ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការដៃគូគ្រោងធ្វើយុទ្ធនាការ «ហានិភ័យទាបក្នុងការចម្លងមេរោគអេដស៍» ទៅដល់ពលរដ្ឋនៅក្នុងរាជធានី-ខេត្តចំនួន ៤ ដើម្បីជំរុញលើកទឹកចិត្តដល់អ្នកដែលសង្ស័យថា ប្រឈមនឹងមេរោគអេដស៍ត្រូវប្រញាប់មកធ្វើតេស្ត និងព្យាបាលក្នុងការបញ្ឈប់ការចម្លងទៅដៃគូ។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូថា យុទ្ធនាការឃោសនា «ម=ម» ដែលមានន័យថា«ហានិភ័យទាបក្នុងការចម្លងមេរោគអេដស៍» នេះ គឺអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការដៃគូ បានធ្វើវាជាយូរមកហើយ ប៉ុន្តែនៅថ្ងៃទី២០ ខែធ្នូ ដៃគូពាក់ព័ន្ធនឹងរៀបចំរំឭកយុទ្ធនាការនេះ នៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងរាជធានីភ្នំពេញ។
លោកបានបន្តថា ការធ្វើយុទ្ធនាការនៅក្នុងខេត្តសៀមរាបនេះនឹងមានចូលរួមពីអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្ដាខេត្តផ្សេងៗទៀត និងរួមទាំងប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋគន្លឹះ ក្រោមកិច្ចសហការរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក៏ដូចជាអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNIADS) ផងដែរ។
លោកឈឹម ឃិនដារ៉េត បានបញ្ជាក់ថា៖ «យុទ្ធនាការឃោសនា ម=ម ជាយុទ្ធនាការធ្វើឡើងដើម្បីជំរុញឱ្យអ្នកដែលសង្ស័យថា ខ្លួនបានឆ្លងមេរោគអេដស៍ ត្រូវប្រញាប់ប្រញាល់ទៅធ្វើតេស្តរកមេរោគអេដស៍ ព្រោះនៅពេលដែលឆាប់ធ្វើតេស្ត នោះគឺឆាប់បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ខណៈដែលឱសថនេះ គឺតម្រូវឱ្យអ្នកឆ្លងត្រូវប្រើប្រាស់ជាប្រចាំតាមវេជ្ជបញ្ជា និងហាមអ្នកឆ្លងមិនត្រូវបញ្ឈប់ការប្រើប្រាស់ឱសថប្រឆាំងនេះឡើយ»។
លោកបានបន្តថា៖ «អ៊ីចឹងហើយ យុទ្ធនាការរបស់យើងធ្វើឡើងក្នុងគោលដៅជំរុញ ផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យបងប្អូនដែលសង្ស័យថាប្រឈម ត្រូវប្រញាប់មកធ្វើតេស្តស្វែងរកមេរោគអេដស៍ ហើយក៏ជំរុញឱ្យបងប្អូនត្រូវប្រើប្រាស់ឱសថជាប់ជាប្រចាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដែលធ្វើឱ្យគាត់មានសុខភាពល្អជាពិសេសមិនធ្វើឱ្យគាត់អាចទៅចម្លងជាមួយដៃគូផ្សេងទៀតបាន»។
បើតាមលោក ឈឹម ឃិនដារ៉េត បច្ចុប្បន្នក្នុង១ថ្ងៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រកឃើញអ្នកឆ្លងមេរោគអេដស៍ចំនួន៤នាក់ ដូច្នេះមកដល់ពេលនេះអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានសរុបប្រហែល ៧៦ ០០០នាក់ ក្នុងនោះមានអ្នកឆ្លងថ្មីចំនួន១ ៤០០នាក់ ហើយអ្នកដែលទទួលការព្យាបាលមេរោគអេដស៍នេះមានប្រហែលជាង ៦៧ ០០០នាក់។
លោកបានបន្តថា ហេតុនេះហើយតួលេខអ្នកឆ្លងមេរោគអេដស៍ ត្រូវទទួលការព្យាបាលរហូត មិនអាចចាកចេញពីប្រព័ន្ធព្យាបាលនេះទេ ហើយប្រសិនបើករណីអ្នកឆ្លងមេរោគអេដស៍ឈប់ទទួលការព្យាបាល គឺសុខភាពរបស់ពួកគាត់នឹងត្រូវធ្លាក់ចុះវិញ។
លើសពីនេះទៀត លោកថា ការរកឃើញអ្នកឆ្លងជំងឺអេដស៍ក្នុង១ថ្ងៃចំនួន៤នាក់នេះ ភាគច្រើនកើតឡើងទៅលើក្រុមប្រជាជនគន្លឹះរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
លោកបានថ្លែងថា ៖ «ហេតុនេះ ដោយសារពួកគាត់ជាក្រុមដែលប្រឈមហានិភ័យខ្ពស់ ដូច្នេះទាំងក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងធ្វើកិច្ចអន្តរាគមន៍ដើម្បីធ្វើយ៉ាងណាឱ្យក្រុមប្រជាជនគន្លឹះទាំងនោះ បានទទួលព័ត៌មាន និងចូលរួមទប់ស្កាត់លើខ្លួនរបស់ពួកគាត់បន្តទៀត ដើម្បីកុំឱ្យឆ្លង»។
លោក ដារ៉េត បានប្រាប់ទៀតថា៖ «ការរកឃើញអ្នកឆ្លងជំងឺអេដស៍ចុងក្រោយនេះ ដែលយើងគិតថាកំពុងមានហានិភ័យខ្លាំង គឺក្រុមបុរសរួមភេទជាមួយបុរស ខណៈដែលយើងស្រង់ទិន្នន័យឃើញថា អត្រាឆ្លងគាត់កាលពីមុនមានប្រហែលតែ ៤ភាគរយទេ ប៉ុន្តែឥឡូវឡើង៥,៥ភាគរយហើយ»។
កន្លងមក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានជំរុញឱ្យរាជធានី-ខេត្ត ដែលជាគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រួមទាំងឃុំ-សង្កាត់ និងក្រសួងសុខាភិបាល ត្រូវចូលរួមទាំងអស់គ្នាជាកម្លាំងតែមួយ ដើម្បីផ្សព្វផ្សាយនិងប្រើគ្រប់មធ្យោបាយទាំងអស់រួមមាន ទាំងការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គម និងការប្រើប្រាស់ថ្នាំសម្រាប់បង្ការជូនដល់ប្រជាពលរដ្ឋទូទៅផង និងជាពិសេសក្រុមប្រជាជនគន្លឹះ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ចេញផែនប្រតិបត្តិសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥៕