ភ្នំពេញៈ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងពីការចាប់ផ្តើមត្រូវត្រីប្រហុកចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែធ្នូដោយត្រីត្រូវខ្លាំងមាននៅដាយត្រីតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងចេញថ្ងៃទី ១៨ ខែធ្នូឱ្យដឹងថា ត្រីសម្បូរដោយសារត្រីចាប់ផ្តើមផ្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានាចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ យ៉ាងណាក្តីត្រីសម្បូរនេះ គឺអាស្រ័យក្នុងករណីមេឃស្រឡះគ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលពីព្យុះភ្លៀងប៉ុណ្ណោះ។
រដ្ឋបាលជលផលបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើត្រីប្រហុក ត្រីឆ្អើរ ឬទឹកត្រី សម្រាប់ទុកបរិភោគ ត្រូវរួសរាន់មកទិញត្រីតាមពេលវេលា និងទីតាំងដែលបានបញ្ជាក់ខាងលើ។ ជាមួយគ្នានោះអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ ការស្នាក់នៅ និងដឹកជញ្ជូនផលត្រី ក្នុងអំឡុងពេលត្រីត្រូវនេះផង។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅថ្ងៃទី ១៨ ខែធ្នូ ត្រីចាប់ផ្តើមសម្បូរហើយ ប៉ុន្តែត្រីចាប់ផ្តើមចេញបើកមុខនេះ សុទ្ធតែជាត្រីតូចៗល្អិតៗ ហើយលើកម្តងបានតែប្រមាណជាង ១០០ ទៅ ២០០ គីឡូក្រាមប៉ុណ្ណោះ ខណៈតម្លៃត្រីមានតម្លៃថោក គឺ ១ គីឡូតែប្រមាណ ៩០០ រៀល។ ត្រីល្អិតៗចេញបើកមុខដំបូងនេះ ភាគច្រើនគេយកទៅធ្វើជាចំណីត្រីសម្រាប់វារីវប្បកម្ម ដោយសារតែត្រីតូចៗទាំងនោះ គេមិនអាចយកទៅធ្វើត្រីប្រហុកបានទេ។
ចាប់ពីថ្ងៃទី ១៩ ខែធ្នូនេះតទៅ ត្រីអាចនឹងមានការផ្លាស់ទីចេញកាន់តែច្រើន និងអំណោយផលសម្រាប់ការទិញត្រី យកទៅធ្វើប្រហុក ផ្អក ឬទឹកត្រី។ ទីតាំងត្រីសម្បូរសម្រាប់ខេត្តកណ្តាលមាននៅដាយត្រីក្នុងស្រុកពញាឮដែលមានគន្លងដាយត្រីចំនួន ២៤។
លោក សុភារិទ្ធ ថ្លែងថា ត្រីត្រូវនេះនឹងបញ្ចប់ត្រឹមថ្ងៃ ១៣ កើត ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ហើយត្រីនឹងឡើងទៅដល់ទន្លេមេគង្គលើ ចេញទៅស្រុកមុខកំពូល ខ្សាច់កណ្តាល ខេត្តកំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ ឱ្យដឹងថា សម្រាប់ទីតាំងនៅរាជធានីភ្នំពេញ មានគន្លងដាយត្រីចំនួន ១៥ ដែលប្រជាពលរដ្ឋអាចទិញត្រីប្រហុកសម្បូរនៅគីឡូម៉ែត្រលេខ ៩ ក្នុងសង្កាត់ច្រាំងចំរេះ។ ពលរដ្ឋអាចទិញត្រី ហើយជួលឱ្យគេធ្វើត្រី ឬវាយត្រីប្រហុកមួយស្អាតនៅជាប់មាត់ទន្លេទីនោះ។
លោកថ្លែងថា៖ «ត្រីស្លឹកឫស្សីមានតិចតួចទេ ភាគច្រើនគឺមានត្រីរៀលតែម្តង ដែលអំណោយផលដល់ការធ្វើត្រីប្រហុក។ ថ្ងៃនេះត្រីទើបចាប់ផ្តើមទេ ហើយបើតាមចំណាំតែកាលណាត្រីចាប់ផ្តើមមានហើយ គឺថ្ងៃបន្តបន្ទាប់ទៅនឹងកើនច្រើនជាងហ្នឹង»។
លោកបានឱ្យដឹងទៀតថា ត្រីត្រូវដំបូងដៃសម្រាប់ថ្ងៃទី ១៨ ខែធ្នូ គឺនៅសង្កាត់ច្រាំងចំរេះ មានតម្លៃហាក់ថ្លៃបន្តិចគឺ ១ គីឡូពី ១ ៨០០ រៀល ទៅជាង ២ ០០០ រៀល។ ប៉ុន្តែលោកបញ្ជាក់ថា តម្លៃត្រីឡើងចុះជាក់ស្តែងគឺវាអាស្រ័យលើត្រីបុកឡើងច្រើន ឬតិចប៉ុណ្ណោះ៕