ភ្នំពេញ: សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែលគេស្គាល់ជា សសរសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានចេញផ្សាយសៀវភៅកាតាឡុកដំបូងបង្អស់របស់ខ្លួនក្រោយការតាំង «ពិព័រណ៍ព្រះរាជដំណើរព្រះបាទស៊ីសុវត្ថិ៖ ឥទ្ធិពលវប្បធម៌កម្ពុជានៅប្រទេសបារាំង ឆ្នាំ ១៩០៦» ចាប់ពីខែតុលា ឆ្នាំ ២០២២ ដល់ខែកក្កដា ឆ្នាំ ២០២៣។
សៀវភៅកាតាឡុក ១៩១ ទំព័រដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា បោះពុម្ពដោយធនាគារជាតិនៃកម្ពុជា គឺជាប្រភពនៃចំណេះដឹង និងរូបភាពនៃព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះបាទស៊ីសុវត្ថិទៅកាន់ប្រទេសបារាំង។
វាផ្តល់នូវការរុករកស៊ីជម្រៅនៃប្រវត្តិសាស្ត្រនៅពេលដែលព្រះបាទស៊ីសុវត្ថិបានក្លាយជាព្រះមហាក្សត្រខ្មែរដំបូងគេដែលយាងទៅកាន់បស្ចិមប្រទេស។
កាតាឡុក ដែលមានជាភាសាខ្មែរ អង់គ្លេស និងបារាំង មានរូបថតកម្រ អត្ថបទដែលស៊ីជម្រៅ និងដំណើរព្រះរាជកិច្ចដ៏គួរឱ្យទាក់ទាញ ដែលរំលេចឡើងនូវរូបភាពរស់រវើកនៃព្រឹត្តិការណ៍នាសម័យនោះ។
លើសពីនេះ អ្នកអានអាចស្វែងយល់កាន់តែស៊ីជម្រៅទៅក្នុងព័ត៌មានលម្អិតនៃព្រះរាជដំណើរដោយការស្កែនកូដ QR ក្នុងកាតាឡុកដើម្បីដោះសោទស្សនាវីដេអូព័ត៌មាន។
លោក Blaise Kilian ជាសហនាយក សសរសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានចែករំលែកភាពរីករាយរបស់លោកចំពោះការបោះពុម្ពសៀវភៅកាតាឡុកជាលើកដំបូងនេះ។
លោកបានថ្លែងថា៖ «យើងមិនគ្រាន់តែផ្តល់ទិដ្ឋភាពនៃប្រវត្តិសាស្ដ្រប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍អន្តរកម្មថែមទៀតកាតាឡុក រួមមានអត្ថបទនៃខ្សែវីដេអូឯកសារចំនួន ៤ ដែលបង្ហាញពីសាស្ត្រាចារ្យ Olivier de Bernon ដ៏គួរឱ្យគោរព ដែលត្រូវបានផលិតឡើងសម្រាប់តែការតាំងពិព័រណ៍»។
ភាពយន្តឯកសារទាំងនេះផ្តល់ការយល់ដឹងយ៉ាងទូលំទូលាយអំពីទិដ្ឋភាពផ្សេងៗនៃព្រះរាជដំណើររបស់ព្រះបាទស៊ីសុវត្ថិ រួមទាំងបញ្ហាប្រឈមដែលជួបប្រទះ ផលប៉ះពាល់វប្បធម៌ និងអន្តរកម្មរបស់ព្រះមហាក្សត្រជាមួយសង្គមបារាំង។
