កំពង់ធំ: នៅវាលស្រែ វាលស្រូវដ៏ស្រស់បំព្រងនៃប្រទេសកម្ពុជា ដែលជាកន្លែងមានទេសភាពពណ៌បៃតងលាតសន្ធឹងរហូតដល់ជើងមេឃ សមាគមកែលម្អជីវភាពកសិករ (FLIA) បានក្លាយជាក្តីសង្ឃឹម និងមានវឌ្ឍនភាពសម្រាប់សហគមន៍ជនបទនៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ។
អ្នកដឹកនាំការអភិវឌ្ឍសមាគមក្នុងវិស័យកសិកម្ម អ្នកស្រី ម៉ន លក្ខិណា គឺជាស្ត្រីមេផ្ទះធម្មតាម្នាក់ដែលបានប្រែក្លាយជាប្រធានសមាគមស្ដ្រីប្រកបដោយថាមពល។ លើសពីវិស័យកសិកម្ម វាក៏បានលើកកម្ពស់តម្លៃស្ដ្រី និងសមត្ថភាពក្នុងការដឹកនាំរបស់ស្ដ្រីទៀតផង។
តួនាទីរបស់អ្នកស្រី លក្ខិណា នៅក្នុងសមាគម FLIA ដែលស្ដ្រីរូបនេះបានក្លាយជាប្រធានប្រឹក្សាភិបាល ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតយ៉ាងហ្មត់ចត់ពីឃុំ សង្កាត់ រហូតដល់ថ្នាក់ជាតិនៅខេត្តគោលដៅចំនួន ៧ ពាក់ព័ន្ធនឹងការដឹកនាំសមាគមសម្រាប់អាណត្ដិរយៈពេល ៣ ឆ្នាំ។
លោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់លេខាធិការដ្ឋានអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.អ.) បានឱ្យដឹងថា អ្នកស្រី លក្ខិណា ធ្លាប់ជាស្ដ្រីកាន់បណ្ណក្រីក្រ ប៉ុន្ដែឥឡូវ វាពិតជាអស្ចារ្យណាស់ដែលលោកបានឃើញអ្នកស្រីធ្វើជាអ្នកដឹកនាំសមាគមដ៏អស្ចារ្យ។
លោកបាននិយាយថា៖ «ដំបូងឡើយនៅក្នុងកម្មវិធីអ្វីមួយ គាត់គ្រាន់តែជាអ្នកស្តាប់ប៉ុណ្ណោះ ប៉ុន្ដែពេលនេះ គាត់ក្លាយទៅជាវាគ្មិនចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដើម្បីជួយសហគមន៍របស់គាត់ ជាពិសេសគួរឱ្យកត់សម្គាល់ គឺតួនាទីរបស់អ្នកស្រីជាអ្នកដឹកនាំនៅក្នុងសមាគមដែលអនុវត្តតាមនីតិវិធីបោះឆ្នោតជ្រើសរើសមេដឹកនាំដ៏តឹងរ៉ឹង»។
ការបង្កើតក្រុមកែលម្អជីវភាព (LIGs) និងសមាគម FLIA បានអនុវត្តតាមគោលការណ៍ណែនាំយេនឌ័រដែលបានរៀបចំយ៉ាងល្អ និងត្រូវបានយល់ព្រមពីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីធានាឱ្យបានយ៉ាងហោចណាស់មានការចូលរួមពីស្ត្រីចំនួន ៣០ ភាគរយ។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា បានឱ្យដឹងថា របាយការណ៍ត្រីមាសទី ៣ នៃឆ្នាំ ២០២៣ បានបង្ហាញថា ស្ត្រីតំណាងឱ្យ ៥៩ ភាគរយនៃសមាជិកគណៈកម្មការ LIG មានចំនួន ១ ៩០៦ នាក់។ មានស្ត្រី ៦ នាក់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាលទាំង ៧ នៃសមាគម FLIA ហើយប្រធានក្រុមប្រឹក្សាជាប់ឆ្នោតរបស់សមាគមគឺជាស្ត្រី។
លោកស្រីបានថ្លែងថា៖ «ស្ត្រីចំនួន ១១១ នាក់ឬ ៤១ ភាគរយនៃអ្នកតំណាង FLIA ដែលបានជាប់ឆ្នោតចំនួន ២៧០ នៅឃុំគោលដៅរបស់ខ្លួនគឺជាស្ត្រី»។
