ភ្នំពេញៈ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារនឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ ២០២៣ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី ខេត្តចាប់ពីថ្ងៃទី ១៥ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។
សេចក្តីជូនដំណឹងចុះថ្ងៃទី ១៨ ខែធ្នូបញ្ជាក់ថា៖ «ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ ២០២៣ កន្លងទៅសូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការប្រកាសបង់ពន្ធតាមច្បាប់ ជាធរមាននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅតាមធនាគារមួយចំនួន»។
អគ្គនាយកដ្ឋានពន្ធដារ ស្នើឱ្យម្ចាស់យានយន្ត ទាំងអស់យកចិត្តទុកដាក់បំពេញកាតព្វកិច្ចសារពើពន្ធ ដោយរួសរាន់ទាន់ពេលវេលា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងថា ក្នុងករណីមានការស្នើសុំពីអគ្គនាយកដ្ឋានពន្ធដារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងចាត់កម្លាំងនគរបាលចរាចរណ៍ ឱ្យផ្តល់កិច្ចសហការ។
ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធនេះ ជាកាតព្វកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារលើការផាកពិន័យឬតម្រូវឱ្យបង់ពន្ធផ្សេងៗ មិនមែនជាកាតព្វកិច្ចរបស់កងកម្លាំងនោះទេ តែកងកម្លាំងគ្រាន់តែផ្តល់កិច្ចសហការដើម្បីធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធចូលជាតិ ស្របតាមផែនការប៉ុណ្ណោះ៕