ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំកំពូលរំឭកខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៧ ខែធ្នូ ប្រទេសជប៉ុន និងអាស៊ាន បានគូសបញ្ជាក់ពីចក្ខុវិស័យរួមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជា «ដៃគូទុកចិត្ត»។
កិច្ចប្រជុំកំពូលនេះបានពិនិត្យឡើងវិញនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមក និងពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងអាស៊ាន-ជប៉ុន។
ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអាស៊ាន និងជប៉ុនបានអនុម័តសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម និងផែនការសកម្មភាពរបស់ខ្លួន ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំង ២ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ដែលទើបបានប្រកាសឱ្យអនុវត្តថ្មីៗ ដែលមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក។
ដោយមានវត្តមានលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ អាស៊ាន និងជប៉ុនបានទទួលស្គាល់នូវវឌ្ឍនភាពសំខាន់ៗ និងសមិទ្ធផលលេចធ្លោនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូជិតស្និទ្ធរបស់ខ្លួនក្នុងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយនេះ ចាប់តាំងពីឆ្នាំ ១៩៧៣ និងការរីកច្រើននៃតួនាទីរបស់អាស៊ានក្នុងសហគមន៍អន្តរជាតិ។
ភាគីទាំង ២ បានបញ្ជាក់ជាថ្មីនូវគោលការណ៍ គុណតម្លៃ និងបទដ្ឋានរួមដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងទទួលស្គាល់ថា ទាំងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) និងចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ជប៉ុន គឺជាគោលការណ៍ជាមូលដ្ឋានពាក់ព័ន្ធរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍រួមនេះបញ្ជាក់ថា៖ «យើងសូមបញ្ជាក់ថា មនុស្សទាំងអស់កើតមកមានសេរីភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិស្មើគ្នាព្រមទាំងហេតុផល និងសតិសម្បជញ្ញៈ ហើយគួរតែប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីនៃមនុស្សជាតិ»។
សេចក្តីថ្លែងការណ៍រួមនេះបញ្ជាក់ថា៖ «ចក្ខុវិស័យរបស់យើងគឺសម្រាប់ពិភពលោកមួយ ដែលជាគោលការណ៍ និងគុណតម្លៃរួម ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងការអនុវត្ត AOIP និងគោលការណ៍ដទៃទៀតដែលត្រូវបានធានា ហើយដែលប្រទេសទាំងអស់អាចស្វែងរកសន្តិភាព និងវិបុលភាព និងរក្សាគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អ និងការគោរព និងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។
ភាគីទាំង ២ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ភាគីទាំង ២ ក៏បានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើការបញ្ជ្រាប AOIP ដែលពង្រឹងគោលការណ៍សំខាន់នៃការបើកចំហ តម្លាភាព និងបរិយាបន្ននៅក្នុងនិម្មាបនកម្មតំបន់ដែលផ្តោតលើអាស៊ានដែលកំពុងវិវឌ្ឍន៍។
សេចក្តីថ្លែងការណ៍រួមនេះបានកត់សម្គាល់ថា៖ «ជាមួយនឹងការកសាងទំនុកចិត្តទៅវិញ-ទៅមក អាស៊ាន និងជប៉ុននឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញ-ទៅមក ក្រោមសសរស្តម្ភទាំង ៣ ដោយប្រកាន់ខ្ជាប់ឯកភាព និងមជ្ឈភាពអាស៊ាន។
អាស៊ាន និងជប៉ុនបានប្តេជ្ញាពង្រឹងទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់បន្ថែមទៀតនៃការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូអាស៊ាន-ជប៉ុន ព្រមទាំងប្តេជ្ញាខិតខំរួមគ្នាសហការបង្កើតសេដ្ឋកិច្ច និងសង្គមប្រកបដោយវិបុលភាព និងនិរន្តរភាព ដែលមានលក្ខណៈចម្រុះ បរិយាបន្ន ភាពធន់ សេរី និងយុត្តិធម៌ រួមគ្នាដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច និងសង្គមរួមនានា និងធានាដល់សន្តិសុខមនុស្ស។
សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «យើងសូមគូសបញ្ជាក់នូវទស្សនៈរួម ដើម្បីលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកផ្អែកលើច្បាប់ ដែលសេរី និងបើកចំហ ដោយប្រកាន់ខ្ជាប់គោលការណ៍សំខាន់ៗដូចជា ឯកភាព និងមជ្ឈភាពអាស៊ាន បរិយាបន្ន តម្លាភាព បំពេញបន្ថែមនូវដំណើរការកសាងសហគមន៍អាស៊ាន ដែលបានណែនាំដោយគោលការណ៍ជាមូលដ្ឋានរួមដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និង TAC រួមមាន ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការដោះស្រាយការខ្វែងគំនិតគ្នា ឬវិវាទដោយសន្តិវិធី និងមិនគាំទ្រចំពោះការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង»៕