មណ្ឌលគិរីៈ កុមារចុះឈ្មោះចូលរៀននៅតាមសាលាបឋមសិក្សាមួយចំនួននៅតំបន់ដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ មានការកើនឡើង ខណៈនៅតំបន់ខ្លះនៅមិនទាន់មានគ្រូបង្រៀនគ្រប់ចំនួននៅឡើយ។
ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាភូមិមួយនៅដាច់ស្រយាលឆ្ងាយពីទីរួមស្រុកពេជ្រាដាត្រូវបានលោកស្រី ម៉ន ចាន់ធី មេឃុំក្រង់តេះ ប្រាប់ថា ប្រជាពលរដ្ឋនៅក្នុងឃុំនេះប្រហែល ៩០ ភាគរយ ជាជនជាតិដើមភាគតិចព្នងហើយរបររបស់ពួកគាត់ធ្វើស្រែចម្ការ។
ចំណែកកូនតូចៗរបស់ពួកគាត់ មិនសូវបានចូលសាលារៀនទេ ព្រោះគាត់យកទៅធ្វើចម្ការជាមួយ។ ប៉ុន្តែនៅឆ្នាំនេះឃើញថា កំណើននៃការចុះឈ្មោះចូលរៀនមានការកើនជាងឆ្នាំមុន ព្រោះបច្ចុប្បន្នសាលារៀនមាននៅក្នុងតំបន់ដែលពួកគាត់រស់នៅដែរហើយ។
លោកស្រីថ្លែងថា៖ «ក្មេងៗមិនសូវបានចូលរៀន មកពីកត្តាឪពុកម្តាយយកទៅតាមខ្លួនពេលគាត់ទៅធ្វើចម្ការ និងទៅចៀរជ័រកៅស៊ូឱ្យគេ។ បើខ្ញុំដឹងតាមរយៈលោកស្រីនាយកសាលា នៅក្នុងឃុំក្រង់តេះប្រាប់ថា សិស្សតូចៗចុះឈ្មោះចូលរៀនមានកំណើនច្រើនជាងមុនពិសេសកូនបងប្អូនជនជាតិដើមភាគតិច»។
លោកស្រី ចាន់ ដែន នាយិកាសាលាបឋមសិក្សាពូរ៉ាប៉េតស្ថិតក្នុងឃុំក្រង់តេះប្រាប់ថា ដោយសារក្រសួងអប់រំ តាមរយៈមន្ទីរអប់រំខេត្តមណ្ឌលគិរី បានពង្រីកសាលាបឋមសិក្សាដល់ក្នុងមូលដ្ឋានបានធ្វើឱ្យមានកំណើននៃការចុះឈ្មោះចូលរៀនមានច្រើនជាងមុន។
លោកស្រីបន្តថា កាលពីឆ្នាំមុនៗក្មេងៗជាកូនអ្នកភូមិមិនសូវត្រូវបានឪពុកម្តាយនាំមកចុះឈ្មោះចូលរៀនច្រើនទេ។ «ប៉ុន្តែពេលនេះពួកគាត់បាននាំកូនមកចុះឈ្មោះចូលរៀនបានច្រើនដែរហើយ ដោយសារមានសាលានៅក្នុងភូមិហើយម្យ៉ាងទៀតពួកគាត់ក៏បានយល់ដឹងពីសារៈសំខាន់នៃការសិក្សាដែរ»។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរីឱ្យដឹងថា នៅខេត្តមណ្ឌលគិរីមានសាលាវិទ្យាល័យចំនួន ៦ នៅតាមស្រុក និងទីរួមខេត្ត និងមានអនុវិទ្យាល័យចំនួន ៨ រីឯសាលាបឋមសិក្សាមានចំនួន ៨៨ សាលា ហើយសាលាបឋមសិក្សាត្រូវបានពង្រីកដល់តំបន់ដាច់ស្រយាលដែរ។
ហេតុដូច្នេះប្រជាពលរដ្ឋងាយស្រួលក្នុងការយកកូនចូលរៀនតែមានផលលំបាកខ្លះដែរនៅតំបន់ឆ្ងាយៗដាច់ស្រយាលដែលមានប្រជាជនរស់នៅតិចដូចនេះក៏មានចំនួនសិស្សតិចដែរ។ តែនៅពេលពួកគាត់ត្រូវឡើងថ្នាក់ទី៧ គឺត្រូវមករៀននៅអនុវិទ្យាល័យ និងវិទ្យាល័យ ហើយបើផ្ទះសិស្សនៅតំបន់ឆ្ងាយត្រូវស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន គឺខាងមន្ទីរអប់រំមានកន្លែងឱ្យពួកគាត់ស្នាក់នៅសមរម្យ តែបើកូនគេអ្នកមានលទ្ធភាពធូរធារក៏ជួលផ្ទះស្នាក់នៅដោយឡែកទៅ។
