ភ្នំពេញ: នៅក្រោម​ដំបូល​តង់​ធំ​មុខ​បរិវេណ​សាល​កោះ​ពេជ្រ អមដោយ​ស្តង់​តូចៗ​រាប់រយ​តម្រង់​ជួរ​ទាំងសងខាង ពិព័រណ៍​សៀវភៅ​ប្រចាំឆ្នាំ​លើក​ទី​១០ បាន​ទាក់ទាញ​អ្នក​និយម​ការអាន​រាប់ម៉ឺន​នាក់​។​
​អ្នក​ស្រឡាញ់ និង​អ្នកអាន​សៀវភៅ​បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ​ក្នុងការ​ជ្រើសរើស​សៀវភៅ​អាន​រាប់ម៉ឺន​ប្រភេទ​ក្នុង​ពិព័រណ៍​រយៈពេល ៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែធ្នូ​កន្លងទៅ​។ 
​ពិព័រណ៍​សៀវភៅ​នេះ​មិន​គ្រាន់តែ​ជាទី​ផ្សារ​លក់ដូរ​សៀវភៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​កន្លែង​បង្ហាញ​ពី​ការកើនឡើង​នៃ​វប្បធម៌​អំ​ណាន​ក្នុងសង្គម​ដែលមាន​ប្រ​វ​ត្ដិ​អក្សរសាស្ត្រ​ដ៏​យូរអង្វែង​។​
​ក្រោម​បរិយាកាស​ពោរពេញ​ទៅដោយ​រូបភាព​ចម្រុះ​នៃ​សៀវភៅ សិស្សស្រី​១​ក្រុម​មកពី​វិទ្យាល័យ​បាក់​ទូក បាននាំគ្នា​ដើរ​ទស្សនា​ពី​ស្តង់​១​ទៅ​ស្តង់​១ បំណង​រកមើល​សៀវភៅ​ដែល​ពួកគេ​ចូល​ចិ​ត្ដ​។ 
​កញ្ញា សុធា កញ្ជ​នា បាន​និយាយថា​៖ «​ខ្ញុំ​កំពុង​ស្វែងរក​សៀវភៅ​មេរៀន ដើម្បី​ពង្រឹង​ភាសា​អង់គ្លេស​របស់ខ្ញុំ​។ បន្ទាប់មក​ខ្ញុំ​ចង់​ទិញ​សៀវភៅ​ប្រលោមលោក​មួយចំនួន​។ ខ្ញុំ​ចូលចិត្ត​អាន​មនោសញ្ចេតនា និង​វិទ្យាសាស្ត្រ​»​។​
​ក្នុងឱកាស​នៃ​ការបើក​សម្ពោធ ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​១០ ក្រោម​ប្រធានបទ «​សរសេរ​ចំណាន អាន​ចំណាប់ ចាប់យក​ចំណេះ​» ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួនណា​រ៉ុ​ន បាន​រំឭក​ដល់​ប្រវត្តិសាស្ត្រ​ខ្មែរ​តាំងពី​បុរាណ​មក ដែល​តែងតែ​គាំទ្រ​ដល់​ការសិក្សា ស្រាវជ្រាវ តែង​និពន្ធ​ដូច​ដែលមាន​បន្សល់ទុក​លើ​សិលាចារឹក​ជាង ២​ពាន់​ផ្ទាំង​។​
​លោក​បានបង្ហាញ​ពី​ក្ដី​សង្ឃឹមថា ពិព័រណ៍​សៀវភៅ​កម្ពុជា​នេះ នឹង​ក្លាយជា​ជង្រុក វប្បធម៌​មួយ សម្រាប់​លើកកម្ពស់​ការ​តែង​និពន្ធ និង​ការអាន ក្នុង​យុគសម័យ​ថ្មី សតវត្សរ៍​ទី​២១ គឺជា​ការអាន​ដែល​ចេះ​វិភាគ ទស្សនៈ​អ្នកនិពន្ធ ស៊ីជម្រៅ ដើម្បី​ទទួលយក​បំ​ណិ​ន​វិជ្ជា និង​ជាការ​អាន ដើម្បី​បង្កើត​អ្វីដែល​ថ្មី​។ 
​លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការអាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងថា​៖ «​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​១០ បានបញ្ចប់​ទៅ​យ៉ាង​ជោគជ័យ ជាមួយនឹង​កំណត់ត្រា​ថ្មី​នៃ​ចំនួន​អ្នក​ចូល​ទស្សនា​ដែល​កើន​ដល់​២០​ម៉ឺន​នាក់​»​។ 
​លោក​បាន​បន្ដថា​៖ «​សូម​អគុណ​គ្រប់​ស្ថាប័ន និង​ដៃគូ​ទាំងអស់ ជាពិសេស​យុវជន​កម្ពុជា​ដ៏​ច្រើន​កុះករ ដែល​ចាប់អារម្មណ៍​លើ​សៀវភៅ និង​ការអាន​»​។ 
​លោក​បានឱ្យដឹងថា ការរៀបចំ​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​នេះ មាន​គោលបំណង​សំខាន់​គឺ​ការអភិវឌ្ឍ​វិស័យ​អំ​ណាន និង​ការបោះពុម្ព ដោយ​ខាង​ក្រសួង​ព័ត៌មាន​ក៏មាន​ផ្នែក​បោះពុម្ព ដូចជា ទស្សនាវដ្ដី កាសែត​បែប​ព័ត៌មាន ហើយ​ខាង​ក្រសួង​អប់រំ មានការ​បោះពុម្ព​សៀវភៅ​សិក្សា​ផ្សេងៗ ខណៈ​ខាង​ក្រសួង​វប្បធម៌ ពាក់ព័ន្ធ​នឹង​ការបោះពុម្ព​ទូទៅ​។ 
​ជាមួយ​ការចូលរួម​ក្នុង​កិច្ចការ​ពិព័រណ៍​សៀវភៅ​នេះ​ចាប់ពី​ឆ្នាំ​២០១៨ លោក រស់ បានកត់សម្គាល់​ឃើញថា សម្ទុះ​នៃ​ការទិញ​សៀវភៅអាន​មានការ​កើនឡើង​ច្រើន​។ ប៉ុន្ដែ​ចំពោះ​ភាគច្រើន​ចំនួន​ប៉ុន្មាន​នោះ លោក​មិន​បានដឹង​ទេ ដោយសារតែ​មិនមាន​ស្ថិតិ​ច្បាស់លាស់​។ 
​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្រោយ​បញ្ចប់​ការបើក​សម្ពោធ​ថា​៖ «​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​គេ យើង​នៅ​មិនទាន់​ដូច​គេ​ទេ​។ ប៉ុន្ដែ​ទំនោរ​នៃ​ការអាន​សៀវភៅ​ជាទូទៅ​នៅ​ប្រទេស​យើង​មានការ​កើនឡើង​ហើយ​។ ការកើនឡើង​នេះ វា​អាស្រ័យទៅលើ​ប្រភេទ​សៀវភៅ​ដែល​ក្មេងៗ​ចូល​ចិ​ត្ដ​នៅឡើយ ដោយ​មិនមាន​ការកើនឡើង​ចំពោះ​មនុស្ស​ចាស់​ទេ​»​។ 
​លោក​បាន​លើកឡើងថា នៅ​គ្រឹះស្ថាន​បោះពុម្ព​សៀវភៅ​ទទួលបាន​ការចាប់អារម្មណ៍​ទិញ​ច្រើន​លើ​ប្រភេទ​សៀវភៅ​បែប​លើក​ទឹក​ចិ​ត្ដ ការបង្កើត​អាជីវកម្ម​ជាដើម​។ 
