ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានជាថ្មីចំពោះមន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធដែលតេស្តរកឃើញសារធាតុញៀនក្នុងខ្លួន ឬជាប់ពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវប្រឈមការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។
នៅឯពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៨ ខែធ្នូ លោក ស សុខា បានថ្លែងថា៖ «ខ្ញុំសូមប្រកាសតែម្តង គ្រប់មន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចំពោះមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យតែធ្វើតេស្តរកឃើញសារធាតុញៀន មិនអនុញ្ញាតឱ្យនៅក្នុងក្របខ័ណ្ឌនគរបាលទៀតទេ»។
លោកបានលើកឡើងថា វិធានការបោសសម្អាតគ្រឿងញៀននេះដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយឱ្យចៀសឆ្ងាយពីគ្រឿងញៀន ដែលស្របទៅនឹងអាទិភាពការងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដាក់ចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកិច្ចការបោសសម្អាតគ្រឿងញៀនឱ្យខាងតែបានពោលគឺធ្វើយ៉ាងណាឱ្យឈានដល់ការកាត់បន្ថយ និងលុបបំបាត់ទៅថ្ងៃក្រោយ។
លោក ស សុខា បានបញ្ជាក់ថា៖ «យើងចង់បង្ហាញដល់យុវជនជំនាន់ក្រោយ ហើយបើយើងអត់យកពេលវេលានេះដើម្បីសម្អាតផ្ទះ (គ្រឿងញៀន) យើងទេ ដូចសម្តេចមហាបវរ (ហ៊ុន ម៉ាណែត) បានលើកឡើង យើងអត់មានពេលសម្អាតទៀតទេ»។
លោកបានបន្តថា៖ «ចំពោះមន្ត្រីស៊ីវិលយើងមិនទាន់មានការណែនាំណារួមទេ ប៉ុន្តែគ្រាន់តែសូមផ្តាំផ្ញើ បើអ្នកពាក់ព័ន្ធសូមដើរចេញឱ្យឆ្ងាយ ហើយមន្ត្រីកំពុង ឬក៏មានសារធាតុញៀនក្នុងខ្លួនសូមមេត្តាសិក្សាតាមស្វ័យសិក្សាខ្លួនឯងក្នុងការផ្តាច់ឱ្យបានលឿនបំផុត ព្រោះប្រវត្តិសាស្ត្រយើងឃើញហើយ អ្នករកស៊ីគ្រឿងញៀននេះមិនទាន់មាននរណាមានកប់ពពក ហើយរស់នៅសុខ ១ ជីវិតទេ»។
ពាក់ព័ន្ធគ្រឿងញៀននេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពតបានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនថា អនុវត្តវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ និងអនុសាសន៍ណែនាំ កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់និងចែកចាយគ្រឿងញៀន និងធ្វើជាគំរូល្អសម្រាប់ពលរដ្ឋ។
ប្រភពដដែលបានបញ្ជាក់ថា៖ «ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពតនឹងគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតដែលបានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ»។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានបន្ថែមទៀតថា ការបណ្តេញចេញនេះជាសារព្រមានដល់កងកម្លាំងទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តកំពតដាច់ខាតមិនត្រូវពាក់ព័ន្ធគ្រឿងញៀន។
ជុំវិញគ្រឿងញៀននេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានថ្លែងដែរថា បញ្ហាគ្រឿងញៀនត្រូវផ្តើមចេញពីបុគ្គលនីមួយៗ ពោលគឺនៅឱ្យឆ្ងាយពីគ្រឿងញៀនទាំងមន្ត្រីអនុវត្តន៍ច្បាប់ក៏ដូចជាពលរដ្ឋខ្លួនឯង។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើកងកម្លាំងទាំងអស់ស្ថិតនៅឆ្ងាយពីគ្រឿងញៀន គឺជាការចាប់ផ្តើមមួយក្នុងការទប់ស្កាត់ ហើយវាជាគុណតម្លៃនៃកងកម្លាំងគ្រប់ប្រភេទប្រសិនបើនៅឆ្ងាយពីគ្រឿងញៀន។ដូច្នេះរាល់ការដាក់វិធានការទាំងអស់គឺជារឿងមួយដើម្បីចូលរួមទប់ស្កាត់គ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញសង្គមជាតិ និងធនធានមនុស្ស»។
សូមរំឭកដែរថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្លាប់បានក្រើនរំឭកជាថ្មីដល់មន្ដ្រីទាំងអស់របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបង្កើនការសិក្សា ស្រាវជ្រាវ ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងដឹកនាំអនុវត្តការងារផ្សព្វផ្សាយ និងអនុវត្តន៍ច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។
លោកបានប្រៀបប្រដូចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅកម្ពុជាទៅនឹងការប្រយុទ្ធក្នុងសមរភូមិសង្គ្រាមយ៉ាងដូច្នេះដែរ ហើយលោកបានផ្ដល់អាទិភាពខ្ពស់លើការងារផ្សព្វផ្សាយអប់រំទៅគ្រប់មជ្ឈដ្ឋាន ដែលជាចំណែកមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក នេត សាវឿន បានអះអាងថា៖ «ការផ្សព្វផ្សាយ អប់រំឱ្យប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងល្បិចកលរបស់ក្រុមឧក្រិដ្ឋជន គឺជាការងារដ៏សំខាន់ចាំបាច់បំផុតក្នុងនោះ គឺត្រូវធ្វើការកែទម្រង់យន្ដការផ្សព្វផ្សាយ អប់រំមួយចំនួន ដែលមិនទាន់មានប្រសិទ្ធភាពខ្ពស់ ដោយត្រូវប្រើប្រាស់នូវយន្ដការថ្មីៗធ្វើបែបណាឱ្យមហាជនទូទៅឆាប់ចាប់អារម្មណ៍ទទួលយកបាន ជាពិសេសក្នុងចង្កោមយុវជនដែលជាមុខសញ្ញាងាយរងគ្រោះថ្នាក់»។
សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃកាលពីខែកញ្ញា ឆ្នាំ ២០២៣ បានចេញសេចក្តីណែនាំមួយដោយដាក់ចេញវិធានការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនដើម្បីរឹតបន្តឹងការធ្វើចរាចរណ៍គ្រឿងញៀននៅក្នុងពន្ធនាគារ៕