ភ្នំពេញៈ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ និងផ្តល់យោបល់លើឯកសារគោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងការវាយតម្លៃសមិទ្ធកម្ម» សំដៅពិនិត្យតាមដានវឌ្ឍនភាពការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដែលដឹកនាំដោយ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយដ្ឋាន និងមន្ត្រីជំនាញ ចំណុះអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ សរុបចំនួន ៥០រូប។
នេះបើយោងតាមហ្វេសប៊ុកនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានលើកឡើងថា គោលការណ៍ណែនាំនេះ គឺជាឯកសារគន្លឹះសម្រាប់តម្រង់ ទិស និងពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមន្ត្រីបង្គោលទទួលបន្ទុកការងារផែនការរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត លើការកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំ របស់រដ្ឋបាលរាជធានីខេត្ត ការរៀបចំផែនការគោល/ប្លង់គោលអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ចីរភាព និងបរិយាបន្ន។
តាមប្រភពដដែលបានបញ្ជាក់ទៀតថាលើសពីនេះទៀត ឯកសារគោលការណ៍ណែនាំនេះ គឺបានចង្អុលបង្ហាញពីនីតិវិធីវាយតម្លៃសមិទ្ធកម្ម នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋបាលរាជធានីខេត្ត សំដៅពិនិត្យតាមដានវឌ្ឍនភាពការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ ដែលបានចូលរួមកិច្ចប្រជុំនេះ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី១៩ ខែធ្នូ ថា គោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងការវាយតម្លៃសមិទ្ធកម្ម» គឺជាឯកសារគន្លឺះយុទ្ធសាស្ត្រ មួយដែលត្រូវបានរៀបចំចងក្រងក្នុងការអភិវឌ្ឍន៍ទេសចរណ៍ទៅតាមជំហ៊ាននីមួយៗ រួចហើយចែកជូនទៅមន្ទីរទេសចរណ៍រាជធានីខេត្ត និងរដ្ឋបាលរាជធានីខេត្ត ជាពិសេសមន្ត្រីបង្គោល ដែលរៀបចំផែនការឱ្យពួកគាត់បានមើល។
លោកជួប រតនា បានថ្លែងថា ៖«យើងសរសេរចងក្រងឯកសារហ្នឹង១ក្បាលជាការណែនាំ ឬជា Guideline ហើយយើងនឹងចែកជូនដល់មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលខេត្ត ក៏ដូចជាមន្ត្រីគ្រូបង្គោលរៀបចំផែនការដោយណែនាំឱ្យសរសេរផែនការ យ៉ាងណា ឬគួរតែអនុវត្តតាមកម្មវិធីដូចម្តេចជាដើម។ដូចដឹងហើយថា នៅថ្នាក់ខេត្ត មន្ត្រីរបស់យើងនៅមានកម្រិតដែរ។ អ៊ីចឹងទេ បើឱ្យគាត់ចាប់ផ្តើមសរសេរផែនការតែម្តង មិនដឹងថា ចាប់ពីជ្រុងណាទេ»។
បើតាម លោក ជួប រតនា គោលការណ៍ណែនាំនេះ នឹងជួយឱ្យមន្ត្រីទាំងនោះ មានភាពងាយស្រួលក្នុងការសរសេរផែនការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួមឱ្យមានការរីកចម្រើន ប៉ុន្តែបើពួកគាត់មិនចេះសរសេរផែនការអភិវឌ្ឍន៍ទេសចរណ៍ នៅក្នុងខេត្តរបស់ខ្លួន ក៏មិនអាចអភិវឌ្ឍទេសចរណ៍កើតដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក៏បានបង្ហាញការស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនៃក្រសួងទេសចរណ៍ ដែលបានចាប់ផ្តើមធ្វើទំនើបកម្មសម្រាប់មន្ត្រីរបស់ខ្លួន សម្រាប់ធ្វើការកំណែទម្រង់ស៊ីជម្រៅវិស័យទេសចរណ៍ទាំងនៅក្នុងស្រុក និងក្រៅស្រុក។
លោកបានប្រាប់ថាលោកនឹងទន្ទឹងរង់ចាំមើលលើចក្ខុវិស័យរបស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានធ្វើកំណែទម្រង់នេះ។
លោក ធួន ស៊ីណាន បានថ្លែងថា៖«ទង្វើល្អៗ របស់រាជរដ្ឋាភិបាល និងក្រសួង យើងត្រូវតែលើកទឹកចិត្ត។យើងគិតថាសកម្មភាពណានាំទៅរកការផ្លាស់ប្តូរក្នុងទម្រង់វិជ្ជមាន ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តនូវរាល់សកម្មភាពទាំងនោះ»៕