ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងត្រូវការដៃគូណា ដែលអាចផ្តល់កម្ចី ដែលមានអត្រាការប្រាក់ទាប ជួយដល់សហគមន៍កសិកម្មអាចវិនិយោគឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។
លោករដ្ឋមន្ត្រីថ្លែងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Jingyuan Xia ទីប្រឹក្សាពិសេសរបស់អគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ប្រចាំទីស្នាក់ការកណ្តាលទីក្រុងរ៉ូម កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ នាទីស្តីការក្រសួងកសិកម្ម។
ក្នុងជំនួបនេះ លោក ឌិត ទីណា បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការការពារ និងគ្រប់គ្រងកត្តាចង្រៃលើផលិតផលកសិកម្ម និងការផ្សព្វផ្សាយការងារភូតគាមអនាម័យ (SPS)។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីគោលនយោបាយកសិកម្មក្នុងការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដែលទើបរៀបចំការប្រឡងជ្រើសរើសជំហានដំបូងឆ្នាំ ២០២៣ ចំនួន ២៥០ នាក់ ដើម្បីជួយកសិករលើបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងផលិតកម្ម និងខ្សែច្រវាក់តម្លៃ ដើម្បីឱ្យចំណាយថ្លៃដើមទាប ទទួលតម្លៃបន្ថែមខ្ពស់ និងចំណេញច្រើន។
លោក ឌិត ទីណា បានបញ្ជាក់ថា៖ «ក្រសួងត្រូវការដៃគូណា ដែលអាចផ្តល់កម្ចី ដែលមានអត្រាការប្រាក់ទាប ជួយដល់សហគមន៍កសិកម្មអាចវិនិយោគឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ លើមុខដំណាំសំខាន់ៗ ដូចជាអង្ករ ស្វាយចន្ទី និងបន្លែ ព្រមទាំងផលិតផលមានសក្តានុពលដទៃទៀត»។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានថ្លែងនៅថ្ងៃទី ១៩ ខែធ្នូថា កម្ចីការប្រាក់ទាប ពិតមានសារៈសំខាន់ណាស់ សម្រាប់កសិករ និងសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ព្រោះថា កន្លងទៅគ្រាប់ស្វាយចន្ទីស្រស់ដែលហូរចេញទៅវៀតណាម ប្រមាណ ៩០ ភាគរយនេះ គឺដោយសារតែវិនិយោគិនក្នុងស្រុកគ្មានទុនសម្រាប់ប្រមូលទិញស្តុកទុកសម្រាប់ការកែច្នៃ។
លោកថា សមាគមទើបតែបានចុះអនុស្សរណៈជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម ដែលកិច្ចព្រមព្រៀងនេះ បានផ្តល់ឱ្យសមាជិករបស់សមាគមនូវដើមទុន ដែលជាកម្ចីមានអត្រាការប្រាក់ទាប ពោលគឺពីអត្រាការប្រាក់ធម្មតា ៩ ទៅ ១២ ភាគរយមកនៅត្រឹម ៥,៥ ភាគរយក្នុង ១ ឆ្នាំ។
លោកបញ្ជាក់ថា៖ «ការផ្តល់កម្ចីអនុគ្រោះនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិនិយោគិន នៅក្នុងវិស័យស្វាយចន្ទី ប្រើប្រាស់សម្រាប់ទិញស្វាយចន្ទីស្តុកទុក កែច្នៃ និងនាំចេញ ព្រោះសមាគមស្វាយចន្ទីមានសមាជិក ទាំងជាកសិករ និងជាសហគ្រិន។ ដូច្នេះនៅពេលមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល ជាពិសេសក្នុងការអន្តរាគមន៍លើការស្វែងរកដៃគូដែលអាចផ្តល់កម្ចីក្នុងអត្រាការប្រាក់កាន់តែទាប ខ្ញុំយល់យើងនឹងអាចសម្រេចបានគោលដៅរបស់យើង ក្នុងការអភិវឌ្ឍដំណាំស្វាយចន្ទី»។
លោក ប៉ាត សាវឿន ប្រធានសហគមន៍ឃុំអូរសារាយ នៅខេត្តតាកែវ បានប្រាប់ឱ្យដឹងដែរថា កន្លងទៅសហគមន៍ តែងតែទៅស្នើសុំកម្ចីពីធនាគារពាណិជ្ជ ដែលមានអត្រាការប្រាក់ខ្ពស់ និងមិនអាចបំពេញលក្ខខណ្ឌទាំងនេះបាន។កង្វះទុន គឺជាបញ្ហាដ៏សំខាន់មួយ សម្រាប់សហគមន៍ ជាពិសេសនៅពេលរដូវប្រមូលផលម្តងៗ ដោយសមាជិករបស់សមាគមត្រូវការលុយបង្វិលភ្លាមៗ ទូទាត់ការចំណាយថ្លៃដើមរបស់គាត់៕