អ្នកស្រី លក្ខិណា បានឱ្យដឹងថា ក្នុងចំណោមសមាជិកសរុបជាង ៤៥ ០០០ នាក់ មានស្ដ្រីរហូតដល់ជាង ៣១ ០០០ នាក់ ដោយសារតែក្រុមគ្រួសារនីមួយៗមានស្ដ្រីចូលក្នុងសមាគមជាស្ដ្រីមេម៉ាយ និងមានទំនាក់ទំនងក្នុងការចូលរួម ក៏ដូចជាការខ្ចីកម្ចីពីសមាគម ខណៈបុរសមានការងារធ្វើនៅខាងក្រៅ។
ប្រជាកសិករអភិវឌ្ឍជាមួយសមាគម FLIA ជាមួយបេសកកម្ម ៧ ខេត្ដគោលដៅ ក្រុមប្រឹក្សាភិបាលត្រូវបានជ្រើសរើសយ៉ាងលម្អិតចាប់ពីក្រុមកែលម្អជីវភាព ដែលពួកគេមានចំណេះដឹងនៅថ្នាក់ ឃុំ ថ្នាក់ស្រុក និងបន្ដការជ្រើសរើសរហូតដល់ថ្នាក់ខេត្ដ និងត្រូវបានសម្រាំងយកប្រធានក្រុមប្រឹក្សាភិបាលម្នាក់នៅថ្នាក់ជាតិជាមួយអាណត្ដិម្ដង ៣ ឆ្នាំ។
សមាគម FLIA ត្រូវបានបង្កើតឡើងដោយសមាជិកក្រុមកែលម្អជីវភាពរស់នៅចំនួន ១ ៩០៦ នាក់ ហើយបច្ចុប្បន្នសមាជិកសរុបបានកើនឡើងរហូតដល់ ៤៥ ៧៣៣នាក់។
គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍អ្នកតូចតាចនៅទន្លេសាប ហិរញ្ញប្បទានបន្ថែម (TSSD-AF) ដំណាក់កាលទី១ និង២ ដែលឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងរាជរដ្ឋាភិបាលកម្ពុជា។
អ្នកស្រី លក្ខិណា បានឱ្យដឹងថា ចក្ខុវិស័យរបស់សមាគមគឺចង់ឱ្យប្រជាកសិករជាម្ចាស់គ្រប់គ្រងដោយខ្លួនឯងទាំងស្រុង ដើម្បីអភិវឌ្ឍជីវភាព និងការរីកចម្រើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គមរបស់កសិករ។
អ្នកស្រីបានបន្ដថា សមាគមត្រូវពង្រឹងការអភិវឌ្ឍ និងលើកកម្ពស់ក្រុមកែលម្អជីវភាព (LIGs) ដោយផ្តល់ជូនសេវាកម្មគ្រប់គ្រង និងសេវាកម្មផលិតភាពដើម្បីឱ្យសមាជិកអាចបង្កើនសមត្ថភាពចិញ្ចឹមជីវិត និងអភិវឌ្ឍជំនាញវិជ្ជាជីវៈកាន់តែប្រសើរ។
ដើម្បីបម្រើផលប្រយោជន៍របស់សមាជិកនៃក្រុមលើកកម្ពស់ជីវភាពរស់នៅក្នុងស្រុក អ្នកស្រី លក្ខិណា បានពន្យល់ថា គម្រោងនានាត្រូវបានអនុវត្តដើម្បីបង្កើនប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព និងលើកកម្ពស់កម្រិតជីវភាព រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ប្រធានសមាគមរូបនេះ បានថ្លែងថា៖ «មកទល់ពេលនេះសមាគមមានសមាជិកចំនួន ៤៥ ៧៣៣ គ្រួសារ (មានបណ្ណក្រីក្រធ្លាក់ចុះពី ៧៩ ភាគរយនៅខែមីនា ឆ្នាំ ២០១៧ មកនៅ ៤៥ ភាគរយត្រឹមខែមីនា ឆ្នាំ ២០២៣ ដែលខុសពីឆ្នាំ ២០១៣ សមាជិកកាន់បណ្ណក្រីក្រមានរហូតដល់ ៨៤ ភាគរយ»។
ផែនការ ៥ ឆ្នាំទៅមុខរហូតដល់ឆ្នាំ ២០២៨ សមាគមនឹងប្រឹងប្រែងដើម្បីនាំអត្ថប្រយោជន៍ដល់សមាជិក រួមមាន ការបន្ថយភាពក្រីក្រដោយបន្ថយអ្នកដែលកាន់បណ្ណក្រីក្រពីបច្ចុប្បន្ន ៤៥ ភាគរយឱ្យមកនៅត្រឹម ២០ ភាគរយ តាមរយៈការជំរុញក្រុមសន្សំ ពង្រឹងសមត្ថភាព ពង្រីកមុខរបរក្រុមក៏ដូចជា ពង្រឹង និងពង្រីកភាពជាដៃគូ។ បង្កើនទុនសមាគមតាមរយៈការសន្សំឡើងពីបច្ចុប្បន្ន ១៧,២០ លានដុល្លារដល់ ២៥ លានដុល្លារ។
