
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារដ្ឋកូរ៉េ ប្រគល់លិខិតឆ្លងដែនជូនពលករខ្មែរធ្វើការនៅកូរ៉េ នាពេលកន្លងទៅ។ រូបថត ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង អាចធ្វើលិខិតឆ្លងដែនផ្ទាល់ ដោយមិនបាច់មកដល់ប្រទេសកម្ពុជានោះឡើយ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នាទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិលើកទី២៤ ថា រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យប្រតិបត្តិការធ្វើលិខិតឆ្លងដែន(Passport) ឬពន្យារលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណិតពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដូចមុនទៀតនោះទេ។
លោកបានបញ្ជាក់ថា ៖ «សម្រាប់ក្រសួងការងារ ការសម្របសម្រួលឱ្យមានការធ្វើលិខិតឆ្លងដែនពីប្រទេសកូរ៉េខាងត្បូងផ្ទាល់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយដល់ពលករ ដែលនេះសុទ្ធសឹងតែជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។
ពាក់ព័ន្ធនឹងការដាក់ឱ្យប្រតិបត្តិការនេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានគាំទ្រចំពោះគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល និងចាត់ទុកថាគោលនយោបាយនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ពលករខ្មែរ និងពលរដ្ឋ ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង។
លោក អាត់ ធន់ បានប្រាប់ឱ្យដឹងថា ៖ «ពីមុនពេលដែលពលករចង់បន្តលិខិតឆ្លងដែន ឬពន្យារលិខិតផ្សេងៗ គឺពិបាកណាស់ ពួកគេត្រូវចំណាយពេលមកខ្មែរ និងនិងចំណាយថវិកាច្រើន។ តែបើមានសេវាបែបនេះ ខ្ញុំគិតថាជារឿងមួយល្អ ហើយខ្ញុំគិតថាគួរតែមានសេវាស្រដៀងគ្នានេះដែរ នៅប្រទេសថៃ ម៉ាឡេស៊ី ឬប្រទេសផ្សេងៗទៀត ដែលមានពលករខ្មែរចង់ធ្វើការពន្យារលិខិតឆ្លងដែនឬពន្យារលិខិតនិងការធ្វើលិខិតថ្កោលទោសផ្សេងៗ»។
សូមរំឭកដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីដើមខែកញ្ញា ឆ្នាំ២០២៣ ក្នុងវេទិកាជួបជុំកម្មកររោងចក្រប្រមាណ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ដោយលោកសម្រេចអនុញ្ញាត ឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែន (Passport) នៅប្រទេសកូរ៉េខាងត្បូង និងបានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធបង្កើតកុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក៏ដូចជាពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេស។
យោងតាមក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានពលករកំពុងបម្រើការងារនៅក្រៅប្រទេសប្រមាណ ១,៣លាននាក់ ក្នុងនោះ ថៃមានប្រមាណ ១,២លាននាក់, កូរ៉េខាងត្បូងមានចំនួន ប្រមាណ៥ម៉ឺននាក់, ម៉ាឡេស៊ី ជាង២ម៉ឺននាក់ និងប្រទេសជប៉ុនប្រមាណ២ម៉ឺននាក់។
ពលករកម្ពុជាប្រមាណជាង១,៣លាននាក់នេះ បានបញ្ជូនថវិកាចូលក្នុងស្រុកប្រមាណជាង២ពាន់លានដុល្លារក្នុងរយៈពេល១ឆ្នាំៗ។
ដោយឡែក ក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជាមួយនឹងលោក Murai Yoshihiro អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែធ្នូ នាប្រទេសជប៉ុន លោក ហេង សួរបានស្នើឱ្យលោកអភិបាលខេត្ត ជំរុញការផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តឱ្យជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម។
យោងតាមហ្វេសប៊ុកក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់ថា ៖ «ក្នុងខណៈពេលដែលខេត្តមីយ៉ាគី ទទួលបានការបង្កើតរោងចក្រថ្មីជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដូច្នេះសូមអភិបាលខេត្ត ជួយផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម»៕