ចំពោះគ្រូបង្រៀនវិញក៏នៅខ្វះខ្លះដែរ ដូចនេះមន្ទីរអប់រំខេត្តមណ្ឌលគិរី ក៏នៅតែត្រូវការគ្រូបង្រៀនជាប់កិច្ចសន្យាដែរដើម្បីជួយបង្រៀនទាំងនៅតាមសាលានៅទីប្រជុំជន និងនៅតាមតំបន់ឆ្ងាយៗ។
លោកប្រាប់ថា៖ «ចំពោះគ្រូគឺយើងនៅខ្វះមួយចំនួនដែរសម្រាប់គ្រូបឋម គ្រូមតេ្តយ្យ និងគ្រូនៅវិទ្យាល័យ ហើយការប្រើប្រាស់គ្រូជាប់កិច្ចសន្យាសម្រាប់នៅសាលាបឋមសិក្សា»។
បើតាមលោក ទឹម សង្វាត សម្រាប់ឆ្នាំថ្មី ២០២៤ លោកមិនទាន់ដឹងថា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្តល់គ្រូជាប់កិច្ចសន្យាមកខេត្តមណ្ឌលគិរីប៉ុន្មាននាក់នៅឡើយទេ តែឆ្នាំនេះមន្ទីរអប់រំខេត្តបានប្រើប្រាស់គ្រូជាប់កិច្ចសន្យាជាង ៣០ នាក់។ ដោយឡែកការប្រឡងថ្នាក់ទី១២ ឆ្នាំនេះ បើទោះជាសិស្សក្នុងខេត្តមណ្ឌលគិរីមិនបានជាប់និទ្ទេស A ក្តី តែបាននិទ្ទេស B ចំនួន ៣៤ នាក់ដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះត្រូវបានលោកស្រីឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះការអប់រំនៅតាមតំបន់ដាច់ស្រយាល គឺក្រសួងតែងតែយកចិត្តទុកដាក់ដល់សិស្សានុសិស្ស និងផ្តល់គ្រូបង្រៀនគ្រប់គ្រាន់ តែជាបញ្ហាខ្វះសិស្សចូលរៀនទៅវិញ។
ប៉ុន្តែក្រសួងបានដោះស្រាយដោយរៀបចំជាថ្នាក់គួប ឧទាហរណ៍ថា សិស្សកម្រិតថ្នាក់ទី ១ មាន ២ នាក់ សិស្សថ្នាក់ទី ២ មាន ៣ ទៅ ៤ នាក់ ឬក៏សិស្សថ្នាក់ទី ៣ មាន ៥ នាក់យកមកបញ្ចូលគ្នាដើម្បីឱ្យពួកគាត់មានឱកាសបានចូលរៀនធម្មតា។
លោកស្រីបន្តថា ក្នុងនោះដែរ ក្រសួងបានយកចិត្តទុកដាក់ទៅលើក្មេងៗដែលជាកូនរបស់ជនជាតិដើមភាគតិចដែលមិនទាន់ចេះភាសាខ្មែរ គឺក្រសួងបានបើកថ្នាក់បង្រៀនភាសាកំណើតរបស់គាត់ពីថ្នាក់ទី១ ដល់ថ្នាក់ទី ៣ រយៈពេល ៣ ឆ្នាំ។
ក្នុងរយៈពេល ៣ ឆ្នាំនេះពួកគាត់ក៏បានចេះភាសា និងអក្សរខ្មែរច្បាស់ដែរ លុះចូលដល់ថ្នាក់ទី៤ ទើបឱ្យគាត់រៀនដូចក្មេងសិស្សសាលាដទៃទៀតដែរ។ បើតាមលោកស្រី វិច្ឆិកា សាលារៀនដែលដាក់ជាតំបន់ដាច់ស្រយាលឬក៏កំពុងជួបការលំបាកនោះបើក្រសួងសិក្សាទៅឃើញថា មានតម្រូវការជាក់ស្តែង នោះនឹងផ្តល់ជាអាហារដល់សិស្សានុសិស្សនៅតាមសាលារៀនដែរ។