សមាគម FLIA គាំទ្រដោយ ADB និងដៃគូយោងតាមលោកស្រី Varma សមាជិកក្រុម LIGs ត្រូវបានគាំទ្រជាមួយនឹងមូលនិធិបង្វិលចំនួន ២៤០ ដុល្លារម្នាក់ៗរួមទាំងការកសាងសមត្ថភាពដូចជា ការបង្វឹក និងការណែនាំអំពីការប្រើប្រាស់មូលនិធិប្រកបដោយប្រសិទ្ធភាព ការរៀបចំផែនការអាជីវកម្ម និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម។
លោកស្រីបានឱ្យដឹងថា៖ «សមាគម FLIA កំពុងអនុវត្តវិធីសាស្ត្រស្រដៀងគ្នានេះ។ កម្ចីភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ធ្វើស្រែ ចិញ្ចឹមមាន់ និងផលិតបន្លែ។ ទំហំប្រាក់កម្ចីដែលផ្តល់ គឺអាស្រ័យលើផែនការអាជីវកម្មរបស់សមាជិកខ្ចី។ ពួកគេមានចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារ»។
FLIA ផ្តល់សេវាកម្មផ្សេងៗ រួមទាំងការធ្វើសវនកម្មប្រចាំខែសម្រាប់ក្រុមកែលម្អជីវភាពដែលខ្សោយ និងសវនកម្ ម២ ខែ សម្រាប់ក្រុមខ្លាំងជាងមុន រួមទាំងគ្រប់គ្រងកិច្ចការដូចជាកិច្ចសន្យាប្រាក់កម្ចីជាដើម។
ពួកគេក៏ធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកក្រុម តាមដានផែនការអាជីវកម្ម ផ្សព្វផ្សាយប្រាក់បញ្ញើធនាគារជាក្រុម និងរៀបចំរបាយការណ៍សម្រាប់អ្នកតំណាងក្រុមដើម្បីកែលម្អជីវិតប្រចាំថ្ងៃ។
លើសពីនេះ វាផ្តល់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់តំណាងនៅថ្នាក់ឃុំ សង្កាត់ ប្រធានក្រុម និងសមាជិក។ ពួកគេចូលរួមយ៉ាងសកម្មនិងគាំទ្រការប្រជុំជាក្រុមប្រចាំខែ រៀបចំរបាយការណ៍ស្តីពីការកែលម្អជីវិតក្រុមដោយសហការជាមួយនឹងអ្នកដឹកនាំក្រុម។ សមាជិកចូលរួមក្នុងការបង្កើត និងបណ្តុះបណ្តាលក្រុមលើកកម្ពស់ជីវភាពទទួលបានដើមទុនធ្វើការ និងនៅទីបំផុតបង្កើតសមាគមគ្រប់គ្រងខ្លួនឯង។
អ្នកស្រី លក្ខិណា បានលើកឡើងថា សកម្មភាពអនុវត្តដោយ គ.ជ.អ.ប រួមមាន ចូលរួមជួយបង្កើត និងបណ្តុះបណ្តាលក្រុម កែលម្អជីវភាព ផ្តល់ទុនបង្វិល និងក្រោយមកបង្កើតជាសមាគមដែលអាចគ្រប់គ្រងខ្លួនឯង។ ក្រៅពីនោះ ក៏ជំរុញដល់ឃុំ-សង្កាត់ និងស្រុក គាំទ្របណ្តុះបណ្តាលសមាជិកក្រុមកែលម្អជីវភាពក៏ដូចជាជួយរៀបចំផែនការមុខរបរ កសាងផ្លូវជនបទដឹកជញ្ជូនកសិផល និងកសាងប្រឡាយទឹកសម្រាប់ធ្វើស្រែជាដើម។
អ្នកស្រីបានបន្ដថា សកម្មភាពអនុវត្តដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ រួមមាន ការជួយធ្វើឱ្យមានពូជស្រូវល្អ និងបង្រៀនឱ្យបង្កើនទិន្នផល ជួយបង្ហាត់បង្ហាញលើការងារកសិកម្ម រួមមាន ការចិញ្ចឹមសត្វ ការដាំបន្លែបង្ការ និងជួយលើការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្មនានា និងជួយគាំទ្រក្នុងការស្វែងរកក៏ដូចជាទំនាក់ទំនងទីផ្សារកសិផលផងដែរ៕