​រយៈពេល​នៃ​ការរៀបចំ​នៅលើ​បរិវេណ​ផ្ទាល់ នៅ​ឆ្នាំ​២០១៨ មាន​ចំនួន ១៤០​ស្ដង់​, ឆ្នាំ​២០១៩ មាន​ចំនួន ២០០​ស្ដង់ បន្ទាប់មក​មានការ​ខកខាន​ដោយសារ​វិបត្ដិ​កូ​វីដ ១៩​។ នៅ​ឆ្នាំ​២០២២ មានការ​រៀបចំ​ឡើងវិញ ដោយមាន​ជាង ២០០​ស្ដង់ ហើយ​ចុងក្រោយ​បំផុត​នា​ឆ្នាំ​២០២៣​នេះ មាន​ស្ដង់​ជាង ៣០០ ដោយមាន​ស្ដង់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី រួមទាំង ស្ដង់​ម្ហូប និង​ភេសជ្ជៈ​ថែម​ទៀតផង​។ 
​លោក រស់ បាន​និយាយថា​៖ «​ចំពោះ​ការរៀបចំ​ឆ្នាំនេះ មាន​ក្រុមយុវជន​ស្ម័គ្រចិត្ដ​មាន​ចំនួន​ប្រមាណ ២០០​នាក់ ដោយ​ពួកគេ​ធ្វើការ​ផ្លាស់ប្ដូរ​វេន​គ្នា​អាស្រ័យ​លើ​ពេលវេលា​ក្រៅពី​ការសិក្សា​របស់​ពួកគាត់​»​។ 
​លោក ខៀវ កាញារីទ្ធ  អតីតរដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន និង​បច្ចុប្បន្ន​ជា​អ្នកតំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​និយមនៃ​ការអាន​សៀវភៅ​មួយ ហើយ​លោក​តែងតែមាន​វត្ដ​មាន​រៀងរាល់​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​សៀវភៅ​។ 
​កាលពី​ថ្ងៃទី​១៨ ខែធ្នូ នេះ លោក​បាន​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម ដោយបាន​បង្ហាញថា​៖ «​ពី ១​ឆ្នាំទៅ ១​ឆ្នាំ (​លើកលែងតែ​សម័យ​កូ​វីដ​១៩) ខ្ញុំ​សប្បាយ​នឹង​ទៅ​ចូលរួម​ពិ​ព័រ​ណ៌​សៀវភៅ​។ ឆ្នាំនេះ ទោះ​មិនមាន​ការអញ្ជើញ​ក្តី ក៏​ខ្ញុំ​នៅតែ​ចូលរួម ហើយ​ខ្ញុំ​សប្បាយចិត្ត​ដែល​ឃើញ​ប្រជាជន​យើង​កាន់តែ​ច្រើនឡើងៗ​បាន​ទៅ​ចូលរួម ជាមួយនឹង​ចំនួន​សៀវភៅ​ដែល​កាន់​តែមាន​ច្រើន​មុខ ច្រើនបែប ច្រើន​ប្រភេទ​។​
​លោក​បន្ដថា​៖ «​វា​ជា​សុបិន​ខ្ញុំ​កាលពី​នៅ​ជា​យុវជន​ទសវត្សរ៍ ៦០ ចង់ឃើញ​ស្រុក​ខ្មែរ​មាន​សៀវភៅ​ច្រើន និង​មានគុណ​ភាពមិន​ចាញ់​បរទេស​។ បើ​គេ​សួរ​ខ្ញុំ​ថា តើ​ចូលចិត្ត​មើលសៀវភៅ​បែបណា ខ្ញុំ​សូម​ប្រាប់ថា ខ្ញុំ​ចូលចិត្ត​មើលសៀវភៅ​គ្រប់​ប្រភេទ គ្រាន់តែ​មិន​មើលសៀវភៅ​ស្រាវជ្រាវ​ពេលមុន​គេង​តែប៉ុណ្ណោះ​»​។​
លោក​បាន​ថ្លែង​ក្នុងឱកាស​បើក​ការតាំងពិព័រណ៍​សៀវភៅ Big Bad Wolf Book ក្នុង​ខែកុម្ភៈ​ថា សៀវភៅ​នៅតែមាន​ប្រយោជន៍​សូម្បីតែ​ក្នុង​យុគសម័យ​អេឡិចត្រូនិក ហើយ​ការអាន​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ក្លាយជា​មនុស្ស​ដែលមាន​ការអប់រំ បន្ថែម​ពីលើ​ការទទួលបាន​ចំណេះដឹង​ពី​គ្រូ​នៅ​សាលា​។​
​អ្នកស្រី ហួត សុជាតា ជា​ស្ថាបនិក​គ្រឹះស្ថានបោះពុម្ពផ្សាយ អវតា ដែល​បាន​បោះពុម្ព​សៀវភៅ​ជា​ភាសា​ខ្មែរ ដោយ​ផ្ដោតលើ​សៀវភៅ​ប្រលោមលោក ដូចជា ប្រលោមលោក​បែប​ស៊ើបអង្កេត ប្រឌិត​វិទ្យាសាស្ដ្រ និង​តួអង្គ​សត្វ ក៏ដូចជា ឆាក​រូបភាព យក​លំនាំ​តាម​ឥស្សរជន​ល្បីៗ​។ 
​អ្នកស្រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​អំឡុងពេល​រៀបចំ​សៀវភៅ​ក្នុង​ស្ដង់​ថា​៖ «​នេះ​ជា​រឿង​ប្រលោមលោក​បែប​រូបភាព​នៃ​រឿង​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា មាន​ទាំង​រូបភាព និង​សំឡេង​ចម្រៀង ៤៧​បទ ដែល​យើង​អាច​ស្គេ​ន QR Code ស្ដាប់​ចម្រៀង​បណ្ដើរ និង​មើល​រូបភាព​បណ្ដើរ​»​។ 
​អ្នកស្រី សុជាតា ទទួលស្គាល់ថា ការរៀបចំ​ពិព័រណ៍​សៀវភៅ​ពិតជា​ឥទ្ធិពល​ក្នុងការ​ទាក់ទាញ​ប្រិ​យ​មិ​ត្ដ​អ្នកអាន ក៏ដូចជា ទិវា​ជាតិ​អំ​ណាន ឬ​ទិវា​សំខាន់ៗ​។ ទាំងអស់នេះ លើក​ទឹក​ចិ​ត្ដ​ឱ្យ​យុវជន​គិតដល់​ការអាន​ខ្លាំង យល់ច្បាស់​អំពី​តម្រូវការ​នៃ​ការអាន​។ 
​យ៉ាងណាមិញ អ្នកស្រី បាន​លើកឡើងថា ប៉ុន្ដែ​គួរឱ្យ​ស្ដាយ ការផលិត​សៀវភៅ​ដែលមាន​គុណភាព​ដោយមាន​ការលួចចម្លង​ពីគ្នា និង​មិន​យក​លំនាំ​តាម​គេ ធ្វើឡើង​មិនទាន់​តម្រូវការ​។ 
​អ្នកស្រី សុជាតា មើលឃើញថា បញ្ហា​នៃ​ការអាន​សៀវភៅ​នៅមាន​គម្លាត​ខ្លាំង​រវាង​អ្នក​នៅ​ទីក្រុង និង​ជនបទ​។ អ្នក​នៅ​ទីក្រុង​មានលទ្ធភាព​អាច​ជ្រើសរើស​សៀវភៅ​ទៅតាម​ចំណង់​ចំណូល​ចិ​ត្ដ ខណៈ​អ្នក​នៅ​ជនបទ​ផ្ដោត​សំខាន់​ទៅលើ​តម្លៃ​ជាជាង​គុណភាព​។​
​ស្ថាបនិក​អវតា បាន​និយាយថា​៖ «​យើង​យល់​ពី​ពួកគាត់​ដែល​ចង់រក​សៀវភៅ​មានតម្លៃ​ថោក ដោយសារ​អាចមកពី​កត្ដា​ជីវភាព​។ មួយវិញទៀត ពួកគាត់​មិនសូវមាន​ទម្លាប់ និង​មិន​គិតថា សៀវភៅ​ជា​ផ្នែក​មួយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​។ ជាក់ស្ដែង សៀវភៅ​ជា​ផ្នែក​មួយ​នៃ​ការអប់រំ ជាការ​បណ្ដុះ​ប្រាជ្ញា​»​។ 
