កំពង់ស្ពឺៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារនៅក្នុងបរិវេណវត្ត បទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ដែលនឹងនាំយកឱកាសការងារចំនួន ៤ ០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។
ការរៀបចំវេទិកាងារនេះនៅខេត្តកំពង់ស្ពឺរបស់ NEA ធ្វើឡើងក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ,មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីរោងចក្រតារាល អ៊ីនធើនេសីនណល ឯ.ក។ នេះបើតាមការជូនដំណឹងពី NEA នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
NEA បានលើកឡើងថា៖«ចំពោះយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចត្រៀមប្រវត្តិរូប ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយនឹងតំណាងរោងចក្របាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣»។
ពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញា សយ ស្រីទូច ជាបុគ្គលិកផ្នែកជ្រើសរើសបុគ្គលិក រោងចក្រ តារាល អ៊ីនធើនេសីនណល ឯ.ក. លើកឡើងថា នេះជាលើកទី២ ហើយបន្ទាប់ពីខាងក្រុមហ៊ុនជ្រើសរើសបុគ្គលិក នៅស្រុកឈូក ខេត្តកំពតកន្លងមក ដែលខាងរោងចក្រសហការជាមួយនឹង NEA ដើម្បីជ្រើសរើសបុគ្គលិកនៅនឹងកន្លែង។
កញ្ញាបានបញ្ជាក់ថា សម្រាប់ថ្ងៃទី២០ ខែធ្នូនេះ ខាងរោងចក្រ ក៏មានតម្រូវការជ្រើសរើសកម្មករកម្មការិនីចំនួនប្រមាណ ៤ ០០០នាក់ បន្ថែមទៀត។ កញ្ញាបន្តថា តាមរយៈការសហការជ្រើសរើសបុគ្គលិកនៅមូលដ្ឋាននេះ នឹងរួមចំណែកជួយដល់រោងចក្រយើងឱ្យឆាប់ទទួលបានកម្មករ កម្មការិនីទាន់ពេលវេលា។
កញ្ញា សយ ស្រីទូច បាបបញ្ជាក់ថា៖ «នាងខ្ញុំជឿជាក់ថា នឹងមានប្រជាពលរដ្ឋជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយយើងនឹងទទួលបានកម្មករកម្មការិនីតាមតម្រូវការដែលយើងចង់បាន»។
បើតាម NEA ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងន្លែង វេទិកាការងារនេះ នឹងមានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ខេត្តកំពង់ស្ពឺកំពុងមានការខ្វះកម្លាំងកម្មករកម្មការិនី បម្រើការងារនៅក្នុងរោងចក្រនានា នៅពេលបច្ចុប្បន្ននេះ ខណៈរោងចក្រសហគ្រាសនៅក្នុងខេត្តនេះ បានកើនដល់៣៩៤ ទីតាំង។
លោកបានបន្តថា បើការផ្សព្វផ្សាយក្នុងការផ្តល់ឱកាសការងារនេះ ឱ្យគេមករកការងារធ្វើ នៅក្នុងខេត្តកំពង់ស្ពឺគឺជាការល្អប្រសើរណាស់ព្រោះខេត្តកំពុងខ្វះកម្លាំងពលកម្ម៕