ភ្នំពេញៈ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៧ ពាក់ព័ន្ធការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក គម្រោងផ្គត់ផ្គង់ទឹកស្អាត និងគម្រោងអាទិភាពផ្សេងទៀត ខណៈដែលក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។
ការចុះអនុស្សរណៈនេះបានធ្វើឡើងនាជំនួបពិភាក្សាការងារទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន នារសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងឱកាសលោក ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ និងកិច្ចប្រជុំប្រមុខថ្នាក់ដឹកនាំនៃប្រទេសសមាជិកសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (The Asia Zero Emission Community leaders Meeting-AZEC) ចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
យោងតាមលទ្ធផលនៃជំនួបដែលបានផ្សាយតាមរយៈហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា លោក គីស៊ីដា ហ្វូមីអូ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុននាពេលនេះ។
លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ហើយដែលចុងក្រោយនេះ គឺកិច្ចសហការរួមក្នុងការជួយបណ្ដុះបណ្ដាល ដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន។
ជាកិច្ចឆ្លើយតប លោក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសជប៉ុន នៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលទាំង ២ និងបានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុនពាក់ព័ន្ធនឹង AZEC ក៏ដូចជាគំនិតផ្តួចផ្តើមចំនួន ៣ ផ្សេងទៀតផងដែរ។
ប្រភពដដែលបានបន្តថា៖ «ដើម្បីចូលរួមអបអរសាទរខួប ៧០ ឆ្នាំនៃចំណងការទូតកម្ពុជា-ជប៉ុន និងជាឆ្នាំនៃការដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំង ២ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្តេចធិបតីក៏បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួនសំដៅពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំង ២ នៅក្នុងវិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបើកឡើងវិញនូវជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ជាដើម»។
ក្នុងជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំង ២ ក៏បានចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៧ រួមមាន៖ ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក; ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន។ទី៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក; ទី៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា។ទី៥-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈ QR Code; ៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា) និង៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយនឹង ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស។
ដោយឡែក នាជំនួបពិភាក្សាការងារទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា, ភាគីជប៉ុនបានលើកឡើងថា ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។
លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានថ្លែងថា កន្លងមកសម្ព័ន្ធសភាបានសហការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យកាន់តែស្អិតល្មួតថែមទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួន រួមមានជាអាទិ៍ វិស័យកសិកម្ម សុខាភិបាល ថាមពល ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
ជាការឆ្លើយតបលោក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបលោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ សាជាថ្មី បន្ទាប់ពីជំនួបចំនួន ២ លើកកន្លងមក នៅពេលដែលលោកបំពេញកិច្ចការយុវជន និងក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
លោក ម៉ាណែត ថ្លែងថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះប្រទេសជប៉ុន ត្រូវបានរក្សាដូចអាណត្តិមុនៗផងដែរ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់ទំនងដែលមានស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត»។
ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លោក ថុង ម៉េងដាវិត ថ្លែងថា ជប៉ុននៅតែផ្តល់តម្លៃខ្ពស់ដល់អាស៊ានក្នុងនាមជាដៃគូអភិវឌ្ឍន៍ប្រកបដោយចីរភាព និងនិរន្តរភាពដែលជប៉ុនក៏ជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងសន្តិសុខ និងពង្រីកកិច្ចសហប្រតិបត្តិផ្នែកសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាមួយអាស៊ាន។
«ខ្ញុំយល់ឃើញថា ជប៉ុន គឺជាតួអង្គដ៏សំខាន់ដែលជំរុញដល់សេដ្ឋកិច្ចកម្ពុជាមានការរីកលូតលាស់តាមការផ្តល់ជាជំនួយបច្ចេកទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គម ការអភិវឌ្ឍធនធានមនុស្សដែលនេះឆ្លុះបញ្ចាំងថា កម្ពុជានៅតែជាមិត្តល្អរបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុន»៕