​លោក រស់ បាន​ណែនាំ​អំពី​បទពិសោធ​ថា ដើម្បី​បង្កើត​ទម្លាប់​នៃ​ការអាន ទាល់តែ​ឪពុកម្ដាយ​មាន​ទម្លាប់​អាន​សៀវភៅ​មុន​។ បើ​ឪពុកម្ដាយ​អង្គុយ​ចុច​តែ​ទូរស័ព្ទ វា​ប្រាកដជា​ឆ្លង​ទម្លាប់​ទៅ​កូនៗ​។ នៅតាម​ផ្ទះ​នីមួយៗ គួរតែមាន​ការតាំង​សៀវភៅ​គ្រប់​ច្រកល្ហក​តាម​ជណ្ដើរ​ឡើង​រហូតដល់​បន្ទប់​គេង​។ 
​លោក​បាន​បន្ថែមថា ទោះបីជា​អាន ឬ​មិន​អាន ការតាំង​បង្ហាញ​ឱ្យបាន​ឃើញ​សិន​។ ចេញចូលៗ​រៀងរាល់ថ្ងៃ លែង​អី​មិន​លើកដៃ​ទាញយក​សៀវភៅ​មក​អាន​?​។ 
​លោក រស់ បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ថា លោក​បានដាក់​តាំង​សៀវភៅ​ប្រមាណ ២​ពាន់​ក្បាល​នៅ​គ្រប់​ទីកន្លែង ដែល​អាច​ទុកដាក់​សៀវភៅ​បាន​។ នៅពេល​អាន​ចប់ លោក​បាន​ផ្លាស់ប្ដូរ​សៀវភៅ​ថ្មី​ចូល​។ 
​លោក រស់ ដែលមាន​កូន ២​នាក់​កំពុង​រៀន​ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​៨ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​កូន​របស់ខ្ញុំ​មិន​ចុច​ទូរស័ព្ទ​ទេ នៅពេល​ទំនេរ ហើយ​គាត់​ទារលុយ​ទិញ​សៀវភៅអាន ជាពិសេស កម្មវិធី​ពិព័រណ៍​សៀវភៅ​បែបនេះ​»​។ 
​យុវតី ក​ញ្ឆ​នា មានបំណង​ចង់ឱ្យមាន​ពិព័រណ៍​សៀវភៅ​បែបនេះ​បន្ថែមទៀត ដែល​មិន​ត្រឹមតែ​ដាក់តាំង​សៀវភៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បំផុសគំនិត​ចងក្រង​មាតិកា​របស់​ខ្មែរ​ផ្ទាល់​ផងដែរ​។​
​កញ្ញា​បាន​និយាយថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​លើកទឹកចិត្ត​អ្នកនិពន្ធ និង​អ្នក​បោះពុម្ពផ្សាយ​របស់​យើង​ឱ្យ​បង្កើត​រឿង​ដែល​កើតចេញពី​បទពិសោធន៍​ផ្ទាល់​របស់​យើង​»​។​
​អ្នកស្រី សុជាតា ក៏បាន​លើកឡើង​ពី​ឧបសគ្គ​រាំងស្ទះ​ក្នុងការ​បង្កើត​ទម្លាប់​នៃ​ការអាន រួមមាន បច្ចេកវិទ្យា ដែលមាន​ទូរស័ព្ទដៃ ទូរទស្សន៍ ថេ​ប្លេ​ត និង​ឧបករណ៍​ផ្សេងៗ​ទៀត​។ ក្នុង​សម័យនេះ អ្នក​ចង់​អាន​សៀវភៅ ត្រូវ​ជម្នះ​ចិ​ត្ដ​ខ្លួនឯង​ខ្លាំង​បំផុត​។ 
​ទាំងនេះ​ជា​អ្វីដែល​អ្នកស្រី​ចង់ឱ្យមាន​កម្មវិធី​ជំនួប​អ្នកអាន ដោយ​ចែករំលែក​បទពិសោធន៍ ផ្ដល់យោបល់ ជាពិសេស ការបង្កើត​ក្លិប​អំ​ណាន​៕