ភ្នំពេញៈ​សហ​ព័ន្ធ​សេដ្ឋ​កិច្ច​តំបន់​កាន់​សៃ​របស់​ជប៉ុន​បង្ហាញ​បំណង​ពង្រីក​វិនិ​យោគ​របស់​ខ្លួន​ក៏ដូច​ជា​ជំរុញ​ទឹក​ចិត្ត​ក្រុម​ហ៊ុន​ជប៉ុន​ដទៃ​ឱ្យទៅ​វិនិ​យោគ​នៅ​កម្ពុជា ​ខណៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត លើក​ទឹក​ចិត្ត​ឱ្យ​សហ​ព័ន្ធ​នេះ​ជួយ​ផ្សព្វ​ផ្សាយ​អំពី​សក្តានុ​ពល​របស់​ក​ម្ពុ​ជា​ទៅ​ដល់​វិនិយោ​គិន​ជប៉ុន​ដើម្បី​ទទួល​បាន​ការចាប់​អារម្មណ៍​និង​ឱកាស​ក្នុង​ការ​ពង្រីក​វិនិ​យោគ​របស់​ខ្លួន​នៅ​កម្ពុជា​។​

​ការលើ​កឡើ​ង​ពី​បំណង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​ ហ៊ុន ម៉ា​ណែ​ត និង​លោក អូ​បា​យ៉ា​ស៊ី តា​កេ​អុ (Obaya​shi Takeo)ប្រធាន​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​តំណាង​សហ​ព័ន្ធ​សេដ្ឋ​កិច្ច​តំបន់​កាន់​សៃ​និង​ជា​ប្រធាន​ក្រុម​ហ៊ុន Obaya​shi Corporation កាល​ពី​ថ្ងៃទី​១៩ ​ខែធ្នូ​ ក្នុង​ឱកា​សលោក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុ​ស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​ លើក​ទី​៥០ ចាប់​ពី​ថ្ងៃទី​១៥-​១៩​ ខែធ្នូ នៅ​ទីក្រុង​តូ​ក្យូ ​ប្រទេស​ជប៉ុន​។​

​ក្នុង​ជំនួប​នេះ ​លោក តា​កេ​អុ បាន​លើក​ឡើង​ពីសកម្ម​ភាព​អាជីវក​ម្ម​របស់​សហ​ព័ន្ធ​នេះ ​ជាពិសេស​សកម្ម​ភាព​ការងារ​មួយ​ចំនួន​ដែល​បាន​អនុវត្ត​នៅ​កម្ពុជា ​តួយ៉ាង​ដូច​ជា ​ការជួល​ជុល​ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ជប៉ុន​ជ្រោយ​ចង្វារ ជា​ដើម ។ 

​បណ្តាញ​សង្គម​លោក​ ហ៊ុន ម៉ា​ណែ​ត ​បញ្ជាក់​ថា​៖ «​លោក​ប្រធាន [​តា​កេ​អុ​] បាន​ជម្រាប​ផង​ដែរ អំពី​បំណង​ពង្រីក​វិនិ​យោគ​របស់ខ្លួ​ន ក៏ដូច​ជា​ជំរុញ​ទឹកចិត្ត​ក្រុម​ហ៊ុន​ជប៉ុន​ដទៃ​ឱ្យ​ទៅ​វិនិ​យោគ​នៅ​ប្រទេស​កម្ពុជា​»​។ 

​លោក​តា​កេ​អុ បាន​ប្រាប់​លោក ហ៊ុន ណែ​ត អំពី​គម្រោង​ពិព័រណ៍​សកល​នៅក្នុង​សហ​ព័ន្ធ​សេដ្ឋ​កិច្ច​តំបន់​កាន់​សៃ នៅឆ្នាំ​២០២៤ ​ខាង​មុខ ដោយ​សង្ឃឹម​ថា​កម្ពុជា​នឹង​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះខ​ណៈ​លោក​ ហ៊ុ​ន ម៉ា​ណែ​ត បញ្ជាក់​ថា ក្រសួងពា​ណិជ្ជក​ម្ម​កម្ពុ​ជា នឹង​រៀបចំ​ក្នុងការ​ចូលរួម​ព្រឹត្តិ​ការណ៍​ពិព័រណ៍​សក​ល​ក្នុង​សហ​ព័ន្ធ​សេដ្ឋ​កិច្ច​តំបន់​កាន់​សៃ នៅ​ពេល​ខាង​មុខ​។ 

​លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​៖«​រាជរដ្ឋា​ភិ​បាល​កម្ពុជា ​បាន​និងកំពុង​យក​ចិត្តទុ​កដាក់​នៅ​ក្នុង​ការធា​នា​និរន្តរ​ភាព​នៃ​បរិយា​កាស​អំណោយ​ផល​សម្រាប់​ធុរ​កិច្ច និង​វិ​និយោគ ​តាម​រយៈ​ការដាក់​ចេញ​នូវ​គោល​នយោ​បាយ ​យន្ត​ការ​អនុវត្ត​ និង​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​ថ្មីៗព្រម​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ត​ភ្ជាប់​និង​ឡូ​ជី​ស្ទិក​សំខាន់ៗ ដូច​ជា ​ផ្លូវ​លឿន ​ផ្លូ​វដែក និង​កំពង់​ផែ ជាដើម​»​។
 
​សហ​ព័ន្ធ​សេដ្ឋ​កិច្ច​តំបន់​កាន់​សៃ ​ប្រមូលផ្តុំ​នូវ​ក្រុមហ៊ុ​ន ឬ​សហ​គ្រាស​ខ្នាត​យក្ស​ ដែ​លមាន​ទីតាំង​ក្នុង​តំបន់​កាន់​សៃ នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ជប៉ុន ​ក្នុងនោះ​រួមមាន​ចំនួន​៧​ខេត្ត ​ដូចជា ​ខេត្ត​អូ​សា​កា​, ខេត្ត​ក្យូ​តុ​, ខេត្ត​ហ្យូ​ហ្កុ​, ខេត្ត​ណា​រ៉ា​, ខេត្ត​ស៊ី​ហ្កា​, ខេត្ត​មិ​អិ និង​ខេត្ត​វ៉ា​កា​យ៉ាម៉ា ​ដោយ​ក្រុម​ហ៊ុន​យក្ស​ទាំង​អស់​នោះ ​សុទ្ធសឹង​មាន​ឥទ្ធិ​ពល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ជប៉ុន​។​

​ដោយ​ឡែក​ ក្នុងជំ​នួប​ជាមួយ​លោក ​ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​ដដែល​នាទី​ក្រុង​តូ​ក្យូ ​លោក​ អូ​កា​ដា ម៉ូតូ​យ៉ា (Okada Motoya) ប្រធាន និង​ជានា​យក​ប្រតិ​បត្តិ​ក្រុមហ៊ុ​ន AEON MALL បាន​បញ្ជាក់​អំពី​គម្រោង​ពង្រីក​វិនិ​យោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​លើក​ឡើង​អំពី​ការ​ចូលរួ​ម​របស់​ក្រុម​ហ៊ុន​ក្នុង​វិស័យ​អប់រំ​តាម​រយៈ​ការក​សាង​សា​លាប​ឋម​សិក្សា​នៅ​តាម​បណ្តា​ខេត្ត​និង​កា​រផ្តល់​អាហា​រូបករណ៍​ជូន​ដល់​សិស្ស​កម្ពុជា​ដើម្បី​បន្ត​ឱកាស​សិក្សា​។  

​ក្នុង​ឱកាស​នោះលោក​ ហ៊ុន ម៉ា​ណែ​ត ​បាន​អរគុណ​ដល់​ក្រុម​ហ៊ុន​ AEON MALL ដែល​បាន​សម្រេច​ចិត្ត​បោះ​ទុន​វិនិយោ​គ និង​គ្រោង​វិ​និយោគ​បន្ថែម​នៅ​កម្ពុជា ​និង​អរគុណ​ចំពោះ​ការចូ​លរួម​ចំណែក​ក្នុ​ងការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​អាហា​រូប​ករណ៍ និង​ការ​កសាង​សាលា​រៀន​នៅ​តាម​មូល​ដ្ឋាន​។​

​លោក​ថ្លែង​ថា​៖«​រាជរ​ដ្ឋាភិ​បាល​អាណត្តិ​ទី​៧ នៃ​រដ្ឋសភានឹ​ង​បន្ត​យកចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​ការ​អប់រំ បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជា​ជីវៈ ​និង​បច្ចេក​ទេស ដ​ល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រង​ហានិ​ភ័យ​នៅ​ទូទាំង​ប្រទេស​ចំនួន​ ១,៥ ​លាន​នាក់​»​។​

​ក្នុង​ជំនួប​ជាមួ​យ​លោក ហ៊ុន ម៉ា​ណែ​ត​ នៅ​ថ្ងៃទី​១៩ ​ខែធ្នូ​នោះ​លោក ​កា​ត្សឹ​ណា​រី  ម៉ា​ត្សឹ​ដា  (Katsunari Matsuda) នាយក​ក្រុម​ហ៊ុន ​Meiji បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​និង​គ្រោង​វិនិយោ​គ​នៅ​កម្ពុជា​នាពេ​ល​អនា​គត​​។ នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​ដដែល​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ជំនួប​នោះ​ថា​៖«​រាជរដ្ឋា​ភិបាល​​កម្ពុជា​បាននិ​ងកំពុង​យក​ចិត្ត​ទុកដា​ក់​លើ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​ដែល​ចាំ​បាច់​ត្រូវ​ផ្អែក​លើ​កត្តា​ចំណេះ​ដឹង​ សមត្ថ​ភាព និង​សុខ​ភាព ដូ​ច្នេះ​ការផ្គត់​ផ្គង់​ចំណី​អាហារ​ប្រកប​ដោយ​គុណ​ភាព​ និង​សុវត្ថិ​ភាព ជា​កត្តា​អាទិ​ភាព​ចម្បង​»​។
 
