សៀមរាបៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា រយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ មានភ្ញៀវទេសចរជិត ៨ ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានា ក្នុងព្រឹត្តិការណ៍រំឭកគុណអង្គរ ដែលប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ខណៈអ្នកជំនាញទេសចរណ៍ថា ព្រឹត្តិការណ៍សំខាន់ៗ ជាការជួយស្រោចស្រង់វិស័យទេសចរណ៍ផងដែរ។
យោងតាមហ្វេសប៊ុករបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃទី១៨ ខែធ្នូ បានឱ្យដឹងថា រយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ មានភ្ញៀវទេសចរជិត៨ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានាក្នុងព្រឹត្តិការណ៍រំឭកគុណអង្គរ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣។
ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលទស្សនារោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា រយៈពេល១០ថ្ងៃនេះ មានសរុបចំនួន ៩ ៦៤៣ នាក់ក្នុងនោះមានភ្ញៀវជាតិមានចំនួន ៤ ៥៩៥ នាក់ (ព្រះសង្ឃ១២៦អង្គ) និងភ្ញៀវទេសចរបរទេសចំនួន ៥ ០៤៨នាក់។
ប្រភពដដែលបានបន្តថា សម្រាប់កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោនខោលរឿងរាមកេរ្តិ៍ ដែលបានប្រព្រឹត្តទៅនៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែធ្នូ មានអ្នកទស្សនាសរុបចំនួន១ ៤៣៩នាក់ដែលក្នុងនោះភ្ញៀវជាតិចំនួន ១ ៣៨៦នាក់ (ព្រះសង្ឃ១៨អង្គ) និងភ្ញៀវបរទេសចំនួន៣៥នាក់។
ដោយឡែកក្នុងកម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ ល្ខោនបុរាណពោលស្រី និងប្រដាល់ក្បាច់គុនបុរាណខ្មែរ ដែលបានប្រព្រឹត្តទៅនៅព្រះលានជល់ដំរីមានភ្ញៀវចូលទស្សនាសរុប ចំនួន ៦៩ ០០៥នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៦៨ ៧០៥នាក់ និងភ្ញៀវបរទេសចំនួន ៣០០នាក់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ៖ «ក្នុងរយៈពេល១០ថ្ងៃ នៃព្រឹត្តិការណ៍រំឭកគុណអង្គរ ក្រៅពីការប្រារព្ធនូវពិធីបែបសាសនា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ដែលលោកបានខិតខំកសាងនិងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ»។
លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញការកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានបង្កើតកម្មវិធីដ៏ល្អនេះ។
លោកបានបញ្ជាក់ថា ៖ «កម្មវិធីនេះល្អ ដោយសារវាជាការរំឭកគុណូបការៈទៅដល់បុព្វជិត ក៏ដូចជាអ្នកមានគុណ ជាពិសេសវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ក៏ដូចជាព្រះបាទជយវរ្ម័នទី៧ ដែលបានព្រះអង្គបានកសាងប្រាសាទអង្គរ ដែលបើមិនមានប្រាសាទទេ កម្ពុជាក៏នឹងពិបាកក្នុងការទាក់ទាញភ្ញៀវទេសចរមកខ្លាំងណាស់»។
លោក ហូ វណ្ឌី បានបន្តទៀតថា៖ «យើងក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលលោកតែងតែយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទេសចរណ៍ ទោះបីជាព្រឹត្តិការណ៍នេះទាក់ទាញទេសចរនៅក្នុងស្រុកក្តី ក៏ប៉ុន្តែវាក៏បានជួយស្រោចស្រង់ ជួយសាយភាយក៏ដូចជាជួយបានផ្តល់ចំណូលចូលបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូលផងដែរ»។
មួយវិញទៀតប្រសិនបើព្រឹត្តិការណ៍ទាំងនេះកើតមានឡើងខុសៗគ្នានៅតំបន់ផ្សេងៗដែរដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកបានដឹង និងបានឃើញផងដែរ ព្រោះនៅពេលដែលមានទេសចរទៅដល់ នោះពួកគាត់នឹងមានការចាយវាយ ស្នាក់នៅ និងការទទួលទានជាដើម ដែលទាំងនេះគឺជាព្រឹត្តិការណ៍រកចំណូលចូលប្រជាពលរដ្ឋ និងរដ្ឋផងដែរ។ លោក ហូ វណ្ឌី បញ្ជាក់បន្ថែម។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «រំឭកគុណអង្គរ» ឆ្នាំនេះមានការសម្តែងវប្បធម៌ផ្សេងៗជាច្រើនដូចជា ក្បួនព្យុហយាត្រា កម្មវិធីរាត្រីសមោសរ រាត្រីចងចាំ ការសម្តែងល្ខោន យីកេ និងសិល្បៈទស្សនីយភាពនានា។
ក្រៅពីនេះក៏មានការបើកចំហឱ្យសាធារណជនចូលទៅទស្សនានៅតាមការដ្ឋានដែលជាទីកន្លែងក្រុមការងារជំនាញជួសជុលប្រាង្គប្រាសាទក៏ដូចជាសារមន្ទីរដែលបង្ហាញនូវតឹកតាងប្រវត្តិសាស្ត្រ បង្ហាញនូវសកម្មភាពការងារដែលពាក់ព័ន្ធជាមួយការអភិរក្ស និងអភិវឌ្ឍនៅក្នុងរមណីយដ្ឋានអង្គរផងដែរ៕