កណ្តាលៈ ក្នុងពេលចុះពិនិត្យមើលទិន្នផលត្រីប្រហុកនៅកំពង់ដ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលនាព្រឹកថ្ងៃទី ១៩ ខែធ្នូ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប៉ាន់ប្រមាណថា ផលត្រីឆ្នាំនេះអាចមានការកើនឡើងប្រមាណ ៥% ដោយសារមានការបង្ក្រាបបទល្មើសនេសាទ ដោយម៉ឺងម៉ាត់ ខណៈបច្ចុប្បន្នក្រសួងបានអនុញ្ញាតឱ្យមានការកែច្នៃប្រហុកជាច្រើនប្រភេទ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមការពិនិត្យជាក់ស្តែងត្រីដែលមានជាប់នៅក្នុងដាយ ភាគច្រើនជាប្រភេទត្រីស្លឹកឫស្សីប្រមាណ ៧០ ភាគរយ ត្រីឈ្វាត ១០ភាគរយ និងត្រីចម្រុះ ២០ ភាគរយ។ ក្នុងនោះក៏មានត្រីកម្រដូចជាប្រភេទត្រីរាជជាដើមត្រូវបានដោះលែងទៅវិញ។
លោកបន្ថែមថា ចំពោះស្តង់ដា នៃការកែច្នៃប្រហុកបច្ចុប្បន្នក្រសួងអនុញ្ញាតឱ្យមានការកែច្នៃច្រើនប្រភេទ ដែលមានទាំងប្រហុកធម្មតា រហូតដល់ប្រភេទប្រហុកស្ងួត ដែលគេអាចធ្វើតាមបច្ចេកទេសចាស់ ប៉ុន្តែបន្ថែមបច្ចេកទេសថ្មីមួយចំនួនដើម្បីធ្វើឱ្យរសជាតិអាចទទួលយកបានជាលក្ខណៈអន្តរជាតិ។ ចំពោះស្តង់ដាប្រហុកនេះដែរ កាលពីឆ្នាំមុនក្រសួងកសិកម្ម ក៏បានសាកល្បងឱ្យមានការប្រឡងប្រជែងកែច្នៃប្រហុកឆ្ងាញ់ ដោយសហការជាមួយក្រុមហ៊ុន Conferel។
លោក ឌិត ទីណា ថ្លែងថា៖ «ការកែច្នៃប្រហុកនេះមើលទៅជាប់ទៅជាកីឡាមួយសម្រាប់ក្រុមហ៊ុនក្នុងការកែច្នៃហើយ ឆ្នាំថ្មីនេះក៏នឹងមានការប្រឡងប្រណាំងការកែច្នៃប្រហុកនេះមួយសាទៀត»។
លោករដ្ឋមន្ត្រីលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនមកពីតាមបណ្តាខេត្តផ្សេងៗ ដើម្បីរកទិញត្រីធ្វើប្រហុកតាមប្រពៃណីរក្សាទុកសម្រាប់បរិភោគជាលក្ខណៈគ្រួសារ ប៉ុន្តែដោយឡែកក៏មានសហគ្រាសធុនតូច និងមធ្យមមួយចំនួន ដែលបានសហការជាមួយរដ្ឋបាលជលផល ក្នុងការរៀបចំកែច្នៃ ដែលអ្នកទាំងនោះសុទ្ធតែដឹងពីស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារ បានចាប់ផ្តើមស្នើសុំស្លាកសញ្ញាសម្គាល់ សុវត្ថិភាពម្ហូបអាហារ ដើម្បីធានាគុណភាពសម្រាប់ការនាំចេញផងដែរ។