ការតាំងពិព័រណ៍នេះ ដែលបានទាក់ទាញទស្សនិកជន និងបានបន្ថែមពេលវេលានៃការតាំងបង្ហាញ ដោយសារតែមានការគាំទ្រខ្ពស់ បង្ហាញវត្ថុបុរាណចំនួន ៦៩ រួមទាំងកាតប៉ុស្តាល់ដើម រូបថត អត្ថបទព័ត៌មាន និងកាក់អនុស្សាវរីយ៍។ វត្ថុបុរាណទាំងនេះ ជាការប្រមែប្រមូលរបស់សារមន្ទីរ និងការបរិច្ចាគផ្សេងៗ ដែលមានទំនាក់ទំនងជាក់ស្តែងទៅនឹងសម័យកាលប្រវត្តិសាស្ត្រ។
ចំណុចសំខាន់មួយនៃការតាំងពិព័រណ៍គឺការបង្ហាញពីព្រះហឫទ័យរបស់ព្រះបាទស៊ីសុវត្ថិ និងឥទ្ធិពលដ៏ជ្រាលជ្រៅរបស់ព្រះអង្គនៅប្រទេសបារាំង។ ចំណុចពិសេសមួយទៀតគឺការនាំយករបាំព្រះរាជទ្រព្យទៅក្រៅប្រទេសកម្ពុជា ដែលបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែបរវាងកម្ពុជា និងបារាំង។
ការតាំងពិព័រណ៍នេះក៏បង្ហាញពីភាពខុសគ្នា និងព្រះរាជកិច្ចបន្តគ្នារវាងព្រះបាទស៊ីសុវត្ថិ និងអតីតព្រះមហាក្សត្រនរោត្តម ដែលឆ្លុះបញ្ចាំងពីការវិវឌ្ឍនៃរបបរា ជានិយមរបស់កម្ពុជា។ សសរសារមន្ទីរព្រះស្រីឦសានវរ្ម័នដែលល្បីល្បាញជាសាលវិចិត្រតាំងពិព័រណ៍អន្ដរកម្មរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាឌីជីថលជាមួយវត្ថុបុរាណ ផ្តល់នូវបទពិសោធន៍អប់រំពិសេសមួយដែលផ្សារភ្ជាប់អតីតកាល និងបច្ចុប្បន្នកាល។
ការបោះពុម្ពសៀវភៅកាតាឡុកនេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយក្នុងការបង្ហាញរឿងរ៉ាវប្រវត្តិសាស្ត្រហួសពីជញ្ជាំងសារមន្ទីរ។
កាតាឡុកតម្លៃ ១០ ម៉ឺនរៀលអាចរកទិញបាននៅ សសរសារមន្ទីរព្រះស្រីឦសានវរ្ម័ន។ វាតំណាងឱ្យធនធានដែលមិនអាចកាត់ថ្លៃបានសម្រាប់អ្នកប្រវត្តិសាស្ត្រ បញ្ញវន្ត និងអ្នកដែលចាប់អារម្មណ៍លើរូបភាពដ៏សម្បូរបែបនៃប្រវត្តិសាស្ត្រកម្ពុជា និងទំនាក់ទំនងជាមួយពិភពលោកដ៏ធំទូលាយ។
ក្រោយការតាំងពិព័រណ៍បានបញ្ចប់កាលពីថ្ងៃទី ៣១ ខែកក្កដា សៀវភៅកាតាឡុកនេះក្លាយជាសក្ខីភាពដ៏យូរអង្វែងមួយចំពោះកេរដំណែលព្រះរាជដំណើររបស់ព្រះបាទស៊ីសុវត្ថិ និងស្ពានវប្បធម៌ រវាងប្រទេសកម្ពុជា និងបារាំង។
សៀវភៅកាតាឡុកនេះមិនមែនគ្រាន់តែជាបណ្តុំរូបភាព និងអត្ថបទប៉ុណ្ណោះទេ វាជាច្រកទ្វារទៅកាន់ពេលវេលាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ដែលផ្តល់ឱកាសឱ្យអ្នកអានបានជ្រួតជ្រាបពីព្រះរាជដំណើររបស់ព្រះបាទស៊ីសុវត្ថិ និងការផ្លាស់ប្ដូរនយោបាយ និងវប្បធម៌យ៉ាងជ្រាលជ្រៅ ដែលវាពាក់ព័ន្ធរវាងកម្ពុជា និងបារាំងក្នុងឆ្នាំ ១៩០៦៕