ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរដ៏វែងឆ្ងាយរបស់អាស៊ាននិងជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំ និងបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ «កម្លាំងនៃសន្តិភាព» ដែលប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថាមិនក្លាយជាវេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះ ក្នុងឱកាសនៃការចូលរួម កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី «លទ្ធផលនៃកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ដើម្បីអបអរសាទរឆាំ្នទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន»។
សេចក្តីប្រកាសបានលើកឡើងថា កិច្ចប្រជុំកំពូលរំឭកខួបអាស៊ាន-ជប៉ុនបានអនុម័តនូវឯកសារដ៏សំខាន់ចំនួន២ ដែលជាឯកសារគោលតម្រង់ទិសនិងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត ក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងអាស៊ាន-ជប៉ុន សម្រាប់ការលើកតម្កើងសន្តិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍ ប្រកបដោយចីរភាព សម្រាប់រយៈពេល ១០ឆ្នាំ ទៅមុខទៀត។
ឯកសារដ៏សំខាន់ចំនួន២រួមមាន៖ ១.សេចក្តីប្រកាសចក្ខុវិស័យ រួមស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលជឿទុកចិត្តគ្នា និង២. ផែនការអនុវត្តន៍នៃសេចក្តីប្រកាសចក្ខុវិស័យរួមនេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះ ដំណើរដ៏វែងឆ្ងាយរបស់អាស៊ាននិងជប៉ុន ដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំ និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ «កម្លាំងនៃសន្តិភាព» ដែលប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់ទាំងនេះនឹងមិនក្លាយជា វេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។
ទន្ទឹមនឹងនេះដែរ លោកក៏បានកោតសរសើរចំពោះការគាំទ្ររបស់ជប៉ុនក្នុងការអនុវត្តអាទិភាពទាំង៤នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមាន៖ កិច្ចសហប្រតិបត្តិការលម្ហសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីល អន្តរទ្វីប ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយសន្តិវិធី ដើម្បីជំរុញការរំសាយអាវុធនុយក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ថយក្រោយ សំដៅធានា សន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ៖ «សម្តេចធិបតី ក៏បានអំពាវនាវឱ្យមានការដោះស្រាយ ឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន ដើម្បីពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ»។
ជាមួយគ្នានោះលោកក៏បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេស តាមរយៈកម្មវិធីអប់រំ និងការបង្កើននូវ ការយល់ដឹងទូលំទូលាយរួមទាំងការគាំទ្រដល់វិស័យវប្បធម៌ សិល្បៈ និងកម្មវិធីផ្លាស់ប្តូរទំនាក់ទំនង យុវជនអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាព និងភាពធន់របស់យុវជន។
ទន្ទឹមនឹងនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រដល់គំនិតផ្តួចផ្តើមសហបង្កើតឧស្សាហកម្មយានយន្ត ជំនាន់ថ្មីអាស៊ាន-ជប៉ុន និងគម្រោងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនគីស៊ីដា ហ្វូមីអូ (KISHIDA Fumio) ក្នុងការកៀរគរមូលនិធិ ៣៥ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងតំបន់អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដែលជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការនាំមកនូវកាលានុវត្តភាពថ្មីៗ និងការបង្កើតឱកាសការងារ។
ក្នុងកិច្ចប្រជុំនោះដែរ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានប្រកាសនូវសកម្មភាពថ្មីក្រោមកម្មវិធី «ភាពជាដៃគូដើម្បីកសាងអនាគត ដែលមានទឹកប្រាក់ចំនួន ៤០ពាន់លានយ៉េន ឬប្រមាណ ២៨១,៤៤លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ។
លោកក៏បានប្រកាសពីគម្រោងដែលមានទឹកប្រាក់ ចំនួន ១៥ពាន់លានយ៉េន (ប្រមាណ ១០៥,៥៤លានដុល្លារអាមេរិក) ផងដែរសម្រាប់កិច្ចការស្រាវជ្រាវ អន្តរជាតិ និងការផ្លាស់ប្តូរការបណ្តុះបណ្តាលមូលធនមនុស្ស។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានគាំទ្រ គំនិតផ្តួចផ្តើមទាំង២នេះ និងបានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូថា ក្នុងដំណើរបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំនាប្រទេសជប៉ុនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលទើបបញ្ចប់នេះ គឺកម្ពុជាទទួលបានលទ្ធផលជាច្រើន គួរឱ្យចាប់អារម្មណ៍។
លោកបានថ្លែងថា ៖ «កម្ពុជាទទួលបានលទ្ធផលជាច្រើនដែលគួរឱ្យចាប់អារម្មណ៍ក្នុងនោះរួមមានការចុះអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនលើឯកសារសំខាន់ៗចំនួន៧ ដែលជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ហើយក្រៅពីនោះទៀត សម្តេចនាយករដ្ឋមន្ត្រីក៏បានជួបជាមួយបណ្តាក្រុមហ៊ុនឯកជនសំខាន់ៗធំៗរបស់ជប៉ុនជាច្រើនទៀតផងដែរ»។
លោក យង់ ពៅ បានបញ្ជាក់ទៀតថា ក្រៅពីទទួលបានលទ្ធផលជាច្រើននេះដែរ វេទិកានេះក៏ផ្តល់ជាសង្វៀននយោបាយការទូតដ៏សំខាន់របស់ប្រទេសកម្ពុជា ផងដែរ ព្រោះរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានធ្វើនយោបាយការទូត នយោបាយការបរទេសយ៉ាងសកម្មដើម្បីពង្រីកលម្ហសង្វៀនការបទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ។
លោកបានសង្កត់ធ្ងន់ថា ៖ «ការពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី គឺជាអ្វីមួយដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាលនៅក្នុងនយោបាយការបរទេសរបស់ខ្លួនដោយផ្អែកលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ»៕