លោកថ្លែងថា៖ «យើងមិនលក់ប្រហុកដូចមុនទៀតទេ ភាគច្រើនប្រហុកមានការវេចខ្ចប់ល្អ ដាក់ក្នុងក្រឡដែលមានស្លាកសញ្ញា [សុវត្ថិភាពចំណីអាហារ] មានការថែរក្សាទុកបានល្អ ដែល ១ ឆ្នាំ ទៅ ១ ឆ្នាំកាន់តែមានភាពល្អប្រសើរឡើង»។
កញ្ញា ជា ចន្នី អាយុ ៣៥ ឆ្នាំ មកពីខេត្តស្វាយរៀង ជាអ្នករកទិញត្រីសម្រាប់ធ្វើប្រហុក និយាយថា ជារៀងរាល់ឆ្នាំកញ្ញាតែងមករកទិញត្រីដើម្បីធ្វើប្រហុកសម្រាប់លក់ក្នុងស្រុក។ ឆ្នាំមុនកញ្ញាទិញបានត្រីធ្វើប្រហុកជាង ១០០ តោន ដោយឡែកឆ្នាំនេះ កញ្ញា នៅមិនទាន់ដឹងថា អាចទិញបានប៉ុន្មានទេ ដោយសារត្រីទើបតែចាប់ផ្តើមត្រូវបាន ២ ថ្ងៃ។ ចំពោះស្តង់ដាផលិតត្រីប្រហុកនេះកញ្ញាប្រាប់ថា ជាមុខរបរចេះតពីដូនតាច្រើនឆ្នាំមកហើយ។
កញ្ញាចន្នីឱ្យដឹងថា ប្រហុកដែលផលិតបាន គឺសម្រាប់នាំទៅលក់នៅខេត្តរតនគិរី ក្រចេះ សៀមរាប ដែលជាខេត្តដែលមានអ្នកទិញច្រើនជាងគេ ដោយឡែកនៅរាជធានីភ្នំពេញ ក៏មានអ្នកទិញដែរ ប៉ុន្តែមិនច្រើនទេ។
កញ្ញាបន្ថែមថា ត្រីប្រហុកដែលកំពុងប្រមូលទិញនៅថ្ងៃទី ១៩ ខែធ្នូនេះ នៅដាយត្រីលេខ ១៥ គឺតម្លៃជាង ១ពាន់រៀល ក្នុង ១ គីឡូក្រាម។ យ៉ាងណាក៏ដោយ អ្នកទិញត្រីធ្វើប្រហុកមកពីខេត្តស្វាយរៀងរូបនេះក៏បានឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០២៣ នេះ ដំណើរការលក់ប្រហុក មានការថយចុះ។ ការលក់មិនសូវដាច់ដូចមុន នេះអាចបណ្តាលមកពីបញ្ហាហិរញ្ញវត្ថុ កើតឡើងដោយសារតែបញ្ហាវិបត្តិជំងឺកូវីដ ១៩។
កញ្ញាបញ្ជាក់ថា៖ «យើងធ្លាប់តែថា ដល់ពេលចុងឆ្នាំដល់ខ្នើតអ៊ីចឹង យើងលក់ចេញអស់ហើយ ដល់ពេលឥឡូវ ប្រហុកខ្ញុំជាង ១០០ តោន នៅសល់ជាង ៣០ តោនដែរ»។
លោក ស៊ឺ ម៉ៅ អាយុ ៣៩ ឆ្នាំ ជាអ្នកគ្រប់គ្រងដាយត្រីលេខ ១៥ ឱ្យដឹងថា តាមការសង្កេតជាក់ស្តែងត្រីចាប់ផ្តើមមានបណ្តើរៗពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ រហូតមកដល់ថ្ងៃទី ១៩ ខែធ្នូនេះ ត្រីចាប់ផ្តើមកើនឡើង ពោលគឺត្រឹមថ្ងៃទី ១៨ ត្រីលើកម្តងបានជាង ២០០ គីឡូក្រាម ប៉ុន្តែថ្ងៃទី ១៩ លើកម្តងបានដល់ទៅជាង ៥០០គីឡូក្រាម។
លោកបញ្ជាក់ថា នៅមិនទាន់មានអ្នកទិញត្រីប្រហុកមកច្រើននៅឡើយទេ ដោយសារត្រីត្រូវដំបូងភាគច្រើនជាត្រីស្លឹកឫស្សី គេមិនសូវយកទៅធ្វើជាត្រីប្រហុក រីឯត្រីប្រហុកចំតួ គឺអ្នកទិញត្រូវការត្រីរៀល ដែលអាចត្រូវច្រើននៅថ្ងៃទី ២២ និង ២៣ ខែធ្នូ៕