​លោក​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​នេះ​​បណ្តាក់​ទុន​វិនិ​យោគ​លើ​វិស័យ​កសិកម្ម​ ដោយ​ធ្វើ​ការ​ផលិត​ផ្ទាល់​ ដើម្បី​លក់​នៅ​ទីផ្សារ​កម្ពុជា ​និង​នាំ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ក្នុង​តំបន់​ ដោយ​លោក​អះអាង​ថា កំពុង​មាន​តម្រូវ​ការ​ខ្ពស់​ចំពោះ​ផលិតផ​ល​ទាំង​អស់នេះ​​។លោក​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​នេះ​ជួយ​បណ្តុះ​បណ្តាល​ធន​ធា​នមនុស្ស​កម្ពុជា​លើ​ជំនាញ​កសិ​កម្ម​ដើម្បី​ចូលរួម​លើក​កម្ពស់​ផលិតភា​ព​ក្នុង​វិស័យ​នេះ​ឱ្យ​កាន់តែ​ខ្លាំង​ក្លា​ថែម​ទៀត​។ 

​ក្នុង​ជំនួប​​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ថ្ងៃ​ដដែល​នោះ ​ដែរ​  លោក ​Ichiro Kashitani បាន​បញ្ជាក់​ថា ដំណើរ​ការ​បង្កើត​រោងច​ក្រ​ដំ​ទ្បើង​រថយន្ត​ Toyota នៅ​កម្ពុជា​នឹង​រួចរា​ល់​នៅ​ពាក់​កណ្តាល​ឆ្នាំ២​០២៤​ ហើយ​លោក​បាន​ស្នើសុំ​លោក ហ៊ុ​ន ម៉ា​ណែ​ត ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​រោងច​ក្រ​ដំ​ទ្បើង​រថយន្ត Toyota នា​ពេល​ខាង​មុខ​។
 
​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​យក​កា​រអញ្ជើញ​ជា​អធិបតី​នេះ ​ដោយ​លោក​បញ្ជាក់​ថា​៖«​ការស​ម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​រោង​ចក្រ​ដំ​ទ្បើង​រថយន្ត​Toyota នេះ ស្រប​ពេល​ទៅនឹ​ង​ឆ្នាំ​២០២៤​ គឺជា​គម្រប់​ខួប​អនុ​ស្សាវរី​យ៍​លើក​ទី​៧១នៃ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​-​ជប៉ុនដែ​ល​នេះ​ជាការ​ស​បញ្ជាក់​យ៉ាង​ប្រត្យក្ស​ច្បាស់​អំពី​ភាព​លូត​លាស់​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២»​។ 

​លោកនា​យក​រដ្ឋមន្ត្រី​ជឿ​ជាក់​ថា តាម​រយៈ​ដំណើរកា​រ​នៃ​រោង​ចក្រ​ដំទ្បើង​រថយ​ន្ត Toyota នេះ​នឹង​នាំ​មក​នូវ​កា​ររី​កចម្រើន​សម្រាប់​ក្រុម​ហ៊ុន​ ក៏ដូចជា​​ការ​បង្កើត​ឱកាស​ការងារ​ប្រកប​ដោយ​គុណ​ភាព​ និង​ការ​បណ្តុះប​ណ្តាល​លើក​កម្ពស់​ថែម​ទៀត​លើ​ជំនាញ​វិស្វ​កម្ម​រថ​យន្ត​សម្រាប់​ប្រជា​ជន​កម្ពុជា​ផង​ដែរ​។
 
​លោក​ថែមទាំ​ង​បាន​លើកទឹ​កចិ​ត្ត​ឱ្យ​ក្រុមហ៊ុន​​នេះ​ពិចា​រណា​បង្កើត​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការងារ​រវាង​បុគ្គ​លិក​បម្រើ​ការ​កម្ពុជា​-​ជប៉ុន ​ដើម្បី​ពង្រឹង​ការ​ដក​បទពិសោធន៍​លើ​ចំណេះ​ដឹង​, វិជ្ជា​ជីវៈ​, វប្ប​ធម៌​, ប្រពៃ​ណី ក៏ដូចជា​ទំនាក់ទំ​នង​ជិត​ស្និទ្ធ​រវាង​ប្រជា​ជន និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​២៕