុនក្នុងបញ្ហាជម្លោះនយោបាយនៅកម្ពុជាគឺជប៉ុនបានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនមកថែរក្សានៅកម្ពុជា ក្រោយពេលដែលអ៊ុនតាក់មករៀបចំសណ្តាប់ធ្នាប់ដើម្បីបោះឆ្នោតនៅកម្ពុជាលើកដំបូងឆ្នាំ ១៩៩៣។
លោក យង់ ពៅ បានបញ្ជាក់ថា៖ «អ៊ីចឹង!នេះជាករណីមួយដែលជប៉ុនមិនដែលបញ្ជូនកងទ័ពខ្លួនទៅបរទេសណាទេគឺមានតែបញ្ជូនមកកម្ពុជា ដោយសារតែធម្មនុញ្ញអង្គការសហប្រជាជាតិមិនអាចអនុញ្ញាតឱ្យជប៉ុនមានទ័ពអន្តរាគមន៍ជាអន្តរជាតិទេ ប៉ុន្តែចំពោះកម្ពុជា គឺជប៉ុនបានបញ្ជូនមកសម្រាប់ថែរក្សាសន្តិភាព»។
លោកបានបន្តទៀតថា ចំពោះទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន វិញ មិនដែលមានភាពរកាំរកូសនឹងគ្នាទេ គឺភាគីទាំង ២ តែងប្រើប្រាស់នយោបាយការទូតទន់ភ្លន់ទាំងសងខាង បើទោះជាកម្ពុជាស្ថិតក្នុងស្ថានការណ៍នយោបាយបែបណាក៏ដោយ ក៏ជប៉ុនមិនដែលបង្ហាញឥរិយាបថនយោបាយការទូតអវិជ្ជមានចំពោះកម្ពុជាដែរ។
រីឯទំនាក់ទំនងសង្គម និងអភិវឌ្ឍវិញ លោក យង់ ពៅ បានលើកឡើងថា ជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាច្រើនដែលជាប្រទេសនាំមុខក្នុងការផ្តល់ជំនួយដល់កម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធសង្គម និងច្បាប់ជាដើម។
សូមបញ្ជាក់ដែរថា រដ្ឋមន្ត្រីការបរទេសទាំង ២ (កម្ពុជា-ជប៉ុន) ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ បន្ថែមទៀតនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ និងអាស៊ាន-ជប៉ុន។
ភាគីទាំង ២ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាពាក់ព័ន្ធបញ្ហាតំបន់និងអន្តរជាតិដែលជាក្តីបារម្ភរួមដូចជា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងខាងកើត កូរ៉េខាងជើង និងជម្លោះអ៊ីស្រាអែលហាម៉ាស់ជាដើម៕