រីឯលោកគ្រូ-អ្នកគ្រូដែលបង្រៀននៅទីនោះ ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តដោយឡែកលើសពីគ្រូនៅតាមសាលាផ្សេងៗដែលមកដល់បច្ចុប្បន្ននេះ ការកសាងសាលារៀនកម្រិតបឋមសិក្សាបានដល់តំបន់ដាច់ស្រយាលអស់ហើយ។ «ក្រសួងអប់រំបានបង្កើតវិទ្យាល័យ និងអនុវិទ្យាល័យទៅដល់ជិតផ្ទះរបស់ប្រជាជន។ ទន្ទឹមនឹងនេះក្រសួងមានរៀបចំជាអន្តេវាសិកដ្ឋាននៅតាមសាលារៀនដើម្បីឱ្យសិស្សានុសិស្សនៅឆ្ងាយក៏ដូចជាលោកគ្រូអ្នកគ្រូបានស្នាក់នៅដែរ»។
កញ្ញា សយ ពិសី ជាជនជាតិដើមភាគតិចព្រៅ រស់នៅភូមិ ៥ ឃុំឡាបានសៀក ស្រុកបានលុងខេត្តរតនគិរីបានឱ្យដឹងថា មានកូនៗរបស់ជនជាតិដើមភាគតិចភាគច្រើនបានរៀនទាំងភាសាដើមរបស់គាត់ និងភាសាខ្មែរ ដែលខុសពីមុនសាលានៅឆ្ងាយគាត់មិនសូវបានចូលរៀនទេ។ តែបច្ចុប្បន្នដោយសារសាលាបឋមសិក្សាពង្រីកដល់មូលដ្ឋានអ៊ីចឹងកូនៗរបស់ជនជាតិដើមភាគតិចបានចូលរៀនច្រើនជាងមុន។
កញ្ញា ពិសី ប្រាប់ថា៖ «ពួកគេបានចូលរៀនច្រើន ព្រោះសាលារៀននៅកៀកផ្ទះជាងមុន ហើយពួកគាត់ត្រូវបានបង្រៀនទាំងភាសាជនជាតិដើម និងភាសាខ្មែរ»។
សម្រាប់លោកស្រី ឃួន វិច្ឆិកា ថ្លែងថា ហេតុដូច្នេះហើយទើបក្រសួងត្រូវការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាបំពេញបន្ថែមកន្លែងដែលមានតម្រូវការ ដែលនេះ គឺជាដំណោះស្រាយមួយដើម្បីឱ្យកុមារមានគ្រូគ្រប់គ្រាន់។ គ្រូកិច្ចសន្យាភាគច្រើនគឺសម្រាប់កម្រិតបឋមសិក្សាហើយក្រសួងតែងតែតម្រូវឱ្យគាត់ធ្វើកិច្ចសន្យារៀងរាល់ ១ ឆ្នាំម្តងដើម្បីពង្រឹងគុណភាពរបស់គាត់។
ក្នុងនោះបើក្រសួងវាយតម្លៃទៅឃើញថា មិនអាចបំពេញការងារបានតាមលក្ខខណ្ឌកំណត់ក៏នឹងពុំអាចទទួលការបន្តកុងត្រាបានទៀតដែរ។ សម្រាប់ឆ្នាំ ២០២២ កន្លងទៅ មានគ្រូជាប់កិច្ចសន្យាចំនួន ១២ ៤១៨ នាក់ហើយនៅឆ្នាំ ២០២៣ មានចំនួន ១៣ ៤៣០ នាក់។
អ្នកគ្រូម្នាក់ដែលស្នើសុំមិនឱ្យបញ្ចេញឈ្មោះ បង្រៀននៅសាលាបឋមសិក្សាពីងពង់ ដែលជាតំបន់ដាច់ស្រយាលមួយនៃភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ថា អ្នកគ្រូរៀនចប់បរិញ្ញាបត្រនៅខែមិថុនាឆ្នាំ ២០២៣ ជំនាញគណនេយ្យហើយបានស្ម័គ្រចិត្តបម្រើការជាគ្រូជាប់កិច្ចសន្យាបាន ៣ ឆ្នាំហើយ និងកំពុងបង្រៀនសិស្សនៅសាលាបឋមសិក្សាពីងពង់។
អ្នកគ្រូពោលថា៖ «តាមពិតទៅខ្ញុំធ្វើការនៅធនាគារទេ តែដោយសារខ្ញុំស្រឡាញ់អាជីពជាគ្រូ ខ្ញុំក៏ឈប់ពីការងារសុខចិត្តធ្វើគ្រូជាប់កិច្ចសន្យាព្រោះតែស្រឡាញ់ក្មេងៗចង់ឱ្យពួកគាត់មានចំណេះ ព្រោះខ្ញុំឃើញគាត់រស់នៅតំបន់ដាច់ឆ្ងាយពីទីប្រជុំជនខ្លាំង»៕