ភ្នំពេញៈ គណៈកម្មាធិការជាតិ និងមជ្ឈមណ្ឌលជាតិបានរៀបចំពិធីទទួល និងបំពាក់មេដាយជូនកងកម្លាំងមួកខៀវកម្ពុជាដែលបានបញ្ចប់បេសកកម្មដោយជោគជ័យមកពីសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង ក្នុងបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ ខណៈកម្ពុជាប្តេជ្ញាបន្តផ្តល់ការហ្វឹកហ្វឺនដល់កងកម្លាំងជំនាន់ក្រោយឱ្យបន្តទទួលបានជោគជ័យនៅលើឆាកអន្តរជាតិ។
ពិធីទទួល និងបំពាក់មេដាយនេះបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ ដោយមានការចូលរួមជាអធិបតីពីឧបនាយករដ្ឋមន្ត្រី លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ចូសិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក សែម សុវណ្ណនី អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមទាំងមន្ត្រីកម្ពុជាជាច្រើនរូបផងដែរ។
យោងតាមរបាយការណ៍របស់ លោក សែម សុវណ្ណនី បានឱ្យដឹងថា ការធ្វើមាតុភូមិនិវត្តន៍របស់កងកម្លាំងមួកខៀវកម្ពុជានាពេលនេះមានចំនួន ៣ កង រួមមាន កងកម្ទេចគ្រឿងផ្ទុះចំនួន ១៤៤ នាក់, កងវិស្វកម្មព្រលានយន្តហោះចំនួន ១២៩ នាក់ និងកងរាជអាវុធហត្ថចំនួន ៧៣ នាក់ ដោយបានអនុវត្តភារកិច្ចប្រកបដោយផ្លែផ្កា ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។
បេសកកម្មនៅសាធារណរដ្ឋម៉ាលី កម្លាំងកម្ពុជាបានប្រឈមនឹងបញ្ហាស្មុគស្មាញ ជាលក្ខណៈប្រពៃណីផង និងមិនប្រពៃណីផង បង្កឡើងដោយតួអង្គរដ្ឋ និងមិនមែនរដ្ឋ ក៏ប៉ុន្តែកងកម្លាំងមួកខៀវកម្ពុជា តែងតែស្វាហាប់ មិនរាថយ ក្នុងការបំពេញតួនាទីភារកិច្ចឡើយ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជូនជាតិ។
ចំណែកនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ក៏មានភាពស្មុគស្មាញដូចគ្នា ដោយសារតែជម្លោះកុលសម្ព័ន្ធ រួមនឹងការដណ្តើមកាន់កាប់តំបន់យុទ្ធសាស្ត្រធំៗមួយចំនួនបង្ករាំងស្ទះដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព បង្អាក់ដំណើរការរក្សាសន្តិភាព និងការផ្តល់ជំនួយមនុស្សធម៌ជាដើម។ រីឯបុគ្គលិករបស់អង្គការសហប្រជាជាតិ ទាំងយោធា និងស៊ីវិលចំនួន ១១១ នាក់ ក៏បានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាពក្នុងប្រទេសនេះផងដែរ។
យ៉ាងណាមិញ លោក សែម សុវណ្ណនី បញ្ជាក់ថា៖ «កម្ពុជាប្តេជ្ញាបន្តផ្តល់ការហ្វឹកហ្វឺន ដល់កងកម្លាំងជំនាន់ក្រោយ ឱ្យបន្តទទួលបានជោគជ័យដោយផ្អែកលើបទពិសោធន៍ និងមេរៀនល្អៗដែលបានដកស្រង់ផ្ទាល់ពីតំបន់ បេសកកម្ម ព្រមជាមួយនឹងទ្រឹស្ដីមេរៀន ដែលត្រូវបានកែលម្អ ពីអង្គការសហប្រជាជាតិ ដើម្បីស្របទៅនឹងលក្ខណៈទីតាំងភូមិសាស្ត្រ ជាក់ស្តែងក្នុងតំបន់ប្រតិបត្តិការ»។
លោករំលេចដែរថា កងកម្លាំងរបស់កម្ពុជាតែងតែបានចែករំលែកជំនាញ និងបទពិសោធន៍ល្អៗជាមួយបណ្តាប្រទេស ដែលរងគ្រោះដោយជម្លោះ និងអស្ថិរភាព ដើម្បីរួមគ្នារកដំណោះស្រាយក្នុងការស្ដារឡើងវិញនូវសន្តិសុខ និងសន្តិភាពក្នុងតំបន់បេសកកម្ម។
យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពលោក Joseph Scheuer បានថ្លែងនាឱកាសនោះដោយបានស្ញប់ស្ញែងចំពោះការលះបង់របស់កងកម្លាំងមួកខៀវកម្ពុជាក្នុងការកសាងសន្តិភាព សន្តិសុខ និងមិត្តភាព។
វត្តមានរបស់លោក Joseph នាពេលនេះ មិនត្រឹមតែស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់កងកម្លាំងនោះទេ ប៉ុន្តែក៏បានបញ្ជាក់ពីការស្វាគមន៍កងកម្លាំងទាំងអស់ជាគ្រួសាររបស់អង្គការសហប្រជាជាតិ។ កងកម្លាំងទាំងអស់ បានពាក់មួកខៀវដ៏ល្បីល្បាញ បំពាក់និមិត្តសញ្ញាអង្គការសហប្រជាជាតិនៅលើឯកសណ្ឋាន និងចូលរួមអនុវត្តភារកិច្ចក្រោមទង់អង្គការសហប្រជាជាតិ។
ជាមួយគ្នានោះដែរលោក ទៀ សីហា បានថ្លែងថា ការនិវត្តន៍របស់កម្លាំងរក្សាសន្តិភាពនេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកងយោធពលខេមរភូមិន្ទសម្រេចបានលើវិស័យរក្សាសន្តិភាព។
លោកបញ្ជាក់ថា៖ «សមិទ្ធផលនេះបានបង្ហាញពីឆន្ទៈ ការគោរពវិន័យម៉ឺងម៉ាត់ សមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់កងទ័ពមួកខៀវកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ ជាសក្តានុពលដ៏ខ្លាំងក្លារបស់កងយោធពលខេមរភូមិន្ទ»។
បន្ថែមពីនេះ លោក ទៀ សីហា បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ដែលបានលះបង់កូនចៅ និងសាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឱ្យចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ដ៏ថ្លៃថ្លានេះ៕